គ្រូ​ស៊ីម៉ាក់ ​ថា​បឹង​កេត​គ្មាន​ចំណុច​ខ្សោយ ​តែ​មិន​ខ្លាច​នោះ​ទេ

លោក កែវ ណារិន ​គ្រូ​បង្គោល​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន (ស៊ីម៉ាក់) ​ទទួល​ស្គាល់​ថា​ ក្រុម​បឹង​កេត​អង្គរ​ជា​ក្រុម​ខ្លាំង ​គ្មាន​ចំណុច​ខ្វះ​ខាត​នោះ​ទេ ព្រោះ​ពួកគេ​មាន​កីឡាករ​ល្អ​ច្រើន ​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ កូន​ក្រុម​របស់​លោក​ក៏​តាំង​ចិត្ត​យក​ជ័យជម្នះ​៣​ពិន្ទុ​បន្ថែម​ដែរ។

 

គ្រូ​ស៊ីម៉ាក់ ​ថា​បឹង​កេត​គ្មាន​ចំណុច​ខ្សោយ ​តែ​មិន​ខ្លាច​នោះ​ទេ

 

នៅ​ថ្ងៃ​ស្អែក​នេះ វេលា​ម៉ោង​៦​ល្ងាច​ក្រុម​ស៊ី​ម៉ាក់​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បឹង​កេត​អង្គរ ​ក្នុង​សប្ដាហ៍​ទី​ ៣ ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2016 ​នៅ​កីឡដ្ឋាន​ជាតិ។ មុន​ជំនួប​នេះ​ដែរ ​លោក ​កែវ ណារិន ​គ្រូ​បង្ហាត់​ក្រុម​ស៊ីម៉ាក់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “បឹង​កេត​ជា​ក្រុម​មាន​ទម្រង់​ល្អ​ណាស់ ព្រោះ​កីឡាករ​គេ​ល្អ​ៗ​ច្រើន ខ្ញុំ​មើល​មិន​ឃើញ​ចំណុច​ខ្វះ​ខាត​ទេ។ តែ​បែប​នេះ​ក្ដី ​ក្រុម​ខ្ញុំ​ក៏​មិន​ខ្លាច​ដែរ កីឡាករ​ខ្ញុំ​មាន​ទឹក​ចិត្ត​ខ្ពស់​ក្នុង​ការ​លេង​រដូវ​កាល​នេះ។ ចាញ់​ឈ្នះ​មិន​សំខាន់ តែ​សំខាន់ ​ស៊ី​ម៉ាក់​មាន​ទឹក​ចិត្ត​លេង”។

 

ស៊ីម៉ាក់ ​២ ​ប្រកួត​ដើម​រដូវ​កាល​នេះ ​ចាញ់​មួយ ​ឈ្នះ​មួយ ដោយ​ចាញ់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៦-២ ​និង​ឈ្នះ​ក្រុម​វេស្ទើន​ដោយ​លទ្ធផល ៥-១ ។ ​ក្រុម​ដែល​មាន​កីឡាករ​បរទេស​៥​នាក់​មួយ​នេះ កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​បណ្ដោះអាសន្ន ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា៕

 

អត្ថបទ៖ មុន្នី រម្យ