មិត្ត​ប្រុស​ វ៉ាន់ នីឡា ប្រកាស​បែក​គ្នា​មុន​នេះ​​

ប៉ុន្មាន​នាទី​មុន​នេះ​ សង្សារ​របស់​ វ៉ា នីឡា មាន​ឈ្មោះ​ថា សិទ្ធិស័ក្ត អាយុ ២៦ ឆ្នាំ​បាន​បង្ហោះ​សារ​មួយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ថា​​ លោក​និង វ៉ា​ នីឡា បាន​បែក​គ្នា​ហើយ​ ៖ “ខ្ញុំ​​និង​ វ៉ា​នីឡា បាន​បែក​​ផ្លូវ​គ្នា​ហើយ​ សូម​បណ្ដា​សារ​ព័ត៌មាន​ទទួល​ជ្រាប​ផង​ចុះ​។ អរគុណ”។

 

មិត្ត​ប្រុស​  វ៉ាន់ នីឡា ប្រកាស​បែក​គ្នា​មុន​នេះ​​

 

 

(សារ​ដែល​ មិត្ត​ប្រុស​ វ៉ាន់ នីឡា ផុស​មុន​នេះ)

 

ការ​បង្ហោះ​សារ​ខ្លី​នោះ បន្ទាប់​ពី​​តារា​ចម្រៀង​ស្រី​របស់​ផលិត ភ្លេង​រីខត ទើប​បើក​ទម្លាយចំណង​ស្នេហ៍​របស់​នាង និង​បុរស​ខាង​លើ ត្រឹម​ប្រមាណ​កន្លះ​ខែ​ប៉ុណ្ណោះ។ ​ទោះ​យ៉ាង​ណា ជុំវិញ​ការ​សម្រេច​ចិត្ត​ដូច្នេះ លោក ស័ក្ដ មិន​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​មូលហេតុ​អ្វី​នោះ​ទេ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ ខាង​ក្រុម​ការងារ​ Sabay បាន​សាក​សួរ​ទៅ​កញ្ញា វ៉ា នីឡា មុន​នេះ​ ដោយ​នាង​ឆ្លើយ​យ៉ាង​ខ្លី ថា​ នាង​មិន​ដឹង​រឿង​នេះ​ទេ។  ” ខ្ញុំ​មិន​ដឹង​រឿង​នេះ​ទេ គ្រាន់​តែ​ពួក​ខ្ញុំ​ឈ្លោះ​គ្នា​តិច​តួច​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ គាត់​(សង្សារ)​បង្ហោះ​សារ​ថា​បែក​គ្នា​នោះ​ទេ”។ ​​​​

 

មិត្ត​ប្រុស​  វ៉ាន់ នីឡា ប្រកាស​បែក​គ្នា​មុន​នេះ​​

(វ៉ាន់ នីឡា និង​​មិត្ត​ប្រុស​បណ្តើ​រ​គ្នា​ទៅ​ពិធី​ភ្ជាប់​ពាក្យ​ លី ច័ន្ទ​សីហា ថ្មីៗ​នេះ​)

 

នៅ​ចាំ​បាន​ថា​កាល​ថ្ងៃ​ភ្ជាប់​ពាក្យ​ លី ច័ន្ទ​សីហា តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ ភ្លេង​រីខត បាន​បណ្ដើរ​សង្សារ​ដែល​មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ បួន​កន្លះ ដោយ​មិន​ខ្លាច​ពី​ការ​ប្រមាញ់​របស់​ អ្នក​សារ​ព័ត៌មាន។​​ មិន​តែ​ប៉ុណ្ណោះ​ វ៉ាន់ នី​ឡា ដែល​ត្រូវ​ជា​ប្អូន​បង្កើត​របស់​កវី សុខ ជំនោរ​ បាន​ប្រាប់​ Sabay ថា​ពេល​សង្សារ​រៀន​ចប់ ពួក​នាង​នឹង​រៀបចំ​ពិធី​មង្គលការ ហើយ​ពិធី​ភ្ជាប់​ពាក្យ ​គឺ​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ ព្រោះ​គ្រួសារ​ខាង​ប្រុស​ជំរុញ​ខ្លាំង។

 

រឿង​រ៉ាវ​យ៉ាង​ណា​បាន​ជា​ មិត្ត​ប្រុស​​នាង​ បង្ហោះ​សារបែកគ្នា​នៅ​លើ​បណ្តាញ​សង្គមនេះ ម្ចាស់​បទ​ “មនុស្ស​បង​ធុញ​វិល​វិញ​បាន​ទេ” សុំ​មិន​ទាន់​បក​ស្រាយ​អ្វីស៊ី​ជម្រៅ​​ទាក់​ទង​នឹង​សង្សារ​នាង​បាន​ផុស​មុន​នេះ​ទេ​ ព្រោះ​នាង​​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​នៅ​ឡើយ​៕


​​អត្ថបទ​៖ ថា​ ម៉ាលីដា