គ្រោង ចំណាយថវិកា ១០លានដុល្លារ សម្រាប់បម្រើ សកម្មភាពចរាចរណ៍ ៨ទីតាំង

ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) គ្រោងស្នើថវិកាជាតិ ពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ១០លានដុល្លារអាមេរិក សម្រាប់បម្រើដល់ផលប្រយោជន៍ សកម្មភាពចរាចរណ៍ចំនួន៨ទីតាំង។

យោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដកស្រងសម្តី ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បន្ទាប់ពីកិច្ចប្រជុំ ពិនិត្យសម្រេច លើផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ បានលើកយកបញ្ហាទិសដៅបន្ត ដោយពិភាក្សាគ្នា អំពីបញ្ហាថវិកាសកម្មភាពទាំង៨ ដែលគ្រោងនឹងស្នើសុំរាជរដ្ឋាភិបាល សម្រាប់សកម្មភាព ឆ្នាំ២០១៦នេះ ដែលគម្រោងនេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រោងជាង ១០លានដុល្លារ។

លោកបន្តថា “ប៉ុន្តែឥឡូវ កំពុងតែគិតថាថវិកានេះ ទី១. ថាតើមានចំណែកជួយពីខាងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលប៉ុន្មាន ហើយត្រូវស្នើសុំរដ្ឋប៉ុន្មាន, ទី២. ថាតើមុខចំណាយនេះ វាមានពាក់ព័ន្ធ និងការស្នើសុំរួចហើយ របស់តាមអង្គភាព ក្រសួងនានា នៅក្នុងថវិកាជាតិ ក្នុងឆ្នាំ២០១៦ ឬទេ ហើយត្រូវពិនិត្យឡើងវិញជាលម្អិតទៀត”។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា ផែនការសកម្មភាពនេះ វាពាក់ព័ន្ធសំខាន់ដល់ក្រសួងសាធារណការ ជាច្រើនដូចជា សុវត្ថិភាពយានយន្ត សុវត្ថិភាពផ្លូវថ្នល់ ការដាក់ស្លាក់សញ្ញាតាមផ្លូវ និងធ្វើផ្លូវសម្រាប់ថ្មើរជើង។ ក្នុងនោះក៏ពាក់ព័ន្ធជាមួយសកម្មភាព របស់ក្រសួងសុខាភិបាល ក្រសួងអប់រំ និងមួយចំណែកទៀត សម្រាប់នគរបាលអនុវត្តច្បាប់ពាក់ព័ន្ធ និងល្បឿន ត្រូវបន្ថែមឧបករណ៍ថែមទៀត ទៅផែនការរបស់ក្រសួងដែលមាន ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិនិត្យសម្រេច លើផែនការសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

គ្រោង ចំណាយថវិកា ១០លានដុល្លារ សម្រាប់បម្រើ សកម្មភាពចរាចរណ៍ ៨ទីតាំង