ព្រឹត្តការណ៍អង្គរ សង្ក្រាន្តឆ្នាំនេះ នឹងផ្តោតសំខាន់ លើការចូលរួម ក្នុងទឹកចិត្តជា មហាគ្រួសារខ្មែរ

ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរ សង្ក្រាន្តឆ្នាំថ្មី២០១៦ នឹងផ្តោតសំខាន់ ទៅលើការចូលរួម ក្នុងទឹកចិត្តជាមហា គ្រួសារខ្មែរ តាមរយៈការពូនផ្តុំគ្នាធ្វើនំត្រៀម បាយនិងនំផ្លែអាយដែលឲ្យឈ្មោះថាបង្អែមនៃក្តីស្រឡាញ់ ដើម្បីចែកជូនអ្នកចូលរួមទស្សននាពិសារ ខុសពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥កន្លងទៅ បំបែកឯតទគ្គកម្មពិភពលោកទៅលើនំអន្សមយក្ស និងការរាំម៉ាឌីហ្សុនជាក្រុម២០១៥នាក់។

នៅក្នុងសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការ នូវដំណើរការរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស ២៥៥៩-២៥៦០ គ.ស២០១៦ ក្រោមប្រធានបទ «ការចូលរួមអបអរសាទ រពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ» ដើម្បីត្រៀមខ្លួនចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាព្រឹកថ្ងៃទី៣ ខែមិនានេះ លោក សុខ សប្បាយ ណា ប្រធានក្រុមការងារប្រតិបត្តិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី២០១៦នេះ មានប្រសាសន៍ថា ការ ពូនផ្តុំគ្នាធ្វើនំនេះឆ្លុះបញ្ចាំងឲ្យឃើញពីទឹកចិត្តស្រឡាញ់គ្នា រួបរួមគ្នាក្នុងសន្តានចិត្តដ៏មហាសាល ដែល មិនអាចកាត់ថ្លៃបានរបស់ជនជាតិខ្មែរ ដែលមានប្រពៃណីរួបរួមគ្នា និងចេះយកអាសាគ្នា។

លោកបន្តថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ក៏នឹងរៀបចំសួនកុមារ និងជនពិការ ក៏ដូចជាការតុបតែង ភ្លើងចំរុះព័ណ៌ ដែលលំអរទៅដោយរូបស្វានិមិត្ត និងផ្កាចម្ប៉ា ដែលតំណាងឱយទេវតាឆ្នាំថ្មីផងដែរ ។ មូលដ្ឋានគ្រឹះនៃការឆ្នៃប្រឌិតរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ ផ្តោត លើចំណុចគ្រឹះ៥ គឺ ការតុបតែង រចនាបថ    ទីតាំង ពេលវេលា និងកម្មវិធី។

លោកបន្តទៀតថា ក្រៅពីកម្មវិធីពិសេសខាងលើព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងនាំមកនូវកម្មវិធីប្រចាំថ្ងៃជាច្រើនដូចជា កម្មវិធីសាសនា ពិធីបួងសួងសុំសេចក្តីសុខសួស្តី ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កម្មវិធីទាញព្រ័ត្រមិត្ត ភាពអង្ករសង្ក្រាន្ត កម្មវិធីល្បែងប្រជាប្រិយ និងរបាំប្រពៃណីខ្មែរ ពិធីទៅវត្ត និងពូនភ្នំខ្សាច់ តំបន់ត្រជាក់ ចិត្ត ពិព័ណ៌សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ ការប្រណាំងរទេះគោ ក្របី កម្មវិធីដង្ហែអង្គរសង្ក្រាន្ត គោមបណ្តែតទឹក កម្មវិធីល្ខោនបាសាក់ កម្មវិធីប្រកួតអុកចត្រង្គអបអរសាទរអង្គរសង្ក្រានឆ្នាំ២០១៦ ពិធីប្រកួតប្រជែងរូបថត ពិធីស្រង់ព្រះ កម្មវិធីស្រុកយើង កម្មវិធីតន្ត្រីអង្គរសង្ក្រាន្ត ព្រមទាំងកម្មវិធីជា ច្រើនទៀត។

លោក សុខ សប្បាយណា បញ្ជាក់ថា ព្រឹត្តិការណ៍ឆ្នាំនេះក៏នឹងទទួលបាននូវវត្តមាន ដ៏ឧត្តុង្គឧត្តម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីបើកដូចឆ្នាំកន្លងទៅដែរ។

មន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី១ ធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០១៣ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១៧៩.១៥៤នាក់។ ឆ្នាំ២០១៤ ភ្ញៀវទេសចរចំនួន៣៨៥.៦២៩នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ៣៥៧.៨២០នាក់ និងភ្ញៀវ អន្តរជាតិចំនួន២៧.៨០៩នាក់ កើនឡើងទ្វេដងបើប្រៀបធៀបនឹងពេលដូចគ្នានាឆ្នាំ២០១៣។ ឆ្នាំ២០១៥ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១លាននាក់ ដែលធ្វើឲ្យខេត្តសៀមរាប ស្រូបចំណូលពីព្រឹត្តិការណ៍នេះបានចំនួន៦០លានដុល្លារអាមេរិក ទ្វេដងនៃចំណូលឆ្នាំមុនមានតែជិត ៣០លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នារៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ ត្រូវបានរៀបចំជាថ្មីម្តងទៀត ដោយផ្អែកលើភាពជោគជ័យដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍នេះ នៃបណ្តាឆ្នាំកន្លងទៅ ៕

ព្រឹត្តការណ៍អង្គរ សង្ក្រាន្តឆ្នាំនេះ នឹងផ្តោតសំខាន់ លើការចូលរួម ក្នុងទឹកចិត្តជា មហាគ្រួសារខ្មែរ

ព្រឹត្តការណ៍អង្គរ សង្ក្រាន្តឆ្នាំនេះ នឹងផ្តោតសំខាន់ លើការចូលរួម ក្នុងទឹកចិត្តជា មហាគ្រួសារខ្មែរ