ខ្ចីម៉ូតូសង្សាជិះ លួចយកទៅបញ្ចាំ រួចគេចខ្លួនត្រូវ ខាងស្រីប្តឹង សមត្ថកិច្ចចាប់ខ្លួន

បន្ទាយមានជ័យ : យុវជនម្នាក់ត្រូវកម្លាំង អ ហ ចាប់ខ្លួនបញ្ជូនទៅ តុលាការ កាលពី រសៀលថ្ងៃទី០៣ ខែមិនា ២០១៦ ក្រោយពីជនសង្ស័យ ខ្ចីម៉ូតូស្រីស្នេហ៍ទៅជិះ រួចលួចយកទៅ បញ្ចាំ ត្រូវខាងស្រីប្តឹង ប៉េអឹមចាប់ខ្លួន។

មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត លោក ជា ដា បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ លីហួ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ស ប៊ុនសឿង មេបញ្ជារងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យគឺ សមត្ថកិច្ចយើងធ្វើឡើង ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ ឈ្មោះ សៅ ធាវី ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការប្តឹងឈ្មោះ ចាន់លីហួរ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ រស់នៅក្នុងក្រុងប៉ោយប៉ែត ចោទប្រកាន់ពីបទ រំលោភ លើសេចក្តីទុកចិត្ត។

ជនសង្ស័យម្នាក់នេះ ត្រូវបានកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន ពីបទរំលោភ លើសេចក្តីទុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបន្តថា នារីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុនោះ ជនសង្ស័យនិងជនរងគ្រោះ ធ្លាប់ស្គាល់គ្នាកន្លងមក។ បន្ទាប់មកទៀតជនរងគ្រោះ បានឲ្យ ម៉ូតូរបស់ខ្លួន ទៅឲ្យជនសង្ស័យខ្ចី ក្រោយពីបានម៉ូតូហើយ ជនសង្ស័យបានជិះទៅ ស្រុកកំណើតនៅឯ បាត់ដំបង ហើយបានយកម៉ូតូ របស់ជនរងគ្រោះ ទៅដាក់បញ្ចាំបាន ប្រាក់ចំនួន ១.៧០០.០០០រៀល ហើយគេចខ្លួនបាត់ រហូតមកដល់សព្វថ្ងៃ លុះថ្ងៃទី៣ ខែមិនា ឃើញជនសង្ស័យ ត្រឡប់មក ប៉ោយប៉ែតវិញ នារីរងគ្រោះបានប្តឹង ឲ្យសមត្ថកិច្ច ចាប់ខ្លួនតែម្រង។

ក្រោយសួរនាំសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមច្បាប់ ៕

ខ្ចីម៉ូតូសង្សាជិះ លួចយកទៅបញ្ចាំ រួចគេចខ្លួនត្រូវ ខាងស្រីប្តឹង សមត្ថកិច្ចចាប់ខ្លួន