សាលាក្តី​ស្តាប់​ការ​ផ្តល់​សក្ខីកម្ម​អំពី​មន្ទីរ​សន្តិសុខ​និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង

សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​ពុធ​បាន​ចាប់​ផ្តើម​ដំណាក់កាល​ថ្មី​នៃ​សវនាការ​ក្នុង​សំណុំ​រឿង​០០២/០២ ដែល​ផ្តោត​លើ​មន្ទីរ​សន្តិសុខ​និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ដោយ​សាក្សី​ម្នាក់​បាន​ប្រាប់​តុលាការ​ថា លោក​បាន​ឃើញ​ឆ្អឹង​នៃ​អ្វី​ដែល​លោក​ជឿ​ថា​ជា​ប្រជាជន​ចារ៉ាយ​ជាង​១០០​នាក់​ត្រូវ​គេ​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង​នៅ​ខេត្ត​រតនគិរី​ក្នុង​ឆ្នាំ​១៩៧៧។

មន្ទីរ​សន្តិសុខ ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​អប់រំ​និង​កសាង​អូរ​កន្សែង គឺ​ជា​គុក​មួយ ដែល​ទាហាន​មកពី​កងពល​៨០១​របស់​កងទ័ព​បដិវត្តន៍​កម្ពុជា​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម និង​ជួនកាល​សម្លាប់​ចោល ប្រសិនបើ​ពួកគេ​មិន​ពេញ​ចិត្ត ប៉ុន្តែ​ជន​ស៊ីវិល​ជាច្រើន​ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទី​នោះ​ដែរ ក្នុង​នោះ​មាន​ទាំង​សាក្សី ផាន ថុល ឥឡូវ​នេះ​មាន​អាយុ​៧៥​ឆ្នាំ​ដែរ។

លោក ថុល បាន​ប្រាប់​តុលាការ​ថា គេ​បាន​ឃុំ​ខ្លួន​គាត់​នៅ​មន្ទីរ​ឃុំឃាំង​នេះ​ក្នុង​ខែ​មិថុនា​ឆ្នាំ​១៩៧៧ បន្ទាប់ពី​ត្រូវ​កម្មាភិបាល​ខ្មែរ​ក្រហម​ចោទ​ថា​បាន​ប្រើ “វិធី​សក្តិ​ភូមិ” នៅ​ចម្ការ​កៅស៊ូ ជា​កន្លែង​ដែល​លោក​ធ្វើការ ដូចជា​រម្ងាប់​មេរោគ​ឧបករណ៍​របស់​លោក​ជាមួយ​ខ្លាញ់​គោ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ​ទៀត។

cam-photo-eccc-WEB-ONLYLលោក​បាន​និយាយ​ថា លោក​បាន​ជាប់​គុក​មួយ​ខែ​ដំបូង​និង​ត្រូវ​គេ​ដាក់​ច្រវាក់ ប៉ុន្តែ​ក្រោយមក​ត្រូវ​គេ​ដោះលែង​វិញ ហើយ​ឲ្យ​ធ្វើជា​អ្នកយាម​ចម្ការ​ខ្មុរ​របស់​មន្ទីរ​នេះ”។

លោក​បាន​រៀបរាប់​ថា មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អ្នក​ទោស​ជនជាតិ​ភាគតិច​ចារ៉ាយ​ជាង​១០០​នាក់ ក្នុង​នោះ​មាន​បុរស ស្ត្រី និង​កុមារ​ផង បាន​មក​ដល់​អូរ​កន្សែង។ ពួកគេ​បាន​ស្នាក់​នៅ​ទីនោះ​មិន​ដល់​មួយ​សប្តាហ៍​ផង ក៏​ត្រូវ​គេ​ចង​និង​បណ្តើរ​ចេញ​ទៅ។

លោក ថុល បាន​និយាយ​ថា “ខ្ញុំ​បាន​មើល​តាម​ចន្លោះ​ជញ្ជាំង​ឃើញ​ពួកគេ​ចេញ​ទៅ។ ពួកគេ​ត្រូវ​គេ​ចង​ជា​ជួរ​នឹង​ខ្សែ​នីឡុង ហើយ​ត្រូវ​គេ​នាំ​ចេញ​ទៅ​បាត់”។

ក្រោយ​មក នៅ​ពេល​យាម​ចម្ការ​ខ្នុរ លោក​បាន​និយាយ​ថា លោក​បាន​ប្រទះ​ឃើញ​រណ្តៅ​មួយ ដែល​លោក​បាន​ឃើញ​សព​ស្អុយ​រលួយ​មួយ​ភ្លែត ដែល​កប់​មិន​ជិត។ កន្លែង​នោះ​ក៏​មាន​រាយប៉ាយ​ដោយ​ខោ​អាវ​ប្រឡាក់​ឈាម ស្បែក​ជើង និង​សម្ពាយ ដែល​ដូច​នឹង​របស់​ដែល​លោក​បាន​ឃើញ​ជនជាតិ​ចារ៉ាយ​ប្រើ​អ៊ីចឹង។

លោក​បាន​និយាយ​ថា “ខ្ញុំ​ធុំ​ក្លិន​សព​ស្អុយ​រលួយ​ក្នុង​រណ្តៅ​នោះ ដែល​កប់​មិន​ជិត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា មនុស្ស​ទាំង​នោះ​ត្រូវ​គេ​សម្លាប់​ចោល​ហើយ”។

លោក ថុល ក៏​បាន​ផ្តល់​សក្ខីកម្ម​ថា លោក​បាន​ឃើញ​អ្នក​ជាប់​ឃុំ​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​ដោយ​ឆក់​ខ្សែ​ភ្លើង និង​បាន​ឃើញ​ការ​សម្លាប់​មួយ​ចំនួន ក្នុង​នោះ​មាន​អ្នក​ទោស​ម្នាក់​ត្រូវ​ពួក​អ្នក​យាម​បាញ់​សម្លាប់ និង​ម្នាក់​ទៀត​ត្រូវ​គេ​ប្រើ​ចបកាប់​វាយ​សំពង​រហូត​ដល់​ស្លាប់។

ក្រោម​ការ​សួរ​ក្រោយ​មក​ទៀត​ពី​លោក វិកទ័រ កូប៉េ (Victor Koppe) មេធាវី​ការពារ​ក្តី​របស់​លោក នួន ជា លោក ថុល បាន​បញ្ជាក់​ថា លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅអូរ​កន្សែង នៅ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ឆ្នាំ​១៩៧៧ ហើយ​លោក​បាន​អះអាង​ថា គឺ​ប្រហែល​មួយ​ខែ​មុន​អ្នក​ទោស​ចារ៉ាយ​មក​ដល់។

ទោះជា​យ៉ាង​នេះ​ក្តី លោក កូប៉េ បាន​លើក​ឡើង​ថា សាក្សី​រូប​នេះ​បាន​រៀបរាប់​អំពី​ផ្លែ​ខ្នុរ​នៅ​ចម្ការ​នោះ​ថា “ជិត​ទុំ” ដែល​មិន​អាច​កើត​មាន​នៅ​ខែ​កក្កដា​ទេ ព្រោះ​ថា​ផ្លែ​ខ្នុរ​ទុំ​នៅ​ខែ​កុម្ភៈ​និង​ខែ​មីនា ក្នុង​ខេត្ត​រតនគិរី។

នៅ​ពេល​ដែល​អតីត​ប្រធាន​អូរ​កន្សែង ឈ្មោះ ឆោម សែ បាន​ផ្តល់​សក្ខីកម្ម​នៅ​ដំណាក់​កាល​ដំបូង​នៃ​សំណុំ​រឿង​០០២​ក្នុង​ឆ្នាំ​២០១៣ លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា ជនជាតិ​ចារ៉ាយ​ជាង​១០០​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​នេះ​មួយ​រយៈ​ពេល​ខ្លី​មុន​ពេល​សម្លាប់​ចោល ប៉ុន្តែ​លោក​បាន​កំណត់​កាលបរិច្ឆេទ​រឿង​នេះ​ថា​នៅ​ចុង​ឆ្នាំ​១៩៧៨។ ការ​ផ្តល់​សក្ខីកម្ម​របស់​លោក ថុល ត្រូវ​ធ្វើ​បន្ត​នៅ​ថ្ងៃ​នេះ៕ និត

 

The post សាលាក្តី​ស្តាប់​ការ​ផ្តល់​សក្ខីកម្ម​អំពី​មន្ទីរ​សន្តិសុខ​និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង appeared first on ខេមបូឌា ដេលី.