ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​វៀតណាម​ថា​បន្ត​សង់​ផ្លូវ​ទន្ទ្រាន​ចូល​ដី​ខ្មែរ​ជាង​៥០០​ហិកតារ

ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ចោទ​អាជ្ញាធរ​វៀតណាម ថា​នៅ​តែ​បន្ត​សាងសង់​ផ្លូវ​ទន្ទ្រាន​ចូល​ដី​ខ្មែរ​រាប់​រយ​ហិកតារ​នៅ​តាម​ក្រវាត់​ព្រំដែន​នា​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ព្រំដែន​នៃ​ភាគី​ទាំង​ពីរ គឺ​កម្ពុជា-វៀតណាម ដែល​ឲ្យ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​តាម​ព្រំដែន មុន​មាន​ដំណោះស្រាយ។

ជុំវិញ​រឿង​នេះ គណៈកម្មាធិការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា ថា​មិន​ទាន់​ទទួល​របាយការណ៍​ច្បាស់លាស់​ទេ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​ថ្នាក់​លើ​ពិនិត្យ​ជា​យូរ​មក​ហើយ។

ទឹក​ដី​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ចំនួន ៤០០​ហិកតារ​ទៅ ៥០០​ហិកតារ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អះអាង​ថា បាន​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​វៀតណាម នោះ គឺ​ចាប់​ពី​បង្គោល​ព្រំដែន​លេខ​១៩៤ ដល់​បង្គោល​លេខ​១៩៨។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​ភូមិ​គោកតែក លោក ចន សាយ ថ្លែង​ទាំង​បារម្ភ​ពី​សុវត្ថិភាព​ថា ទឹក​ដី​កម្ពុជា បាន​បាត់បង់​នៅ​ពេល​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម បាន​ចុះ​វាស់វែង​បោះ​បង្គោល​ខណ្ឌ​សីមា​ពុះ​ចែក​ប្រទេស​ទាំង​ពីរ កាល​ពី​បី​បួន​ឆ្នាំ​មុន និង​ការ​បន្ត​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​ពី​សំណាក់​ភាគី​វៀតណាម រហូត​មក​ទល់​បច្ចុប្បន្ន។ បុរស​រូប​នេះ​បញ្ជាក់​ថា ចំណុច​ដែល​បាត់​ដី​ជាច្រើន​ហិកតារ​នោះ គឺ​ត្រង់​ចំណុច​ចំពុះ​ទា​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩៤ ដល់​លេខ​១៩៨ ចាប់​ពី​ឃុំ​ទួលស្ដី រហូត​ដល់​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ លោក​ថា អាជ្ញាធរ​វៀតណាម ពុំ​បាន​ធ្វើ​ផ្លូវ​វាង​តាម​ចំណុច​ចំពុះ​ទា​នោះ​ទេ គឺ​ពួក​គេ​បាន​ធ្វើ​ត្រង់​ពុះ​កាត់​ចូល​ដី​ស្រែ​ពលរដ្ឋ​ខ្មែរ​ដោយ​សំដៅ​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ​ទៀត៖ «ចូល​ច្រើន​ណាស់​នៅ​ចំពុះ​ទារ​នោះ ប្រហែល​ខ្ទង់​មួយ​គីឡូ​កន្លះ​អី​ណោះ គ្រាន់​តែ​អា​រឿង​អស់ ៣០០​ហិកតារ»

ពលរដ្ឋ​ផ្សេង​ទៀត​សក់​ល្បាយ​អាចម៍​ខ្លា រាង​ស្គម​ខ្មៅ​ខ្ពស់ គឺ​លោក ឈួក សុខុម បាន​ចង្អុល​បង្ហាញ​ប្រាប់​ថា បង្គោល​ចាស់​ដែល​បោះ​ក្នុង​សម័យ​បារាំង គឺ​អ្នក​ភូមិ​ធ្លាប់​ឃើញ​នៅ​ឆ្ងាយ​ពី​បង្គោល​ថ្មី​ជាង ១​គីឡូ​ដី។ មាន​វ័យ​ជិត ៦០​ឆ្នាំ លោក​ថា ខ្មែរ​មិន​ដែល​ចូល​ដី​វៀតណាម សូម្បី​មួយ​ចង្អាម​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​សង្កេត​ឃើញ​ថា ស្ថានភាព​ព្រំដែន គឺ​មាន​ការ​ប្រែប្រួល ដោយ​បង្គោល​ព្រំដែន​តែង​តែ​រំកិល​ចូល​មក​ដី​ខ្មែរ​បន្តិច​ម្តងៗ៖ «បង្គោល​ចាស់​ហួស​ពី​ព្រំដែន​ថ្មី​ឆ្ងាយ​ប្រហែល​ជា​មួយ​គីឡូ​ដី​ទៀត»

ទន្ទឹម​គ្នា​នេះ វៀតណាម ក៏​បាន​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ដី​ស្រែ​របស់​ពលរដ្ឋ ១​គ្រួសារ ដែល​រស់នៅ​ជិត​បង្គោល​ព្រំដែន​លេខ​១៩៨ ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​អស់​ដី​ធ្លាប់​អាស្រ័យ​ផល​ជាង ២០​ឆ្នាំ​កន្លង​មក​ជិត ១​ហិកតារ​ដែរ។ ការ​ធ្វើ​ផ្លូវ​ប៉ះពាល់​ដី​ស្រែ​នេះ តាម​លិខិត​កំណត់​ហេតុ​រួម​ជា​ភាសា​ខ្មែរ និង​វៀតណាម ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ចុះ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ រវាង​អាជ្ញាធរ​ខ្មែរ គឺ​មេ​ឃុំ​ចន្ទ្រា លោក ក្លែង រុន និង​អាជ្ញាធរ​វៀតណាម គឺ​លោក ឡេ វាំងហាយ មេ​ឃុំ​តាំងហៀប ស្រុក​ថាន់វ៉ា ខេត្ត​ឡុងអាង បាន​សម្រុះ​សម្រួល​គ្នា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ខ្មែរ​រងគ្រោះ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ធ្វើ​ផ្លូវ​របស់​វៀតណាម បន្ត​ធ្វើ​ផ្លូវ​នោះ​ទៅ​មុខ​ទៀត។

ពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​រៀបរាប់​ថា ការ​ដែល​លោក​ទាមទារ​សំណង​នេះ ព្រោះ​លោក​មិន​សង្ឃឹម​ថា នឹង​ទទួល​បាន​ដី​ស្រែ​មក​គ្រប់គ្រង​វិញ​ឡើយ។ មក​ទល់​ពេល​នេះ លោក​ក៏​មិន​ទាន់​ឃើញ​ប្រាក់​ឧបត្ថម្ភ​ពី​វៀតណាម ដែរ ប៉ុន្តែ​មេ​ឃុំ​វៀតណាម ប្រាប់​លោក​ថា កំពុង​បញ្ជូន​ករណី​នេះ​ទៅ​អាជ្ញាធរ​ថ្នាក់​លើ​របស់​គេ ដើម្បី​ដោះស្រាយ៖ «បើ​មិន​ព្រម មិន​ដឹង​ថា​ទៅ​តវ៉ា​ម៉េច​ទៀត។ អ៊ីចឹង​គ្រាន់​តែ​សុំ​សំណង​តិចតួច»

ឆ្លើយ​តប​ចំពោះ​ករណី​នេះ មេ​ឃុំ​ចន្ទ្រា លោក ក្លែង រុន ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​ពិត​ជា​បាន​ធ្វើ​កំណត់​ហេតុ​រួម​នេះ​ជាមួយ​មេ​ឃុំ​វៀតណាម មែន។ លើស​ពី​នេះ លោក​មេ​ឃុំ​ចន្ទ្រា បញ្ជាក់​ថា ការ​ទូទាត់​ជា​ប្រាក់​សំណង​នេះ គឺ​សម្រាប់​តែ​ការ​ខូចខាត​ពូជ​ស្រូវ​ដែល​ពលរដ្ឋ​ខ្មែរ​សាបព្រោះ​នៅ​លើ​ដី​នោះ​ទេ ហើយ​ចំណែក​ដី​វិញ គឺ​វៀតណាម មិន​សង​ទេ ព្រោះ​ជា​តំបន់​ស ឬ​តំបន់​ហាម​ឃាត់។ ត្រង់​នេះ លោក​ហាក់​និយាយ​មិន​ច្បាស់​ឡើយ ហើយ​បែរ​ជា​ចុង​ក្រោយ​និយាយ​ថា ទុក​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​នៅ​ពេល​ខាង​មុខ៖ «ពេល​ធ្វើ​ផ្លូវ​មក​ដល់​ហ្នឹង​ទៅ គេ​សម្រប​សម្រួល​សង​តម្លៃ​ពូជ ប៉ុន្តែ​ដី​នោះ​គេ​គ្មាន​លក់​ដូរ​អី​ទេ គឺ​លើ​រដ្ឋាភិបាល និង​ទូត​សង​ខាង​ទេ ដោះស្រាយ​ទៅ​មុខ​ទៀត ប្រសិន​បើ​មាន​ការ​ដោះស្រាយ។ ខ្ញុំ​ធ្វើ​សាក្សី ព្រោះ​ម្ចាស់​ដី​គាត់​ឯកភាព​ហើយ បើ​មិន​ឯកភាព​ទេ នោះ​ចាំ​ចរចា​គ្នា​ទៀត។ សំណួរ៖ គេ​សង​តែ​ពូជ​ទេ ចុះ​ដី​វិញ បើ​គេ​ឈូស​ហើយ ម្ដេច​មិន​ផ្អាក​សិន? ចម្លើយ៖ ព្រោះ​ថា​ដី​នោះ គឺ​យើង​មិន​ទាន់​កំណត់​ថា វា​ត្រឹម​ណា ឬ​ក៏​ពិត​ប្រាកដ​យ៉ាង​ម៉េច​ទេ? ព្រោះ​គេ​ទុក​តំបន់​ស​ដូច​គ្នា ប៉ុន្តែ​ផែនទី​គេ​អូស​មក​តាម​ហ្នឹង។ សំណួរ៖ ចុះ​បើ​តំបន់​ស ហេតុ​ម្ដេច​វៀតណាម ធ្វើ​ផ្លូវ​បាន ហើយ​ចំណែក​ខ្មែរ​ធ្វើ​ស្រែ​មិន​បាន? ចម្លើយ៖ អា​រឿង​នេះ គឺ​រដ្ឋាភិបាល​ទេ មិន​មែន​យើង​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​គេ​ធ្វើ​ទេ រាជ​រដ្ឋាភិបាល​គេ​មាន​បច្ចេកទេស គេ​វាស់វែង គេ​ចរចា​គ្នា​យ៉ាង​ណា​នោះ ខ្ញុំ​មិន​បាន​ចូលរួម​ទេ»

ផ្លូវ​ដែល​វៀតណាម ធ្វើ​នោះ គឺ​មាន​លក្ខណៈ​កាច់​កោង​ដូច​ដាន​ពស់​វារ ហើយ​ពលរដ្ឋ​ថា​កន្លែង​ខ្លះ គឺ​វៀតណាម ចូល​ដី​ខ្មែរ​យ៉ាង​សម្ងាត់​តែ​ម្តង។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ដែល​ធ្លាប់​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា-វៀតណាម នេះ​ដែរ មាន​ប្រសាសន៍​ថា កន្លែង​ខ្លះ​មិន​ត្រឹម​តែ​រំកិល​ព្រំដែន​នោះ​ទេ ប៉ុន្តែ​កន្លែង​ខ្លះ​ទៀត គឺ​ពលរដ្ឋ​វៀតណាម ចូល​រស់នៅ​លើ​ដី​ខ្មែរ​តែ​ម្តង តែ​អាជ្ញាធរ​ខ្មែរ​ហាក់​ធ្វើ​មិន​ដឹង​គ្មាន​វិធានការ។ លោក​ថា ការ​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ គឺ​ជា​ការ​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា ហើយ​អាជ្ញាធរ​គួរ​តែ​មាន​វិធានការ មិន​មែន​ទុក​ឲ្យ​ពលរដ្ឋ​នៅ​បន្ត​រអ៊ូរទាំ​នោះ​ទេ៖ «ប្រសិន​បើ​ឈូស​ផ្លូវ​ពី​វៀតណាម មក​ប៉ះពាល់​ដី​ស្រែ​ខ្មែរ ហើយ​មាន​សំណង​នោះ មាន​ការ​សម្រប​សម្រួល​នោះ គឺ​ជា​ការ​រំលោភ​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​ធ្ងន់ធ្ងរ​ណាស់ ហើយ​រដ្ឋាភិបាល​គួរ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ»

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩។

ពលរដ្ឋ​រស់នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន​ស្រុក​ចន្ទ្រា ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ថា អាជ្ញាធរ​កម្ពុជា តាំង​ពី​ថ្នាក់​ក្រោម​ដល់​លើ ហាក់​ស្តាប់​តាម​បង្គាប់​របស់​វៀតណាម ហើយ​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ផ្សេងៗ ដោយ​មិន​ហាម​ឃាត់​សកម្មភាព​របស់​វៀតណាម ដែល​បន្ត​រំលោភ​អធិបតេយ្យភាព​កម្ពុជា ដោយ​មិន​គោរព​កិច្ចព្រមព្រៀង​នានា​ឡើយ៖ «ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​បើ​បាត់បង់​ដី​យើង​ទៀត ក៏​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​ដែរ គឺ​បាន​តែ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​ចិត្ត​ប៉ុណ្ណោះ មិន​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​នោះ​ទេ។ បើ​រដ្ឋាភិបាល​ចង់​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត សូម​ចុះ​មក​មើល​ទឹក​ដី​ដែល​វៀតណាម កំពុង​ឈូស​ធ្វើ​ផ្លូវ និង​ចាក់​កៅស៊ូ​រាល់​ថ្ងៃ​នេះ សូម​អើត​មើល​ផង»

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក៏​បាន​ប្រតិកម្ម​ចំពោះ​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​បាន​ចុះ​ស្រាវជ្រាវ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ​ដែរ។ ពលរដ្ឋ​អះអាង​ថា លោក សុខ ទូច មិន​បាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​វិវាទ ឬ​មន្ទិល​សង្ស័យ​លើ​បញ្ហា​ព្រំដែន​នៅ​តំបន់​នោះ​ឡើយ ប៉ុន្តែ​បែរ​ជា លោក សុខ ទូច ទៅ​ដើម្បី​ទទួល​ស្គាល់​ថា ព្រំដែន​នោះ​ត្រឹមត្រូវ​ទៅ​វិញ៖ «គាត់​នៅ​តែ​លើ​ទូក មិន​បាន​ដើរ​មើល​កន្លែង​ណា​បាត់បង់​នោះ​ទេ។ អ៊ីចឹង​គាត់​មិន​ដឹង​អ្វី​ទេ»

ជុំវិញ​រឿង​នេះ លោក សុខ ទូច ហាក់​មិន​ចង់​តបត​ទៅ​ពលរដ្ឋ​វិញ​ទេ ប៉ុន្តែ​លោក​ថា ពេល​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់ គឺ​មិន​បាន​ជួប​ពលរដ្ឋ​ខ្មែរ​ទេ គឺ​ភាគ​ច្រើន​បាន​ឃើញ និង​បាន​ជួប​តែ​ពលរដ្ឋ​វៀតណាម កំពុង​ធ្វើ​ស្រែ​នៅ​លើ​ដី​ខ្មែរ។ លោក​បណ្ឌិត សុខ ទូច ដែល​ធ្លាប់​ជិះ​លើ​ផ្លូវ​ដែល​វៀតណាម ធ្វើ​នោះ​លើក​ឡើង​ថា ផ្លូវ​នោះ​មាន​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​បង្គោល ហើយ​ភាគី​កម្ពុជា ក៏​អាច​ធ្វើ​ផ្លូវ​ដូច​គ្នា​បាន​ដែរ៖ «ផ្លូវ​នេះ គឺ​មាន​ច្បាប់​វា គេ​ក៏​ធ្វើ​បាន យើង​ក៏​ធ្វើ​បាន គឺ​នៅ​ចម្ងាយ​ពី​បង្គោល​ប្រមាណ ៥០​ម៉ែត្រ​ទី​១ ហើយ​ទី​២ គាត់​ថា​បាត់​ដី​ស្រែ​គាត់ ៥០០ ទៅ ៦០០​ហិកតារ គាត់​អាង​ទៅ​លើ​អី? ហើយ​ពេល​ដែល​បោះ​បង្គោល​នោះ ម្ដេច​មិន​ចេញ​មក​តវ៉ា»

ការ​លើក​ឡើង​របស់ លោក សុខ ទូច នេះ គឺ​ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រជាពលរដ្ឋ ដែល​ថា ផ្លូវ​ក្រវាត់​ព្រំដែន​របស់​វៀតណាម នោះ គឺ​មាន​ចម្ងាយ​ពី ៥​ម៉ែត្រ​ទៅ ១០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​បង្គោល​ធំ ហើយ​ការ​ដែល​មិន​ហ៊ាន​តវ៉ា​នោះ ព្រោះ​ពលរដ្ឋ​តែង​តែ​រង​ការ​គំរាម​កំហែង​ចាប់​ចង​ដាក់​គុក​ម្តង​ហើយ​ម្តង​ទៀត។ លើស​ពី​នេះ វា​ក៏​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី កន្លង​មក​ដែល​ថា ភាគី​កម្ពុជា-វៀតណាម មិន​អាច​ធ្វើ​សកម្មភាព​សាងសង់​អ្វី​ដែល​ថ្មី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ពោល​គឺ​ត្រូវ​រក្សា​ស្ថានភាព​ដដែល​យោង​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ឆ្នាំ​១៩៩៥។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាគី​វៀតណាម ក៏​ធ្លាប់​សន្យា​ថា នឹង​ផ្អាក​ការ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង តាម​ការ​តវ៉ា​របស់​កម្ពុជា ទៀត​ផង។

ថ្មីៗ​នេះ គណៈកម្មាធិការ​ព្រំដែន​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង ហៅ​ការ​សិក្សា​ពី​ការ​បោះ​បង្គោល​ព្រំដែន​របស់​ក្រុម​ស្រាវជ្រាវ​អំពី​បង្គោល​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថា​មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទេ។

រីឯ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​ថា ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង ទោះ​បី​ជា​កន្លែង​ខ្លះ​មាន​បង្គោល​ធំ​ក្តី ប៉ុន្តែ​នៅ​មិន​ទាន់​បោះ​បង្គោល​ព្រំ​ខណ្ឌ​សីមា​នៅ​ឡើយ។

ចំពោះ​បញ្ហា​វៀតណាម ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​នោះ គឺ​លោក វ៉ា គឹមហុង ឆ្លើយ​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ជាក់លាក់​ពី​មន្ត្រី​ព្រំដែន ហើយ​លោក​បញ្ជាក់​ថា ការ​ដោះ​ដូរ​ផ្នែក​ណា​មួយ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​ការ​កំណត់​ព្រំ​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បញ្ចប់​ជា​ស្ថាពរ​ជា​មុន​សិន៖ «យើង​មិន​ទាន់​ដឹង​ថា ព័ត៌មាន​នេះ​ពិត ឬ​មិន​ពិត​ទេ ហើយ​បើ​យើង​មិន​ទាន់​បោះ​ព្រំ​ខណ្ឌ​សីមា អ្វី​ដែល​គេ​កាន់​កាប់ យើង​មិន​អាច​ដេញ​គេ​បាន​ទេ ដោះ​ដូរ​បាន​ទេ។ រក្សា​ស្ថានភាព​ដដែល ព្រោះ​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​រួម»

ដោយឡែក លោក កែម ឡី វិញ​យល់​ថា ការ​ដែល​អនុញ្ញាត​ឲ្យ​វៀតណាម ធ្វើ​ផ្លូវ​សិន​ទៅ ហើយ​រង់ចាំ​ដោះស្រាយ​ទូទាត់​ចែក​ដី​គ្នា​តាម​ក្រោយ​នេះ គឺ​នឹង​មាន​ជោគ​វាសនា​អាក្រក់។ លោក​ថា នៅ​ពេល​ពលរដ្ឋ​វៀតណាម ចូល​មក​រស់នៅ​តាម​ព្រំដែន​កាន់​តែ​ច្រើន ហើយ​សំណង់ និង​ហេដ្ឋារចនាសម្ពន្ធ​ចាក់​គ្រឹះ​រឹងមាំ​នោះ គឺ​កម្ពុជា មិន​អាច​បណ្ដេញ​ពួក​គេ​ឲ្យ​ថយ​ក្រោយ​វិញ​បាន​ទេ ហើយ​អាច​នឹង​មាន​វិវាទ​ព្រំដែន​ធ្ងន់ធ្ងរ​ទៀត​ផង៖ «កាលណា​ដេញ គេ​ថា​ជា​ការ​រើសអើង​ជាតិ​សាសន៍ ឬ​មួយ​ជា​ការ​បង្កើត​ជម្លោះ​នៅ​តាម​ព្រំដែន។ អ៊ីចឹង​វា​កើត​ហេតុ​ទៅ​ជា​បិទ​ព្រំដែន ផ្អាក​ព្រំដែន។ ខ្ញុំ​គិត​ថា យើង​មិន​គួរ​ប្រថុយប្រថាន​ឲ្យ​ឈូស​ឆាយ ហើយ​ចាំ​ដោះស្រាយ​យើង​មក​វិញ អា​ហ្នឹង​វា​ជា​អកុសល​ហើយ»

ជាទូទៅ ប្រជាពលរដ្ឋ​អះអាង​ថា តំបន់​ស គឺ​មាន​តែ​នៅ​ខាង​កម្ពុជា ចំណែក​ខាង​វៀតណាម វិញ គឺ​គ្មាន​តំបន់​ស​ឡើយ ហើយ​វៀតណាម តែង​តែ​អភិវឌ្ឍ​ស្ទើរ​គ្រប់​បែប​យ៉ាង​នៅ​តាម​បន្ទាត់​ព្រំដែន​ដែល​មើល​ទៅ​ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ ដែល​តែង​តែ​ប្រឈម​មុខ​ផ្លូវ​ច្បាប់ និង​ការ​ហាម​ឃាត់​សព្វ​បែប​យ៉ាង ប្រសិន​បើ​ហ៊ាន​អភិវឌ្ឍ​អ្វី​មួយ​នោះ។

ប្រជាពលរដ្ឋ​នៅ​ទីនោះ ហាក់​មិន​ចង់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ជួយ​ដោះស្រាយ​ឡើយ ដ្បិត​អី​ពួក​គេ​ដឹង​ថា លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ដោះស្រាយ និង​ឋិត​នៅ​ក្រោម​សម្ពាធ​របស់​វៀតណាម។ ដូច្នេះ លោក​បង្វែរ​ទៅ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​វិញ។

របាយការណ៍​របស់​អាជ្ញាធរ​បង្ហាញ​ថា ព្រំដែន​គោក​ប្រទេស​កម្ពុជា ជាប់​នឹង​ប្រទេស​វៀតណាម មាន​បណ្ដោយ ១.២៧០​គីឡូម៉ែត្រ។ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន​ជាង ៨៣​ភាគរយ ពោល​គឺ​បាន​ចំនួន ៣១១​បង្គោល។ ដោយឡែក​ព្រំដែន​ទឹក​មាន​ប្រវែង​ជាង ២.៥០០​គីឡូម៉ែត្រ មិន​ទាន់​វាស់វែង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។