អាដហុក​ចាត់​ទុក​ករណី​ភ្លើង​ឆេះ​កំណាត់​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី​ថា​មាន​ភាព​មិន​ប្រក្រតី

ឈើ​រាប់​រយ​កំណាត់​បន្ថែម​ទៀត ត្រូវ​ភ្លើង​ឆាប​ឆេះ​នៅ​ក្នុង​ក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green) នៅ​រាត្រី​ថ្ងៃ​ទី​២ ខែ​មីនា កន្លង​ទៅ​នេះ។ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ចាត់​ទុក​ករណី​នេះ​ថា​ជា​ភាព​មិន​ប្រក្រតី ទាក់ទិន​បទល្មើស​ព្រៃ​ឈើ​ដែល​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​កំពុង​ចាត់​វិធានការ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី អះអាង​ថា កំពុង​ស្រង់​ទិន្នន័យ​បរិមាណ​ឈើ​ដែល​ភ្លើង​កំពុង​ឆាប​ឆេះ​នេះ​ហើយ ក៏ប៉ុន្តែ​មូលហេតុ​ជាក់លាក់​ទាក់ទិន​ភ្លើង​ឆេះ​គំនរ​ឈើ​នេះ មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី ប៉ាន់​ប្រមាណ​ថា ឈើ​ប្រមាណ ៣០០​កំណាត់ ត្រូវ​ភ្លើង​ឆេះ​នៅ​ការដ្ឋាន​ក្រុមហ៊ុន យូនី ហ្គ្រីន។ រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា នេះ មន្ត្រី​ព្រៃ​ឈើ និង​តំណាង​ក្រុមហ៊ុន កំពុង​ចាត់​វិធានការ​ការពារ​កុំ​ឲ្យ​ភ្លើង​ឆេះ​រាល​ដាល​ទៅ​គំនរ​ឈើ​ផ្សេង​ទៀត។ លោក​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ភ្លើង​ឆេះ​ឈើ​នេះ បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ដែល​ឋិត​នៅ​ក្បែរ​គំនរ​ឈើ​នោះ៖ «យើង​ទប់ស្កាត់​បាន​មួយ​ចំនួន​ហើយ ឆេះ​ហើយ​យើង​ធ្វើ​អត់​កើត​ទេ ប៉ុន្តែ​យើង​បាន​ឈូស​អត់​ឲ្យ​ឆ្លង ពិបាក​សន្និដ្ឋាន។ តាម​យើង​មើល​រូបភាព​សន្និដ្ឋាន​ជំហាន​ដំបូង​មក​ពី​ភ្លើង​ព្រៃ ព្រោះ​ព្រៃ​ជិត​ហ្នឹង​ច្រើន​ពេក»

កាល​ពី​ខែ​មករា ភ្លើង​ឆេះ​គំនរ​ឈើ​ដូច​គ្នា​នេះ​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន យូនី ហ្គ្រីន ម្តង​រួច​ហើយ ខណៈ​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ រក​ឃើញ​គំនរ​ឈើ​រាប់​ពាន់​ម៉ែត្រ​គូប ដែល​សង្ស័យ​ថា ជា​ឈើ​ខុស​ច្បាប់​ស្តុក​ទុក​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន យូនី ហ្គ្រីន សុំ​បញ្ជាក់​ពី​មូលហេតុ​នាំ​ឲ្យ​ភ្លើង​ឆេះ​ឈើ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា។

ទាក់ទិន​ករណី​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នេះ​ជា​បន្ទាន់។ លោក​សង្ស័យ​ថា ឈើ​នេះ​ទំនង​ត្រូវ​គេ​លួច​ដុត​ដើម្បី​បំបាត់​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ ដែល​ថ្នាក់​ជាតិ​បាន​រក​ឃើញ​នៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន៖ «មិន​មែន​ជា​រឿង​តូចតាច​ទេ គឺ​ជា​រឿង​ធំ អាច​ជា​ចេតនា​បំផ្លាញ​វត្ថុ​តាង​បទល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ។ រឿង​កើត​ឡើង​ឆេះ​ឈើ​នៅ​មណ្ឌលគិរី មិន​មែន​លើក​ទី​១ ឯណា ហាក់​បី​ដូចជា​ផ្គើន​ទៅ​នឹង​បទបញ្ជា​រដ្ឋាភិបាល»

គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ កាល​ពី​ចុង​ខែ​កុម្ភៈ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​រក​ឃើញ​ឈើ​ស្តុក​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​ពីរ នៅ​ខេត្ត​មណ្ឌលគិរី គឺ​ក្រុមហ៊ុន ប៊ិញ ភឿក​១ (Bin Phuoek 1) និង​ក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green) នេះ។ របាយការណ៍​ស៊ើប​អង្កេត​បាន​បញ្ជូន​ទៅ​មន្ត្រី​អយ្យការ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី រួច​ហើយ។ បច្ចុប្បន្ន មន្ត្រី​អយ្យការ​កំពុង​ចាត់​វិធានការ​ស៊ើប​អង្កេត​រឿង​ក្តី​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ លោក វង សុកសិរី បញ្ជក់​ថា គំនរ​ឈើ​ដែល​ភ្លើង​ឆេះ គឺ​ជា​គំនរ​ឈើ​ដែល​ក្រុមហ៊ុន​បាន​បង់​ពន្ធ​រួច​ហើយ។ ដោយឡែក​ឈើ​ដែល​ឋិត​ក្នុង​បញ្ជី​ស៊ើប​អង្កេត​ទាក់ទិន​បទល្មើស​ព្រៃ​ឈើ មិន​មាន​ភ្លើង​ឆេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។