បទយកការណ៍ &raquo បទយកការណ៍

នៅ​ក្នុង​អាណត្តិ​នេះ គេ​ឃើញ​មាន​រដ្ឋមន្ត្រី​វ័យក្មេង​មួយ​ចំនួន​តូច​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​ប្រាំ​ ។ ដោយសារ​កម្ពុជា​គឺជា​សង្គម​វ័យក្មេង​និង​ភាព​ជឿនលឿន​បច្ចេកវិទ្យា​ព័ត៌មាន​ធ្វើ​អោយ​ប្រែប្រួល​ពិភពលោក​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច នយោបាយ និង​ទំនាក់ទំនង​នោះ ការ​បញ្ចូល​មនុស្ស​វ័យក្មេង​អោយ​កាន់តែ​ច្រើន​ទៅ​ក្នុង​រដ្ឋាភិបាល​នឹង​ធ្វើ​អោយ​ប្រ​សិ​ទ្ឋ ភាព​នៃ​ការងារ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ជាង​មុន​ ។

ភាព​សកម្ម​របស់​រដ្ឋមន្ត្រី​និង​សមាជិក​សភា​វ័យក្មេង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​២០១៣​បាន​បង្ហាញ​ថា ពួក​គេ​ក្លៀវក្លា ​និង​មាន​ប្រ​សិ​ទ្ឋ​ភាព​នៅ​ក្នុង​ដឹកនាំ​និង​អនុវត្ត​ការងារ​បម្រើប្រជាជន ​។ រដ្ឋមន្ត្រី​ និង​អ្នកនយោបាយ​វ័យក្មេង​ទាំងនោះ​រួម​មាន​លោក ហង់ ជួនណា​រ៉ុ​ន អាយុ៥៤​ឆ្នាំ​ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា លោក អូន ព័​ន្ឋ​មុនី​រ័​ត្ន អាយុ​៥១​ឆ្នាំ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក សាយ​សំ​អាល់ អាយុ​៣៦ឆ្នាំ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និងលោក ហ៊ុន ម៉ា​នី អាយុ៣៤​ឆ្នាំ សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន ​។ ពួក​គេ​ទាំងអស់​សុ​ទ្ឋ​តែ​សកម្ម​នៅ​ក្នុង​ការ​បំពេញការងារ​បម្រើ ប្រជាជន​កម្ពុជា​នៅ​ក្នុង​តួនាទី​របស់​ខ្លួន​ ។

ដូច្នេះ​ការ​សាកល្បង​របស់​គណបក្ស​នយោបាយ​ និង​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ដាក់​បញ្ចូល​រដ្ឋមន្ត្រី​ និង​អ្នកនយោបាយ​វ័យក្មេង​គឺជា​ការ​សម្រេចចិត្ត​មួយ​ដែល​បាន​ទទួល​ផ្លែផ្កា​ ។ ចរន្ត​នេះ​ត្រូវ​តែ​បន្ត​ហើយ​មនុស្ស​វ័យក្មេង​កាន់តែ​ច្រើន​ទៀត​ដែល​មានចំណេះ​ដឹង ​និង​សមត្ថភាព​គួរ​ត្រូវ​បាន​ផ្តល់​ឪ​កាស​អោយ​កាន់​តំណែង​រដ្ឋមន្ត្រី​ និង​ធ្វើ​ជា​បេ​ក​ក្ខ​ជន​តំណាងរាស្ត្រ​ដើម្បី​ពួក​គេ​មាន​ឪ​កាស​នៅ​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​ដែល​ត្រូវ​គេ​យល់​ថា​ជា​សង្គម​មាន​មនុស្ស​វ័យក្មេង​ច្រើន​ ។

យោង​តាម​ប្រភព​គួរ​អោយ​ជឿ​ទុកចិត្ត​បាន​មួយ​នោះ​បានអោយ​ដឹង​ថា រដ្ឋមន្ត្រី​វ័យ​ចំណាស់​មួយ​ចំនួន​ក៏​បាន​ត្រៀម​សម្រាប់​ផ្ទេរតំណែង​ទៅ​អោយ​មនុស្ស​ជំនាន់​ក្រោយ​ដឹកនាំ​បន្ត​ដែរ​ ។

មាន​ហេតុផល​ជា​ច្រើន​ដែល​មនុស្ស​វ័យក្មេង​គួរ​ត្រូវ​បាន​ដាក់​បញ្ចូល​អោយ​បាន​ច្រើន​នៅ​ក្នុង​តួនាទី​ដឹកនាំ បើ​ទោះបីជា​អ្នកដឹកនាំ​វ័យ​ចំណាស់​និង​មាន​ពិសោធន៍​ក៏​ត្រូវការ​ចាំបាច់​ដើម្បី​តម្រង់ផ្លូវ​របស់​ពួក​គេ​ក្តី​។

ហេតុផល​សំខាន់​បំផុត​នោះ​គឺ​កម្ពុជា​ជា​សង្គម​មួយ​ដែល​គ្របដណ្តប់​ច្រើន​ដោយ​មនុស្ស​វ័យក្មេង ​។ ក្នុង​ចំណោម​មនុស្ស​១៥​លាន​នាក់ គេ​យល់​ថា​ជាង​៦៨​ភាគរយ​គឺជា​មនុស្ស​ដែល​មាន​វ័យ​ក្រោម​៣០​ឆ្នាំ​ ។

ដូច្នេះ​ការ​ផ្តល់​តួនាទី​សំខាន់​ៗ​ មួយ​ចំនួន​នៅ​ក្នុង​នយោបាយ ​និង​ក្នុង​រដ្ឋាភិបាល​នឹង​អាច​អោយ​ពួក​គេ​ទាំងនោះ​ដឹង​ច្បាស់​អំពី​សេចក្តី​ត្រូវការ​របស់​មនុស្ស​វ័យក្មេង​ហើយ​រៀបចំ​ចេញ​ជា​គោលនយោបាយ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​វ័យក្មេង​ទាំងនោះ​។

ហេតុផល​ទី​ពីរ​នៃ​ការ​ដាក់​បញ្ចូល​មនុស្ស​វ័យក្មេង​គឺ​ការ​រៀបចំ​សម្រាប់​អនាគត បន្តវេន​ប្រទេស​ជាតិ​ជា​បណ្តើរ​ៗ ​ដោយ​អាច​អោយ​មនុស្ស​វ័យក្មេង​ទទួលយក​ពិសោធន៍​ និង​ចំណេះដឹង​ពី​រៀមច្បង​មនុស្ស​ចាស់ទុំ​របស់​ពួក​គេ​នៅ​ក្នុង​កិច្ចការរដ្ឋ​និង​នយោបាយ​ជា​បណ្តើរ​ៗ​ ។

ចំណែក​ហេតុផល​ទី​បី​នោះ​គឺ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ធ្វើ​អោយ​លំហូរ​ព័ត៌មាន​គ្មាន​ដែន​កំណត់​និង​ក្នុង​ល្បឿន​ដូច​ផ្លេកបន្ទោរ បាន​ធ្វើ​អោយ​មានការ​ប្រែប្រួល​លើ​គ្រប់​វិស័យ​ដូច​ជា​ការ​ទំនាក់ទំនង ការ​ធ្វើ​ធុរកិច្ច ការ​ធ្វើ​នយោបាយ ការ​អប់រំ​។​ល​។​ និង​ល​។ មនុស្ស​ជំនាន់​ថ្មី​យល់​ច្បាស់​ជាង​មនុស្ស​ចាស់​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​បំពេញការងារ​ជា​លក្ខណ​:​ជាតិ​និង​អន្តរជាតិ​។

ដូច្នេះ​មនុស្ស​វ័យក្មេង​នឹង​ក្លាយជា​ឈាម​ស្រស់​ដែល​នឹង​ធ្វើ​អោយ​រដ្ឋាភិបាល​កាន់តែ​មាន​កម្លាំង​ខ្លាំង​ហើយ​បំពេញការងារ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ជាង​មុន​។

តើ​អ្នក​អាន​កោះសន្តិភាព​ទាំងអស់​យល់​យ៉ាងណា​ដែរ​អំពី​សារសំខាន់​នៃ​ការ​បញ្ចូល​មនុស្ស​វ័យក្មេង​ទៅ​ក្នុង​ឆាកនយោបាយ ​និង​រដ្ឋាភិបាល?
សូម share អត្ថបទ​នេះ​ទៅ​កាន់​មិត្ត​របស់​អ្នក​ដើម្បី​គាំទ្រ​ដល់​យុវជន​និង​យុវតី​នៅ​ក្នុង​ឆាកនយោបាយ​និង​រដ្ឋាភិបាល​ ៕