ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានីភ្នំពេញ ៖ ​​កាលពី​​ព្រឹក​ថ្ងៃ​ទី​០២ ​មីនា ២០១៦ កម្លាំង​​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​បង្កើត​គណៈ​កម្មការ​ ដែល​ មាន​ការ​ចូលរួម​ត្រួត​ពិនិត្យ​ពី​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុ​ន​ថន និង​លោក​ឡេ​ង ណា​ង ជា​ក្រឡាបញ្ជី​ ​ធ្វើការ​រាប់​ចំនួន​ថ្លឹង និង​ធ្វើតេស្ត ជា​លទ្ធ​ផល​ឃើញ​ថា​ មាន​ថ្នាំ​គ្រាប់​WY ​ឬ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​មាន​ចំនួន​ដប់​ម៉ឺន​បី​ពាន់​ប្រាំមួយ​រយ​គ្រាប់​ និង​ម៉ា​ទឹកកក ឬ​ហៅ​ថា​ មេ​តំ​ហ្វេ​តា​មីន​​អាយ​ស៍ចំនួន​៣​គីឡូក្រាម​មួយ​​ខាំ ។

​តាម​រយៈ​ការ​ធ្វើតេស្ត៍​ឃើញ​ថា​ ថ្នាំ​ញៀន​ទាំង​អស់នោះ​ មានគុណ​ភាព​សុទ្ធ100% ។​ បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ដែល​បាន​ចាប់​​យក​​សមត្ថកិច្ចកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមនី​តិ​វិធី​ ។ រីឯ​បក្សពួក​ជន​សង្ស័យ​​​ដែល​នៅ​សេសសល់​ផ្សេង​ៗ​ទៀត​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ប្រ​មាញ់បន្ត​ ។

គួរ​រំលឹកថា លោក​​ឧត្តមសេនីយ៍ទោ រ័​ត្ន ស្រ៊ា​ង ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​​​ឱ្យ​​ដឹង​ថា ​ដោយ​មានការ​​ដឹកនាំ​បញ្ជា​ពី​​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​អាវុធហត្ថ​ខណ្ឌប្ញ​ស្សី​កែវ​កម្លាំង​​ជំនាញ​មន្ទីរ​យុត្តិធម៌ និង​កម្លាំង​​​ការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​ ​បាន​​សហការ​គ្នា​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជា​​ច្រើន​ខែ ​ទើប​​កំណត់​មុខសញ្ញា​បាន ​ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្តែង​​នូវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃ​ទី28-02-2016 ​នៅ​ចំណុច​ចំណតរថយន្ត​ក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ប្រេសក្បែរ​គល់​ស្ពាន​ជ្រោយចង្វារ​ ដោយ​ចាប់​យក​បាន គ្រឿង​ញៀន​​ប្រភេទម៉ា​ទឹកកក ឬ​ហៅ​ថា​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ជាង​៣​គីឡូក្រាម និង​ថ្នាំ​គ្រាប់​WY ឬ​ហៅ​ថា ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន១៧​សុង ​និង​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​ឈ្មោះ​ឌី ធូ​រ៉ា ហៅ​ត្រា ​​​អាយុ​៣២​ឆ្នាំ ​ខណៈ​​​ដែល​​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ជាក់​ស្តែង​។

តាម​រយៈ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​​ដែល​ឃាត់ខ្លួន​បាន​ខាងលើ​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​រក​ឃើញ​​​អ្នក​ជាប់​ពាក់ព័ន្ធ​បាន​៥នាក់​ផ្សេង​ទៀត​ ដែល​ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​២​នាក់ ​ជន​ជាតិ​វៀតណាម​១នាក់ ​និង​ជនជាតិ​ស្បែក​ខ្មៅ​២នាក់​។​

លោក​ឧត្តមសេនីយ៍ទោ​ រ័​ត្ន ស្រ៊ា​ង ​បាន​បញ្ជាក់​បន្ថែម​​ថា ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះឌី ធូ​រ៉ា​ ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​នេះ​ គឺ​ក្រោម​ការ​ចាត់ចែង​បញ្ជា​ផ្ទាល់​ចេញពី​ក្នុង​ពន្ធនាគារ​ដែល​មាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​២នាក់​ ជា​មេខ្លោង​ធំ ។ ​រីឯ​ជនជាតិ​ខ្មែរ​២នាក់​ទៀត​ ដែល​នៅ​ក្នុង​គុក​ដែរ​នោះ​ ជា​អ្នក​ទំនាក់ទំនង​ជាមួយ​មេខ្លោង​ធំ​បញ្ជា​តម​ក​ក្រៅ ហើយ​ឈ្មោះឌី​ ធូ​រ៉ា ដែល​នៅ​ខាងក្រៅ ​គឺ​ចាំ​ទទួលបញ្ជា​ពី​អ្នក​នៅ​ក្នុង​គុកឱ្យយ​ចាំ​ទទួល​ថ្នាំ​ញៀន​ពី​មនុស្ស​ផ្សេង​ទៀត ​ដែល​វា​មិន​ស្គាល់​ក្នុង​នោះ​ ​មាន​ជនជាតិ​ខ្មែរ​ និង​ជនជាតិ​ស្បែក​ខ្មៅ ដែល​ធ្លាប់​បាន​ប្រគល់​ថ្នាំ​ញៀន​ឲ្យ​វា​ជា​អ្នក​យក​ទៅ​បែងចែក​បន្ត​ នៅ​ពេល​មាន​បញ្ជា​ពី​អ្នក​នៅ​ក្នុង​គុក​តាម​រយៈ​ទូរស័ព្ទ​ថា ​ត្រូវ​យក​ទៅ​ឲ្យ​អ្នក​ណា​នៅ​កន្លែង​ណាចំនួន​ប៉ុន្មាន​ហើយ​អ្នក​ដែលមក​ទទួលយក​ពី​វា​ក៏​វា​មិន​​ស្គាល់​ដែរ​ ។