EU ផ្តល់​ថវិកា​ជិត​៨០​ម៉ឺន​យូរ៉ូ ដល់​សង្គម​ស៊ីវិល ដើម្បី​ជួយ​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​

​សហភាព​អឺរ៉ុប បានផ្តល់​ជំនួយ​ប្រមាណ ៨០​ម៉ឺន​អឺរ៉ូ (​ជិត​៨៧​លាន​ដុល្លារ​អាមេរិក​) ដល់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ តំណាង​សហភាព​អឺរ៉ុប​សង្ឃឹមថា គម្រោង​នេះ នឹង​អាចធ្វើ​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ​។  ចំណែកឯ ក្រសួង​អប់រំ ក៏បាន​ស្វាគមន៍​និង​ពេញចិត្ត​ចំពោះ​គម្រោង​នេះ ផងដែរ​។ 

​អង្គការ​ភាពជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល (NEP) បានទទួល​ជំនួយ​ប្រមាណ ៨០​ម៉ឺន យូរ៉ូ ពី​សហភាព​អឺរ៉ុប សម្រាប់​គម្រោង​រយៈពេល​៣​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ។ រហូតមកដល់​ពេលនេះ អង្គការក្រៅរដ្ឋាភិបាល​ជាង​១៤០ បាន​ក្លាយជា​សមាជិករ​បស់ NEP ។​

​ប្រធាន​អង្គការ NEP លោក ជិន ច័ន្ទ​វាសនា បាន​លើកឡើងថា ជំនួយ​នេះ នឹង​ជួយ​ជ្រោមជ្រែង​ក្រុម​សង្គម​ស៊ីវិល​ទាំង​១៤០  ឲ្យ​មានលទ្ធភាព​តាមដាន​ការអនុវត្ត​គោលនយោបាយ​អប់រំ​រប​ស់​រដ្ឋាភិបាល​។ លោក បន្តថា ក្រោយពី​ការរកឃើញ​ចំណុច​អវិជ្ជមាន អង្គការ​ទាំងនេះ នឹង​ផ្តល់​អនុសាសន៍ ដល់​ក្រសួង​អប់រំ ឲ្យ​កែលម្អ​នូវ​ភាពខ្វះ​ចន្លោះ​ក្នុងការ​អនុវត្ត​គោលនយោបាយ ។ ការលើកឡើង​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​គម្រោង​ស្តីពី «​ការកៀងគរ​សង្គម​ស៊ីវិល​ក្នុងការ​ដោះស្រាយ​ភាពខ្វះ​ចន្លោះ​នៃ​ការអនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​» នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃទី​៣ ខែ​មិនា​នេះ​។

​លោក ជិន ច័ន្ទ​វាសនា បាន​បន្ថែមទៀតថា នាពេល​បច្ចុប្បន្ននេះ ក្រសួង​អប់រំ នៅតែមាន​ភាពខ្វះ​ចន្លោះ​ក្នុងការ​អនុវត្ត​គោលនយោបាយ​។ លោក បាន​លើក​ពី​ចំណុច​អវិជ្ជមាន​ថា តាម​គោលការណ៍ ក្រសួង​កំណត់​ឲ្យ​គ្រូ​នៅ​កម្រិត​បឋមសិក្សា ត្រូវ​បង្រៀន​ឲ្យ​គ្រប់​៨៥០​ម៉ោង ក្នុង​មួយឆ្នាំ តែ​ជាក់ស្តែង គ្រូបង្រៀន​បានតែ​ជាង​៦០០​ម៉ោង​ប៉ុណ្ណោះ​។ ប្រធាន​អង្គការ NEP រូបនេះ បាន​អះអាង​ទៀតថា វិស័យ​អប់រំ នៅមាន​ភាពខ្វះ​ចន្លោះ​ជាច្រើន​ទៀត ដូចជា មន្ត្រី​អប់រំ​នៅ​ថ្នាក់ក្រោម​ជាតិ​មិន​យល់ច្បាស់​ពី​គោលនយោបាយ​របស់​ក្រសួង ហើយ​គោលនយោបាយ​ខ្លះ នៅមាន​ភាព​អសកម្ម​ក្នុងការ​អនុវត្ត ជាដើម​។​

​តំណាង​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប លោក Alain Vandersmissen រំពឹងថា ការ​ផ្តល់ជំនួយ​ដល់​អង្គការក្រៅរដ្ឋាភិបាល​នេះ នឹង​អាច​បង្កើន​គុណភាព​អប់រំ​នៅ​កម្ពុជា​។ លោក បន្ថែមថា គម្រោង​នេះ គ្មាន​បំណង​អ្វី​ក្រៅពី​ការផ្តល់​ឱកាស​ដល់​ក្រុម​សង្គម​ស៊ីវិល បាន​ពិភាក្សាគ្នា និង​ផ្តល់យោបល់ ដល់​រដ្ឋាភិបាល ឲ្យ​កែតម្រូវ​នូវ​ភាពខ្វះខាត​ក្នុងការ​អនុវត្ត​គោលនយោបាយ​អប់រំ នោះទេ​។ 

​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​ផែនការ ក្រសួង​អប់រំ លោក លឹម សុធា  បាន​សម្តែង​ភាព​រីករាយ ចំពោះ​ការជួយជ្រោមជ្រែង​របស់​សហភាព​អឺ​រុ​ប តាមរយៈ​ការផ្តល់​ថវិកា​ដល់​ក្រុម​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ លោក ទទួលស្គាល់ថា បើទោះបីជា​វិស័យ​អប់រំ​មាន​ភាព​រីកចម្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក៏ពិតមែន តែ​ភាពខ្វះ​ចន្លោះ​ក្នុងការ​អនុវត្ត​គោលនយោបាយ នៅតែមាន​។ ដូច្នេះ តំណាង​ក្រសួង​អប់រំ​រូបនេះ សង្ឃឹមថា ក្រសួង​នឹង​ទទួលបាន​គំនិត​និង​យន្តការ​ផ្សេង ពី​សង្គម​ស៊ីវិល​ទាំងនោះ ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​ទាំងអស់គ្នា​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​