អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បន្ត​ដេញដោល​ពី​ការ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៣ មីនា បន្ត​សវនាការ​សួរ​ដេញដោល​សាក្សី​មួយ​រូប​ទៀត ទាក់ទង​នឹង​ការ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង ខេត្ត​រតនគិរី ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សាក្សី​ថ្មី​ឈ្មោះ មឿង ចាន់ឌី មក​ពី​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល គឺ​ជា​សាក្សី​ទី​២ ដែល​បាន​ឡើង​មក​ផ្ដល់​សក្ខីកម្ម​ដល់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ទាក់ទង​នឹង​ការ​កាប់​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង។

លោកស្រី មឿង ចាន់ឌី ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា លោកស្រី​ក៏​ជា​អតីត​អ្នក​ទោស​មួយ​រូប​ទៀត​នៅ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង ក្នុង​ខេត្ត​រតនគិរី ដែរ។ លោកស្រី​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោកស្រី​បាន​ឃើញ​កង​សន្តិសុខ​សម្លាប់​ស្ត្រី​ម្នាក់​ដោយ​ផ្ទាល់​ភ្នែក៖ «គេ​ឲ្យ​ខ្ញុំ​ទៅ​បេះ​បន្លែ។ បន្លែ​ធម្មជាតិ បន្លែ​ជនជាតិ​ដុះ​តាម​ព្រៃ​ហ្នឹង ហើយ​ក៏​ជួប​ឃើញ​តា អូយ ហ្នឹង គេ​កំពុង​តែ​ធ្វើ​បាប​ស្ត្រី​ម្នាក់​ហ្នឹង។ ហើយ​ពួក​ខ្ញុំ​ក៏​ពួន​មើល អត់​ហ៊ាន​មាត់​ហ៊ាន​អី​ទេ។ លួច​មើល​គេ​ទាំង​ភ័យ។ ចង់​មើល​ឲ្យ​អស់​ចិត្ត​ថា គេ​ធ្វើ​យ៉ាង​ម៉េច​ទៀត។ ដល់​ហើយ​គេ​ដាក់​មួយ​ត្បូង​ចប ហើយ​ស្ត្រី​ហ្នឹង​មក​ប​ជើង។ ប​ជើង​ហើយ គេ​ក៏​ដាក់​បន្ថែម ហើយ​ក៏​ជីក​ដី​កប់​ទៅ»

លោកស្រី មឿង ចាន់ឌី ជា​អតីត​ភរិយា​របស់​សាក្សី ផន ថុល ហើយ​ជាប់​ឃុំ​ឃាំង​នៅ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង ដែរ។ លោក ផន ថុល ផ្ដល់​សក្ខីកម្ម​នៅ​មុន លោកស្រី មឿង ចាន់ឌី ថា លោក​បាន​ឃើញ​កង​សន្តិសុខ​សម្លាប់​មនុស្ស​នៅ​ទីនោះ​ដូច​គ្នា។ លោក​បាន​ឃើញ​គេ​យក​ចារ៉ាយ​ក្មេង​ចាស់​ទាំង​ឡានៗ ទៅ​ដាក់​នៅ​ខាង​មុខ​ផ្ទះ​គុក ដែល​គេ​ដាក់​ច្រវាក់​ជើង​លោក។ ទាំង លោក ផន ថុល និង​លោកស្រី មឿង ចាន់ឌី អះអាង​ដូច​គ្នា​ថា ជនជាតិ​ចារ៉ាយ​ទាំង​នោះ​ត្រូវ​បាន​គេ​ចង​ខ្សែ។ ពីរ​បី​អាទិត្យ​បន្ទាប់​មក គេ​យក​ជនជាតិ​ចារ៉ាយ ទៅ​កន្លែង​ផ្សេង​បាត់​អស់។ សាក្សី​ទាំង​ពីរ​សន្និដ្ឋាន​ថា ជនជាតិ​ចារ៉ាយ​ទាំង​នោះ អាច​ត្រូវ​គេ​សម្លាប់​ដាក់​ក្នុង​រណ្ដៅ​គ្រាប់​បែក បេ​៥២ (B-52) មួយ នៅ​តំបន់​នោះ៖ «»

សវនាការ​ស្ដាប់​សាក្សី មឿង ចាន់ឌី នៅ​មិន​ទាន់​ចប់​ទេ ហើយ​នឹង​ត្រូវ​មក​បន្ត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ មីនា ទៀត។ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក និល ណុន ប្រកាស​ថា បន្ទាប់​ពី​សាក្សី មឿង ចាន់ឌី អង្គ​ជំនុំ​ជម្រះ​នៅ​មិន​ទាន់​មាន​សាក្សី​បន្ទាប់​នៅ​ឡើយ​ទេ ព្រោះ​សាក្សី​ដែល​នឹង​ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​បន្ត មាន​បញ្ហា​សុខភាព​មិន​អាច​មក​បាន។

មន្ទីរ​សន្តិសុខ​អូរ​កន្សែង នៅ​ខេត្ត​រតនគិរី គឺ​ជា​ទីតាំង​ឧក្រិដ្ឋកម្ម​មួយ ដែល​សាលា​ក្ដី​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ ខៀវ សំផន នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។ សាលា​ក្ដី​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន បាន​បំផ្លាញ​រចនាសម្ព័ន្ធ​ច្បាប់ និង​តុលាការ​កម្ពុជា ហើយ​ដាក់​ជំនួស​វិញ​មន្ទីរ​សន្តិសុខ​ប្រហែល ២០០​កន្លែង និង​ទីតាំង​សម្លាប់​មនុស្ស​រាប់​មិន​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។