ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ ចាប់ខ្លួន​បន្ទាប់​ពី​បុរស​នោះ​ផឹកស្រា​ស្រវឹង​ខឹង​ឪពុក ម្ដាយ​ស្ដីប្រដៅ​បាន​ដុត​ផ្ទះ​ឆេះ​ហ្មត់​កាលពី​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែមីនា នៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា​ជន​ស​ង្ស័​ដែល​បាន​ចាប់ខ្លួន​មានឈ្មោះ ខន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់​។ ចំណែក​ជន​រង​គ្រោះជា​ឪពុក  ឈ្មោះ​គឹ​ម ខន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​។

មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ចេញពីផ្ទះ​ដើរទៅ​ផឹកស្រា ។ លុះដល់​វេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ មាន​សភាព​ស្រវឹង​ខ្លាំង និង​បានរ​កក​រឿង​ជាមួយ​ឪពុក​ម្តាយ ហើយ​ឪពុក​ម្ដាយ​បាន​ស្ដីប្រដៅ អប់រំ​ណែនាំ​ដល់​ជនសង្ស័យ កុំឱ្យ​អោយ​ដើរ​ផឹកស៊ី​ស្រវឹង​ប៉ោឡែ​ឱ្យ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ផង ពេល​នោះ​ជនសង្ស័យ​បាន​ខឹង​ច្រឡោត ហើយ​បាន​យក​ប្រេងម៉ាស៊ូត​មក​ចាក់​ដុត​ផ្ទះ ។

ផ្ទះ​ដែល​ឆេះ​នោះ សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ទំហំ​៥​គុណ​និង​៧​ម៉ែត្រ និង​សម្ភារៈ​ប្រើប្រាស់ ទ្រព្យសម្បត្តិ នៅ​ក្នុងផ្ទះ​ត្រូវ ឆេះ​អស់រលីង​។ ភ្លាម​ៗ​នោះ​ឪពុក​ម្ដាយ​បាន​ខំព្យាយាម​ពន្លត់ តែ​ពន្លត់​មិន​រលត់ បណ្ដាល​ឱ្យ​ឆេះ​ហ្មត់​អស់​តែ​ម្ដង បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កំពង់​សំណាញ់​ធ្វើការ​ឃាត់ខ្លួន​និង​ប​ញ្ជួ​ន​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​បន្ត ៕