ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តរតនគិរី ៖ ជម្លោះ​ដ៏​ក្តៅ​គគុក​រវាង​អ​ជ្ញា​ធរ​ខេត្តរតនគិរី ជាមួយ​អ្នក​វិនិយោគ​ផ្សារ​បាន​លុង​(​ក្រុមហ៊ុន​ហេង​ដា​រា​)​កំពុង​លេច​ចេញ​រូបរាង​បណ្តើរ​ៗ​នៃ​លទ្ធផល និង​បង្ហាញ​ការ​ពិត​ដ៍​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​។ លើ​បញ្ហា​ជម្លោះ​នេះ​គេ​សង្កេត​ឃើញ​ថា​អ្នកដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​រួម​ទាំង​មេធាវី តុលាការ​មក​ពី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​បាន​បើក​ការ​ស្រាវជ្រាវ​រក​មូលហេតុ នៃ​អង្គហេតុ​ផ្តើម​ឲ្យ​កើត​មាន​ជា​ជម្លោះ​នេះ​ដោយ​បាន​ចុះ​សិក្សា​ដោយ​កម្លាំង​ជំនាញ​រៀង​ៗ​ខ្លួន​ប្រមូល​បាន​លទ្ធផល​បណ្តោះ​អាស​ន្ត​ជា​បន្តបន្ទាប់​ដាក់​លើ​តុ​គ្រោង​នឹង​បង្ហាញ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ត្រៀម​សុំ​សេចក្តីសម្រេច​និង​អនុវត្ត​បញ្ចប់​បញ្ហា​ជម្លោះ​នេះ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​។

ជាមួយ​គ្នា​នេះ​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ចុះ​ស្រាវជ្រាវ និង​អង្កេត​តំណាង​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​រួម​មាន​ឯកឧត្តម ប៊ូ ថង ប្រធាន​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៨​ជា​ប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ខេត្តរតនគិរី នាយ​ឧត្តមសេនីយ៍ ស៊ើ​យ កែវ សមាជិក​ព្រឹទ្ធសភា ឯកឧត្តម លី ធុ​ច រដ្ឋមន្ត្រី​ទទួល​បន្ទុក​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តរតនគិរី លោក គី​ម សេង ប្រធាន​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់ របស់​ទីស្តីការរដ្ឋមន្ត្រី​រួម​នឹង​ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិ​នា ឆ្នាំ​២០១៦​នេះ​មន្ត្រីជាន់ខ្ពស់​ខាងលើ​បាន​ចុះ​អង្កេត និង​ស្រាវជ្រាវ​លើ​បញ្ហា​វិវាទ​រវាង​អ​ជ្ញា​ធរ​ខេត្ត​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ហេង ដា របស់​ឧកញ៉ា​សា លាង យ៉ាង​សកម្ម និង​ប្រឹងប្រែង​បំផុត​។ ក្នុង​នោះ​គេ​ឃើញ​ថា​បាន​ចុះ​ស្រាវជ្រាវ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ដោយ​លាយលក្ខណ៍អក្សរ​ផង ចោទសួរ​ផ្ទាល់មាត់​ពី​គ្រប់​ភាគី​(​ប្រជាពលរដ្ឋ មន្ត្រី​មន្ទីរ​ពាក់​ពន្ធ សាលាខេត្ត សាលាក្រុង​)​ផង​ដែរ​។

គណៈកម្មាធិការ​របស់​ប្រធាន​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​៨​ដឹកនាំ​ដោយ​ឯកឧត្តម ប៊ូ ថង ប្រធាន​ក្រុម​ត្រួត​ពិ​និ​ត​នៅ​ខេត្តរតនគិរី​ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​បាន​ចុះ​ស្រាវជ្រាវ​ប្រមូល​យក​ព័ត៌មាន​បញ្ហា​ខាងលើ​ដែរ​នោះ បាន​រក​ឃើញ​ករណី​បាតុភាព​នៅ​ផ្សារ​បាន​លុង​បន្ទាប់​ពី​ឆ្លង​តាម​ការ​ប្រជុំ​ពិភាក្សា ស្តាប់​របាយការណ៍ និង​ពិនិត្យ​ឯកសារ​នានា​ពាក់ព័ន្ធ​បាតុភាព​ផ្សារ​បាន​លុង​នេះ​ពិនិត្យ​ឃើញ​ថា សហគ្រាស ហេង ដា​រា បាន​ទទួល​ឯកភាព​ជា​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​ក្នុង​ការ​វិនិយោគ​។ ក្នុង​នោះ​មានការ​ជុស​ជុល និង​សាងសង់​បន្ថែម​ផ្សារ​បាន​លុង​នៅ​ថ្ងៃ​ទី​១៣​ខែសីហា ឆ្នាំ​២០១៧ ជាមួយ​និង​ការ​ជួសជុល និង​លាបថ្នាំ​អាគារ​ចាស់​ទំហំ​៥២​ម​×៣៧​ម និង​សាងសង់​អាគារ​ផ្សារ​ថ្មី​ទំហំ​៩០​ម​×១៤​ម​អំពី​បេតុង​ត​ភ្ជាប់​ពី​អាគារ​ចាស់​នៅ​ជ្រុង​ខាងជើង​(​មុខ​ផ្សារ​)​អាគារ​ទីស្នាក់ការ​បង្គន់​អនាម័យ បណ្តាញ​អគ្គិសនី ប្រព័ន្ធ​លូ​ទឹក និង​ទីលាន​ចាក់សម្រាម​។

ចាប់ពី​ឆ្នាំ​២០០៨​ដល់​ដើមឆ្នាំ​២០១៥​ទីតាំង​ដី​ទំនេរ​ទំហំ​១១០​ម៉ែត្រ​×៥៤​ម៉ែត្រ​ត្រូវ​បាន​សហគ្រាស ហេង ដា​រា យក​ធ្វើ​អាជីវកម្ម​ផ្ទាល់​ដោយ​បាន​បង្ក​ភាព​អនាធិបតេយ្យ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​សោ​ភ​ណ័​ភាព​អនាម័យ និង​បរិស្ថាន​។ យោបល់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៨​ខាងលើ​មាន​អ្នកខ្លះ​ថា​គ្រប់​ហ៊ុន​សហគ្រាស​ហេង​ដា​រា​អាច​ប្រឈម​ដោយ​មូលហេតុ​រួម​សំខាន់​៣​ចំណុច​១/​សហគ្រាស​នេះ​មិន​គោរព និង​មិន​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ​ទៅ​តាម​សៀវភៅ​បន្ទុក​និង​កិច្ចសន្យា​។ ២/​ញុះញុង​កុហក​បោកប្រាស​បងប្អូន​អាជីវករ​បង្ក​ភាព​អនាធិបតេយ្យ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ​ ៣/​មិន​សហ​ការណ៍​ជាមួយ​អ​ជ្ញា​ធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ឯកឧត្តម លី​ធុ​ជ ទេស​រដ្ឋមន្ត្រី ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តរតនគិរី​តំណាង​ដ៏​ខ្ពង់ខ្ពស់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បើក​វេទិការ​សាធារណៈ​នៅ​រសៀល​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ពី​គ្រោះ​យោបល់​លើ​បញ្ហា​ផ្សេង​របស់​ប្រជាពលរដ្ឋ​ទាក់ទិន​រឿង​ប៉ះពាល់​រវាង​ក្រុមហ៊ុន​សហគ្រាស ហេង ដា​រា និង​អ​ជ្ញា​ធរ ក៏​បាន​លេច​ចេញ​នៅ​ព័ត៌មាន​យ៉ាងច្រើន​ផង​ដែរ​។

​គេ​សង្កេត​ឃើញ​ថា​បញ្ហា​បទល្មើស​មួយ​ចំនួន​ដែល​អាជីវករ​បាន​លើក​ឡើង​និង​ដាក់​ជា​សំណើសុំ​អោយ​គណៈអធិបតី​ជួយ​ដោះស្រាយ​ជុំវិញ​បញ្ហា​ផ្សេង​ៗ​។ ជាក់ស្តែង លោក គង់ សំអាត់ អនុប្រធាន​សហគ្រាស ហេង ដា​រា លោក​បាន​លើក​ឡើងរ​ឲ្យ​គណៈប្រតិភូ​ក្នុង​អង្គ​វេទិការ​សាធារណៈ​ពេល​នោះ​ចំពោះ​ការ​ដែល​មាន​ប្រជាពលរដ្ឋ​មក​ដាក់​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ​(​លក់​ក្រៅ​ដំបូល​អាគារ​)​ដោយ​លោក​បាន​បញ្ជាក់​ថា​ជា​អ្នក​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​លក់​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិ​នា ឆ្នាំ​២០១៦ នេះ​គណៈកម្មាធិការ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​បាន​បើក​ការ​ប្រជុំ​ផ្ទៃក្នុង​របស់​ក្រុមការងារ មក​ពី​ស្ថាប័ន​ពាក់​ព​ន្ធ័​រួម​ទាំង​តុលាការ សាលាខេត្ត សាលាក្រុង មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ក្រសួង​មួយ​ចំនួន​ទៀត​ក្រោម​អធិបតី​លោក​ទេស​រដ្ឋ​មន្ត្រ លី ធុ​ជ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ចុះ​ជួយ​ខេត្តរតនគិរី​បាន​ប្រជុំ​ពិនិត្យ​រក​វិធានការ​ដោះស្រាយ​រវាង​ក្រុមហ៊ុន​សហគ្រាស ហេង ដា​រា ជាមួយ​អ​ជ្ញា​ធរ និង​ឈាន​ទៅ​បង្កើត​ក្រុម​គណៈកម្មកា​អន្តរក្រសួង​ដើម្បី​ចុះ​អនុវត្ត​ជាក់ស្តែង​នៅ​ពេល​ខាង​មុខ​នេះ​ហើយ​៕