ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រេច​៨​សកម្មភាព​ធំៗ គ្រោង​ចំណាយ​ថវិកា ១០​លាន​ដុល្លារ​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ មាន​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ​សម្រេច​លើ​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

​ក្រោយ​កិច្ចប្រជុំ​ចប់ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ឲ្យ​ដឹងថា សម្រាប់​ខ្លឹមសារ​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ឆ្នាំ​២០១៦ ត្រូវ​បានអនុម័ត​ទាំងស្រុង​ហើយ បន្ទាប់ពី​មានការ​ចូលរួម​យោបល់​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លើ​បញ្ហា​ខ្លឹមសារ និង​បញ្ហា​ទម្រង់​ខ្លះៗ ហើយ​អង្គពិធី​ក៏បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​យន្ត​ការធ្វើសកម្មភាព​តាម​ផែនការ​ផងដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បាន​បញ្ជាក់ថា ផែនការ​ខាងលើ គឺមាន ៨​សកម្មភាព​ធំៗ ពាក់ព័ន្ធ​សំខាន់​ទៅដល់​ដំណើរការ​យន្តការ​រប​ស់​គណៈកម្មាធិការ​ជាតិ បញ្ហា​សុវត្ថិភាព​ផ្លូវ បញ្ហា​ការផ្សព្វផ្សាយ​អប់រំ បញ្ហា​សុវត្ថិភាព​យាន្ត បញ្ហា​ប័ណ្ណបើកបរ បញ្ហា​សង្គ្រោះបន្ទាន់ បញ្ហា​រិត​បន្តឹង​ច្បាប់ និង​បញ្ហា​គ្រប់​គ្រង់​ការដឹកជញ្ជូន​អ្នកដំណើរ​ជាដើម ។​ល​។ និយាយ​ជារួម ខ្លឹមសារ​ទាំងស្រុង​នៃ​ផែនការ​សកម្មភាព​ដែល​បាន​ព្រាង​ឡើង​នេះ គឺ​ត្រូវបាន​កែលម្អ និង​សម្រេច​ជា​ស្ថាពរ​ហើយ​។

​លោក បាន​បន្តថា បញ្ហា​ទិសដៅ​បន្ត គឺ​នៅ​ពិភាក្សាគ្នា​អំពី​បញ្ហា​ថវិកា​សកម្មភាព​ទាំង​៨ ដែល​គ្រោង​នឹង​ស្នើសុំ​រាជរដ្ឋាភិបាល​សម្រាប់​ស​កម្ម​ភាព​ឆ្នាំ​២០១៦​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គ្រោង​ជាង ១០​លាន​ដុល្លារ​។ ប៉ុន្តែ​ឥឡូវ កំពុងតែ​គិតថា​ថវិកា​នេះ ទី​១.​ថា​តើ​មាន​ចំណែក​ជួយ​ពី​ខាងអង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ប៉ុន្មាន ហើយ​ត្រូវ​ស្នើសុំ​រដ្ឋ​ប៉ុន្មាន​, ទី​២.​ថា​តើ​មុខ​ចំណាយ​នេះ វា​មាន​ពាក់ព័ន្ធ​និង​ការស្នើសុំ​រួចហើយ របស់​តាម​អង្គភាព ក្រសួង​នានា នៅក្នុង​ថវិកាជាតិ ក្នុង​ឆ្នាំ​២០១៦ ឬទេ ហើយ​ត្រូវ​ពិនិត្យឡើងវិញ​ជា​លម្អិត​ទៀត​។

​លោក អគ្គ​ស្នងការរង​នគរបាលជាតិ បានបញ្ជាក់​ទៀតថា ថវិកា ១០​លាន​ដុល្លារ ដែល​គ្រោង​ស្នើសុំ​រាជរដ្ឋាភិបាល គឺ​សម្រាប់​បម្រើ​សកម្មភាព​៨ របស់​ផែនការ​សកម្មភាព ហើយ​ផែនការ​សកម្មភាព​នេះ វា​ពាក់ព័ន្ធ​សំខាន់​ដល់​ក្រសួង​សាធារណៈការ ជាច្រើន ដូចជា​៖ សុវត្ថិភាព​យានយន្ត សុវត្ថិភាព​ផ្លូវថ្នល់ ការដាក់​ស្លាក​សញ្ញា​តាមផ្លូវ និង​ធ្វើ​ផ្លូវ​សម្រាប់​ថ្មើរជើង​។ ក្នុងនោះ​ក៏​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​របស់​ក្រសួងសុខាភិបាល ក្រសួង​អប់រំ និង​មួយចំណែក​ទៀត​សម្រាប់​នគរបាល​អនុវត្ត​ច្បាប់ ពាក់ព័ន្ធ​និង​ល្បឿន ត្រូវ​បន្ថែម​ឧបករណ៍​ថែមទៀត ទៅ​ផែនការ​របស់​ក្រសួង​ដែលមាន ៕

ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រេច​៨​សកម្មភាព​ធំៗ គ្រោង​ចំណាយ​ថវិកា ១០​លាន​ដុល្លារ​

ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រេច​៨​សកម្មភាព​ធំៗ គ្រោង​ចំណាយ​ថវិកា ១០​លាន​ដុល្លារ​

ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រេច​៨​សកម្មភាព​ធំៗ គ្រោង​ចំណាយ​ថវិកា ១០​លាន​ដុល្លារ​