ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​ដោយ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ឆែកឆេរ​ទីតាំង​លក់​សម្លៀក​បំពាក់​ហាង​យីហោ kh export ដែល​ត្រូវ​ម្ចាស់​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក the nouth west ប្តឹង​ទៅ​តុលាការ​ខេត្តសៀមរាប តាម​រយៈ​មេធាវី h b s law មក​ពី​ភ្នំពេញ ចោទ​ពី​បទ​រំលោភ​កម្ម សិទ្ធិ​បញ្ញា​។

ហេតុការណ៍​ដែល​សមត្ថកិច្ច​ឆែកឆេរ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ ដង្គំ​ក្រុង សៀមរាប​។ លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានឱ្យ​ដឹង​ថា ការ​ឆែក​ទីតាំង​ខាងលើ​នេះ គឺ​ធ្វើ​ទៅ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ឈ្មោះ the nouth west ដែល​មា​នទី​តាំងនៅ​សហរដ្ឋអាមេរិក ដែល​បាន​ប្តឹង​តាម​រយៈ​ក្រុមហ៊ុន​មេធាវី​ឈ្មោះ​HBSlaw មា​នទី​តាំងនៅ​ក្រុងភ្នំពេញ​ហើយ​បាន​ប្តឹង​មក​តុលាការ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​បទចោទប្រកាន់​ក្លែងបន្លំ​ម៉ាក​។

លោក​បន្ត​ថា ក្នុង​ការ​ឆែកឆេរ​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​អាវរ​ងារ​ដៃ​វែង​ចំនួន​១៤៤​និង​មួក​ចំនួន​៨​។​លោក​បញ្ជាក់​ទៀត​ថា ចំពោះ​ទំនិញ​នៅ​ក្នុង​ទីតាំង​ខាងលើ​ដែល​បាន​រក​ឃើញ​នោះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាត់វិធានការ​នោះ​ទេ ដោយ​ឱ្យ​ម្ចាស់​រក្សា​ទុក និង​ហាម​មិន​ឱ្យ​លក់ដូរ​បន្ត​។ មូលហេតុ ខាង​ក្រុមហ៊ុន the nouth west នៅ​អា​មេ​រិ​ក​មិន​ទាន់​បាន​ឆ្លើយ​តាម​ទូរ​សព្ទ័​មក​វិញ​ថា សាខា​នៅ​សៀមរាប និង​ភ្នំពេញ​មានច្បាប់​ឬ​អត់​នោះ​ទេ ប្រសិនបើ​គ្មាន​ច្បាប់​នឹង​បង្ក្រាប​ទាំង​ពីរ​សាខា​។ ពីព្រោះ​សាខា​នៅ​សៀមរាប ឆ្លើយ​ថា​ទំនិញ​ទាំងនេះ​គឺ​ទទួល​ពី​សាខា​ក្រុងភ្នំពេញ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កម្លាំង​ការិយាល័យ​នគរបាល​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន nouth west នៅ​សហរដ្ឋអាមេរិក ដើម្បី​បន្ត​ចំណាត់ការ​បន្ថែម​ទៅ​តាម​ផ្លូវច្បាប់​៕​