តារា​ល្បុក្កតោ សុខ ដែន បកស្រាយ​រឿង​ស្រឡាញ់​ភេទ​ដូច​គ្នា

ស្រប​ពេល សុខ ដែន កំពុង​ថត​រឿង “ហ្លួង​ព្រះស្ដេច​កន” ក៏​ស្រាប់​តែ​មាន​ព័ត៌មាន​លេចឮ​ត​គ្នា​ថា តារា​ល្បុក្កតោ​រូប​នេះ​ស្រលាញ់​ភេទ​ដូច​គ្នា ទើប​មិន​នឹកនា​រក​ប្រពន្ធ​កូន​ហ្នឹង​គេ។

 

តារា​ល្បុក្កតោ សុខ ដែន បកស្រាយ​រឿង​ស្រឡាញ់​ភេទ​ដូច​គ្នា

 

ទោះ​បី​ជា​យ៉ាង​ណា តារា​រូប​នេះ​បាន​ប្រាប់​មក​កាន់ Sabayថា រឿង​នេះ​មាន​អ្នក​សិល្បៈ​ដូច​គ្នា​ខ្សឹប​ប្រាប់​ដែរ ប៉ុន្តែ​លោក​មិន​ចាប់​អារម្មណ៍​នោះ​ទេ ព្រោះ​មិន​មែន​ជា​ការ​ពិត។ លោក​បន្ត​ថា៖ ” មិន​ដែល​គ្រាន់​តែ​ឃើញ​ខ្ញុំ​មិន​មាន​សង្សារ​ចោទ​ថា ខ្ញុំ​ស្រឡាញ់​ប្រុស​ដូច​គ្នា! ការ​ពិត​ដោយ​សារ​មិន​ទាន់​មាន​លុយ។ ម្យ៉ាង​កន្លង​មក​មាន​សង្សារ​ដែរ តែ​ចេះ​តែ​បែក​គ្នា វា​ដដែល​ពេក ក៏​ខ្ជិល​សិន​ទៅ”។

 

សុខ ដែន បន្ថែម​ថា ស្នេហា​ដែល​ធ្លាប់​ជួប​កន្លង​មក​ជា​ស្នេហា​មិន​ពិត​ប្រាកដ ព្រោះ​បន្ទាប់​ខាង​ស្រី​ដឹង​ពី​ជីវភាព នាង​ក៏​ផ្ដាច់​ទំនាក់ទំនង​តែ​ម្ដង។ ហើយ​មាន​នារី ២ទៅ៣​នាក់​ហើយ​តែង​ធ្វើ​បែប​នេះ​ចំពោះ​រូប​លោក ធ្វើ​ឱ្យ​រាងចាល​ក៏​សម្រេច​ចិត្ត​ផ្អាក​សិន​រង់​ចាំ​មាន​លុយ​គ្រប់គ្រាន់​ទើប​រក​ប្រពន្ធ​ដោយ​រៀបការ​តែ​ម្ដង។

 

ប្រភព​ដដែល​អះអាង​ថា ការ​បែកបាក់​ស្នេហា ១ ដង​ជា​២​ដង​កន្លង​មក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​សិល្បៈ​របស់​លោក ធ្វើ​ពេល​នេះ​សម្រេច​ចិត្ត​ផ្អាក​សិន​មិន​មែន​បាន​ន័យ​ថា ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ៕

 

អត្ថបទ៖ សំ ជំនាញ