រឿងពិត CNRP អំពាវនាវឲ្យ គណបក្សសង្គ្រោះជាតិ រក្សាភាពស្ងាត់ស្ងាម ទុកឲ្យ កឹម សុខា ដោះស្រាយដោយខ្លួនឯង

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ យោងតាមបណ្តាញសង្គមយក្ស ហ្វេសបុក Page រឿងពិត CNRP ដែលបានទម្លាយអាថ៌កំបាំង ពាក់ព័ន្ធរឿងអាស្រូវស្រីស្នេហ៍របស់លោក កឹម សុខា បានអំពាវនាវដល់ មន្ត្រីជាន់ខ្ពស់ ក្នុងគណបក្សសង្គ្រោះជាតិ ថា «ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ទាក់ទងគ្នាជាមួយប្រពន្ធចុងមានទាំងខ្មែរផង យួនផង និងថែមទាំងមានស្រីស្នេហ៍ជាច្រើន នាក់ទៀត។ គឺខ្ញុំមានសំឡេង និងឯកសារច្រើនណាស់»។

សេចក្តីអំពាវនាវនេះ មានខ្លឹមសារទៀតថា «ដូច្នេះ គួរគប្បីរក្សាភាពស្ងៀមស្ងាត់ និងទុកអោយលោកកឹម សុខា ទទួលខុសត្រូវម្នាក់ឯងវាប្រសើរជាង ពីព្រោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀតក្នុងគណបក្សសង្គ្រោះជាតិក៏មានសំណុំរឿងអាស្រូវច្រើនដែរ ដែលខ្ញុំ ( រឿងពិត CNRP ) មិនទាន់ចង់បញ្ចេញ! ប៉ុន្តែផ្ទុយទៅវីញ បើអស់លោកណានៅតែចចេសចេញមុខ មកបកស្រាយដោយគ្មានហេតុផលច្បាស់លាស់ ឬក៏មានបំណងការពារលោក កឹម សុខា ដែលជាមេដឹកនាំបក្សនយោបាយអសីលធម៌មួយរូបនោះ ខ្ញុំនឹងបង្ហោះសំឡេង និងឯកសារជាច្រើនទៀតរបស់អស់លោកដែលចេញមកនិយាយ ដើម្បីបំពេញបំណងពួកអស់លោក»។