ព្យុះ​បន្ត​បក់​បោក លោក កឹ​ម សុខា ៖ យើង​កុំ​ឈ្លោះ កុំ​ឆ្លើយ កុំ​ឆ្លង ខណៈ​ហ្វេ​ស​ប៊ុ​ក​បន្ត​ផ្សាយ​ដល់​វគ្គ​ទី​៨

ព្យុះ​បន្ត​បក់​បោក លោក កឹ​ម សុខា ៖ យើង​កុំ​ឈ្លោះ កុំ​ឆ្លើយ កុំ​ឆ្លង ខណៈ​ហ្វេ​ស​ប៊ុ​ក​បន្ត​ផ្សាយ​ដល់​វគ្គ​ទី​៨

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មានការ​បង្ហោះ​សំឡេង​ជា​ច្រើន​វគ្គ​ដោយ​ចង់​សំដៅ​ទៅ​លើ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​លួច​ទាក់ទង​ស្នេហា​ជាមួយ​ស្រី​ក្មេង​យ៉ាងណា​ក្តី ក៏​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​មិន​អើពើ​នឹង​រឿង​នោះ​ឡើយ ។

ក្នុង​ការ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​២៥​រាជធានី​-​ខេត្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា លោក កឹ​ម សុខា ថ្លែង​ថា «​ខ្ញុំ​បាន​បញ្ជាក់​ទៅ​ថ្នាក់ដឹកនាំ​ទាំងអស់​ថា ដូចដែល​ខ្ញុំ​ធ្លាប់​បាន​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​ជា​ច្រើន​ដង​មក​ហើយ ។ យើង​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន ហើយ​យើង​ក៏​ដឹង​ហើយ​ថា ដរាបណា​យើង​នៅ​តែ​រក្សា​គោល​ជំហរ រឹង​មាំ​របស់​យើង​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​គឺ​យើង​នៅ​តែ​ជួប​ឧបសគ្គ​ជា​ច្រើន​តទៅ​មុខ​ទៀត​» ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ទទួល​រង​នូវ​ព្យុះ​បោកបក់​នា​ពេល​នេះ បាន​ថ្លែង​ទៀត​ថា យើង​មាន​កិច្ចការ​ច្រើន​ណាស់​ដែល​ត្រូវធ្វើ យើង​កំពុង​ដើរ​តាម​ផ្លូវត្រូវ​ហើយ យើង​កំពុង​តែ​រួបរួម​គ្នា​យ៉ាង​រឹង​មាំ​ហើយ ។ នេះ​ហើយ​ជា​ចំណុចខ្លាំង​របស់​យើង ដូច្នេះ​អ្វី​ដែល​យើង​ត្រូវធ្វើ​តទៅ​មុខ​ទៀត​នោះ គឺ​យើង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​គោលដៅ តាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​យើង​តែ​ប៉ុណ្ណោះ ។ យើង​មិន​ត្រូវធ្វើ​តាម​អារម្មណ៍ ឬ​ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឲ្យ​យើង​លោត​នោះ​ទេ ត្រូវ​រក្សា​នូវ​ការ​អត់ធ្មត់​តទៅ​ទៀត ដូចដែល​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា យើង​កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង ។

ចំណែក អេ​ង ឆៃ​អ៊ា​ង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​អើពើ​នឹង​ការ​បង្ហោះ​ខ្សែអាត់​សំឡេង​ដែល​គេ​អះអាង​ថា ជា​សំឡេង​របស់​លោក កឹ​ម សុខា ជាមួយ​ស្រី​ក្មេង​នោះ​ទេ ។

ទាក់ទង​នឹង​រឿង​លោក កឹ​ម សុខា នេះ​លោក អេ​ង ឆៃ​អ៊ា​ង ថ្លែង​ថា «​ខ្ញុំ​មិនដឹង​ដែរ  អ្វី​ដែល​សំខាន់​នោះ​ទាល់តែ​សួរ​ទៅ​អ្នក​ដែល​រៀបចំ​រឿង​នេះ ។ សំឡេង​ហ្នឹង​ជា​រឿង​ដដែល យើង​មិន​ថា​យ៉ាងម៉េច​ទេ ជា​យុទ្ធសាស្ត្រ​នយោបាយ បើ​ធម្មតា​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លាំង អ៊ី​ចឹ​ង​បើ​ខ្លាំង​យើង​មិន​ដែល​ចាត់​ទុក​ក្នុង​ចិត្ត និង​ឆ្លើយឆ្លង និង​តបត​នោះ​ទេ​» ។

ចំណែក​លោក យ៉ែ​ម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ឯកសារ​ដែល​លើក​ឡើង​ឬ​សំឡេង​នោះ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ គណបក្ស​មិន​ដែល​គិត​នោះ​ទេ ។ ជាមួយ​គ្នា​នេះ គណបក្ស​គ្មាន​គម្រោង​ចេញ​សេចក្តីថ្លែងការណ៍​ទាក់ទង​នឹង​សំឡេង​ដែល​គេ​អះអាង​ថា​ជា​សំឡេង​លោក កឹ​ម សុខា នោះ​ទេ ។ 

លោក យ៉ែ​ម បុញ្ញឫទ្ធិ បញ្ជាក់​ថា «​សំឡេង​នោះ​គ្មាន​មូលដ្ឋាន​ច្បាប់​លាស់​ទេ ដូច្នេះ​រឿង​ពិត​ឬ​មិន​ពិត​ក្តី យើង​មិន​ដែល​គិត​រឿង​ហ្នឹង​ទេ ជាង​នេះ​ទៀត មិន​សិក្សា​អ្វី​ដែល​គ្មាន​មូលដ្ឋាន​គតិ​ច្បាប់​នោះ​ទេ​» ។

ទោះបីជា​គ្មាន​ការ​អើពើ​យ៉ាងណា​ក្តី ម្ចាស់​Account facebook ឈ្មោះ​រឿង​ពិត CNRP នៅ​តែ​បន្ត​បង្ហោះ​សំឡេង ទោះបី​ពិត​ឬ​មិន​ពិត  ជា​សំឡេង​លោក កឹ​ម សុខា ទាក់ទង​ស្នេហា​ជាមួយ​ស្រី​ក្មេង​បន្ត​រហូត​ដល់​វគ្គ​ទី​៨​ហើយ ។

ក្នុង​ការ​វិភាគ​មួយ​បាន​បង្ហាញ​ថា លោក កឹ​ម សុខា បាន​ឡើង​ធ្វើ​ជា​មេ​បក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពេល​ដែល​លោក សម រ​ង្ស៊ី បាន​និរទេស​ខ្លួន​រត់​ចោល​ប្រទេស ដោយសារ​ខ្លាច​ដីកាចាប់ខ្លួន​ពី​តុលាការ ក្រោម​បទ​ព្រហ្មទណ្ឌ​មួយ​ចំនួន​ដែល​លោក​បាន​ប្រព្រឹត្ត​ខុស​នៅ​កម្ពុជា ។

ការ​វិភាគ​នេះ​បាន​បន្ត​ថា បើ​តាម​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក កឹ​ម សុខា និង​ស្ត្រី​វ័យក្មេង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mon srey គឺ​លោក កឹ​ម សុខា ដែល​មាន​វ័យ​ជាង​៦០​ឆ្នាំទៅ​ហើយ​នោះ បាន​លួងលោម​នាង Mon Srey រួមរ័ក​ពីរ​យប់​១០​ដង និង​មាន​ពាក្យពេចន៍​គួរ​ឲ្យ​ខ្ពើមរអើម​មួយ​ចំនួន​ទៀត ។

គិត​លេង​ៗ​ទៅ រឿង​នេះ​ប្រសិនបើ​មាន​ពាក្យបណ្ដឹង​ពី​នារី​ជា​គូស្នេហ៍​លួចលាក់​របស់​លោក កឹ​ម សុខា មែន ច្បាស់​ណាស់​ថា ទោះ​ចង់​ឬ​មិន​ចង់ លោក កឹ​ម សុខា ត្រូវ​តែ​ប្រឈម​ទៅ​នឹង​ផ្លូវ​តុលាការ ។ ប៉ុន្ដែ​អ្វី​ដែល​ជា​ការ​ពិត​ជាក់ស្ដែង​នៅ​ពេល​នេះ គឺ​សកម្មជន​ធ្លាក់​បាក់​ឌុ​ប​ដ៏​ស្មោះស្ម័គ្រ​ម្នាក់​របស់​គណបក្សប្រឆាំង កញ្ញា ធី សុវណ្ណ​ថា បាន​ដាក់​ពាក្យ​ប្ដឹង​រួច​ជា​ស្រេច​ហើយ ទៅ​កាន់​តុលាការ​ប្ដឹង​លោក កឹ​ម សុខា ក្នុង​ការ​បរិហារ កេរ្តិ៍​នាង ដោយសារ​តែ​លោក
កឹ​ម សុខា បាន​និយាយ មួលបង្កាច់​កេរ្ដិ៍​នាង ប្រាប់​ស្រី​ស្នេហ៍​របស់​ខ្លួន​ថា យកឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បោកប្រាស់​អ្នកគាំទ្រ​នៅ​បរទេស ដើម្បី​ទទួល​បាន​លាភសក្ការៈ​ផ្ទាល់ខ្លួន ។

ក្រោយ​ផ្ទុះ​រឿង​ស្នេហា​លួចលាក់​ស្រី​ក្មេង​នេះ មតិ​សាធារណជន​បាន​ចាត់​ទុក​ទ​ង្វើ​ក្បត់​ប្រពន្ធ​កូន ល្មោភ​តណ្ហា ថា​ជា​ទ​ង្វើ​គួរ​ឲ្យ​ស្អប់ខ្ពើម ។ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​គួរ​មាន​ជំនឿ​ទៅ​លើ​អ្នកនយោបាយ​ល្មោភ​តណ្ហា​នោះ​ទេ ព្រោះ​ដោយសារ​តែ​មេដឹកនាំ​ដែល​ល្មោភ​តណ្ហា ល្មោភ​ស្រី​ញី​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​កម្ពុជា​រួម​ទឹកដី​ពី​ធំ​មក​តូច​តាំងពី​សម័យ​មហានគរ ។ ជា​រួម គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ពិចារណា​ក្នុង​ការ​ដោះ​ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ ដើម្បី​កុំ​ឲ្យ​អន្ដរាយ​ដល់​គណបក្ស​ទាំងស្រុង ៕