អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ លើប្រទេសកូរ៉េខាងជើង បណ្តាលឲ្យមាន គ្រាប់ផ្លោងជាច្រើន ហោះចូលសមុទ្រ

កូរ៉េខាងជើង៖ យោងតាមសារព័ត៌មាន BBC ឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់គ្រាប់ម៊ីស៊ីលរយៈចម្ងាយជិតចូលទៅសមុទ្រ ប៉ុន្មានម៉ោងក្រោយពី UN ទើបតែដាក់ទណ្ឌកម្មថ្មីមកលើខ្លួនប៉ុណ្ណោះ។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានថ្លែងកាលពីពេលថ្មីៗនេះ។

អ្នកនាំពាក្យរបស់កូរ៉េខាងត្បូង បានថ្លែងប្រាប់ដល់ ភ្នាក់ងារព័ត៌មានយុនហាប់របស់កូរ៉េ ឲ្យដឹងថា គ្រាប់ម៊ីស៊ីល ៦គ្រាប់ត្រូវបានបាញ់ចេញពីទីក្រុង Wonsan ចូលសមុទ្រឆ្នេរខាងកើត កាលពីវេលាម៉ោង ១០ព្រឹកម៉ោងក្នុងប្រទេសកូរ៉េ។ ក្នុងនោះ គ្រាប់ដែលកូរ៉េខាងជើងបានបាញ់ចូលសមុទ្រ ទំនងអាចជាគ្រាប់រ៉ុក្កែត ឬម៊ីស៊ីលដែលមានបំពាក់ប្រព័ន្ធបញ្ជាផងដែរ នេះបើតាមការអះអាងពីក្រសួងការពារជាតិកូរ៉េខាងត្បូង។

សកម្មភាពរបស់កូរ៉េខាងជើង ទំនងជាការឆ្លើយតប ទៅលើក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើការប្រជុំគ្នា បោះឆ្នោតដើម្បីដាក់ចេញនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរមួយ ដែលមិនធ្លាប់មានពីមុនមក លើប្រទេសកូរ៉េខាងជើង។ ការសម្រេចប្រជុំគ្នាបោះឆ្នោតដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិនេះទៀតសោត គឺធ្វើឡើងបន្ទាប់ ពីមានកិច្ចពិភាក្សា រវាងសហរដ្ឋអាមេរិក និងប្រទេសចិនជាច្រើនសប្តាហ៍ ក្នុងការយល់ព្រមគ្នា ដើម្បីឲ្យមានការសម្រេចដាក់ទណ្ឌកម្ម នេះកើតឡើង។

អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ លើប្រទេសកូរ៉េខាងជើង បណ្តាលឲ្យមាន គ្រាប់ផ្លោងជាច្រើន ហោះចូលសមុទ្រ
ក្រុមប្រឹក្សារបស់ អង្គការសហប្រជាជាតិ កំពុងប្រជុំគ្នា ដើម្បីចេញសេចក្តីសម្រេច

ម្យ៉ាងវិញទៀត គេជឿជាក់ថា នេះគឺជាទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលមិនធ្លាប់មាន ពីមុនមក ក៏ព្រោះតែ ដើម្បីឆ្លើយតបទៅនឹង ការសាកល្បងបាញ់ អាវុធនុយក្លេអ៊ែរ និងការបង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង ដែលទង្វើទាំង២នេះ គឺបានបំពានទៅដល់ កិច្ចព្រមព្រៀងពិភពលោកយ៉ាងខ្លាំង។

គូសបញ្ជាក់ផងដែរថា មេដឹកនាំជុំវិញពិភពលោក រំពឹងថាការ ដាក់ទណ្ឌកម្មមួយនេះ នឹងអាចជួយជំរុញឲ្យ កូរ៉េខាងជើង លះបង់នូវកម្មវិធីនុយក្លេអ៊ែរ ក៏ដូចជាសកម្មភាពផ្សេងៗទៀត ដែលអាចគំរាមដល់ ពិភពលោកនាពេលឆាប់ៗនេះ៕

អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ លើប្រទេសកូរ៉េខាងជើង បណ្តាលឲ្យមាន គ្រាប់ផ្លោងជាច្រើន ហោះចូលសមុទ្រ
ប្រទេសកូរ៉េខាងជើង កំពុងត្រៀមប្រឈមមុខ នឹងការដាក់ទណ្ឌកម្មថ្មី ពីអង្គការសហប្រជាជាតិ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត