ញ៉ាំ​កាហ្វេ​រាល់ថ្ងៃ តិច​អត់​ដឹងថា មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?

ញ៉ាំ​កាហ្វេ​រាល់ថ្ងៃ តិច​អត់​ដឹងថា មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?

​មនុស្ស​ទូទាំង​ពិភពលោក តែងតែ​ចង់​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​ខ្លួន ជាមួយនឹង​កាហ្វេ​មួយ​ពែង​ក្តៅៗ ព្រោះ​វា​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ក៏​អាច​ជំរុញ ដល់​កម្លាំង​ថាមពល សម្រាប់​ពេល​ព្រឹក​ដែរ​។ ដូច្នេះ អ្នក​គួរតែ​ស្វែងយល់ថា តើ​វា​នឹង​មាន​អ្វី​កើតឡើង ចំពោះ​រាងកាយ នៅ​ពេល​អ្នក​ញ៉ាំ​កាហ្វេ​រាល់ថ្ងៃ​?

​បង្កើន​ការរំលាយ​អាហារ​ក្នុង​ខ្លួន​
នេះ​គឺជា​ដំណឹង​ល្អ​មួយ សម្រាប់​មនុស្ស​គ្រប់គ្នា ដែល​កំពុង​តែ​គិត​អំពី ការចាប់ផ្តើម​ទម្លាប់​ហាត់ប្រាណ​ព្រឹក​ឡើង​។ ជាតិ​កាហ្វេ​អ៊ី​ន​ចេញពី​កាហ្វេ នឹង​ជំរុញ​ដល់​កម្លាំង​ថាមពល​បែប​ធម្មជាតិ បង្កើន​ការរំលាយ​អាហារ​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​។

ជាមួយគ្នានេះដែរ ការ​ញ៉ាំ​កាហ្វេ ក្រោយ​ពី​ហាត់ប្រាណ រួច​ក៏​ជួយ​បង្កើន​ការរំលាយ​អាហារ​ផងដែរ​។ ការសិក្សា​មួយ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Applied Physiology បាន​រកឃើញថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង ក្រោយ​ពី​ហាត់ប្រាណ​រួច អាច​ជួយ​ជំរុញ​ដល់​ការបង្កើន​សាច់ដុំ Glycogen រហូតដល់ ៦៦ ភាគរយ លើ​កីឡាករ​អត្តពលក​ម្ម​។

ធ្វើឲ្យ​ខួរក្បាល កាន់តែ​មាន​សុខភាព​ល្អ​
តាម​ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​កាហ្វេ ៣ ទៅ ៥ ពែង​ក្នុង​មួយថ្ងៃ អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា លើ​មនុស្ស​ប្រុស​ស្រី​វ័យ​កណ្តាល បាន​រហូត​ដល់ ៦៥ ភាគរយ ។ ការសិក្សា​ផ្សេង​ទៀត​រកឃើញថា ការ​ញ៉ាំ​កាហ្វេ​រាល់ថ្ងៃ អាច​កាត់បន្ថយ​ការកើត​ជំងឺ Parkinson បាន​ពី ៣២ ទៅ ៦០ ភាគរយ​ឯណោះ​។

ការ​ញ៉ាំ​កាហ្វេ អាច​ទប់ស្កាត់​ម៉ូលេគុល Nucleoside ក្នុង​ខួរក្បាល ដែល​គេ​ស្គាល់​ថា Adenosine​។ សារធាតុ​មួយ​នេះ ទៅ​កាត់បន្ថយ​ការខូចខាត របស់​សរសៃប្រសាទ និង​បញ្ចេញ​សារធាតុ ចម្លង​សរសៃប្រសាទ មាន​ប្រយោជន៍​ជាច្រើន ទៅ​ក្នុង​ខួរក្បាល​។ ដោយសារ​តែ​ជាតិ​កាហ្វេ​អ៊ី​ន ទប់ស្កាត់​សារធាតុ Adenosine ដូច្នេះ វា​នឹង​បង្កើន​ការផលិត​សារធាតុ​គីមី ដែល​មាន​ប្រយោជន៍​ជាច្រើន​ដូចជា Dopamine, Serotonin និង Norepinephrine​។
​ការសិក្សា​ផ្សេងទៀត បាន​រកឃើញថា កាហ្វេ ជួយ​បង្កើន​ការគិត​បែប​ឆ្លាត​វៃ អារម្មណ៍​ល្អ ការចងចាំ និង​ភាព​ប្រុងប្រយ័ត្ន​។

កាន់តែ​សប្បាយចិត្ត​
អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard បាន​រកឃើញថា មនុស្ស​ប្រុស​ស្រី​វ័យ​កណ្តាល ដែល​បាន​ញ៉ាំ​កាហ្វេ មាន​ជាតិ​កាហ្វេ​អ៊ី​ន ពីរ​ទៅ​បួន​ពែង​រាល់ថ្ងៃ ឃើញថា អាច​កាត់បន្ថយ ការធ្វើ​អត្តឃាត​ខ្លួនឯង ច្រើន​ជាង​អ្នក​ដែល​ញ៉ាំ​កាហ្វេ គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​មិន​ញ៉ាំ​កាហ្វេ​សោះ​រហូតដល់ ៥០ ភាគរយ​។
​កាហ្វេ មាន​អង់​ទី​អុក​ស៊ីដង់ ដែល​គេ​គិតថា អាច​ច្រើនជាង​ផ្លែឈើ និង​បន្លែ​ទៅទៀត​។ វា​ក៏​មាន​ជីវជាតិ​មាន​ប្រយោជន៍​ច្រើន​ដែរ ដូចជា វីតាមីន B1, B2, B3 និង B5 ព្រមទាំង​ប៉ូ​តា​ស្យូម និង​ម៉ង់​ហ្កា​ណែ​ស​។

កាត់បន្ថយ​ជំងឺមហារីក​ស្បែក​
ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of the National Cancer Institute បាន​រកឃើញថា មនុស្ស​ចាស់​ដែល​ញ៉ាំ​កាហ្វេ​ចាប់ពី បួន​ពែង​ឡើងទៅ​ក្នុង​មួយ​ថ្ងៃ​ឃើញថា អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក​ស្បែក បាន​រហូត​ដល់ ២០ ភាគរយ​។ នេះ​ដោយសារ​តែ​កាហ្វេ មាន​សារធាតុ​អង់​ទី​អុក​ស៊ីដង់ និង Phytochemical ខ្ពស់​។

កាត់បន្ថយ​ការកើត​ជំងឺ​ទឹកនោម​ផ្អែម​
អ្នក​ដែល​ញ៉ាំ​កាហ្វេ មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​រយៈពេល ៤ ឆ្នាំ ឃើញថា អាច​កាត់បន្ថយ​ការកើត ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ រហូតដល់ ១១ ភាគរយ​។ ក្រៅពីនេះ ការសិក្សា​បាន​រកឃើញ​ទៀតថា អ្នក​ដែល​ញ៉ាំ​កាហ្វេ​ច្រើនជាង មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​ឃើញថា អាច​បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​ទឹកនោម​ផ្អែម​បាន ១៧ ភាគរយ​។ ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​កាហ្វេ ឲ្យបាន​ពីរ​បី​ពែង​ក្នុង​មួយថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។