ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​​ប៉ោយ​ប៉ែ​ត ​បាន​ចាប់​គោ​ចំនួន៤​​ក្បាល ​កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៣​ មីនា ​​បន្ទាប់​ពី​ឃើញ​ដើរ​ដេក​យ៉ាង​អនា​​ធិ​ប​តេ​យ្យ​ដើម្បី​រក​ម្ចាស់​​​មក​​អប់រំ​ ។

​មន្ត្រី​សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​​ថា ​ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​អ្នកស្រុក​រអ៊ូរទាំ​ពី​ហ្វូងគោ​ដែល​គេ​​លែង​​យ៉ាង​អនា​ធិ​ប​តេ​យ្យ​ដើរ​ដេក​តាម​មុខ​ផ្ទះ ​​តាម​ដងផ្លូវ​ ដែល​អាច​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ចរាច​រណ៍នៅ​ថ្ងៃ​ណាមួយ​ និង​ជួនកាល​ស៊ី​ដំណាំ​គេ​ ទើប​សម្រេច​ចាប់​គោ​ទាំងនេះ​ដើម្បី​រក​ម្ចាស់​អប់រំ ​។

លោក ​អ៊ុំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​​បាន​ឱ្យ​ដឹង​ថា​ ​រាល់​​​ហ្វូងគោ​ទាំងឡាយ​ណា​ ដែល​លែង​​យ៉ាង​​អនាធិ​ប​តេ​យ្យ​គ្មាន​អ្នក​ឃ្វាល​ត្រឹមត្រូវ ​លោក​​នឹង​​ឲ្យ​ក​ម្លាំ​ង​ក្រោម​ឱវាទ​តាម​ប៉ុស្តិ៍ក្នុង​សង្កាត់​ទាំង៣​​ចាប់​យក​មក​រក្សា​ទុក ​ដើម្បី​រកមុខ​ម្ចាស់​ឲ្យ​មក​ទទួល​ការ​អប់រំ​ ព្រោះ​​អាច​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាច​រណ៍នៅ​ថ្ងៃ​ណាមួយ​ ។

លោក​អធិការ​​បាន​បន្ត​ថា ​ក្រោយ​ការ​អប់រំ​បើ​ម្ចាស់​គោក្របី​ណា​នៅ​តែ​បន្ត​លែង​​យ៉ាង​អនា​ធិ​ប​តេ​យ្យ ​គ្មាន​អ្នក​ឃ្វាល​ទៀត ​លោក​​នឹង​​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕