ណាហ្គាវើល ត្រូវសឹងសងភ្នំពេញក្រោន តែ បឹងកេត រំពឹងឈ្នះស៊ីម៉ាក់ថ្ងៃនេះ

ក្រុមណាហ្គាវើល នឹងត្រូវធ្វើការប្រកួតសងសឹកជាមួយក្រុមម្ចាស់ជើងឯកភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ ថ្ងៃសៅរ៍ ខាងមុខនេះ ខណៈក្រុមអាស៊ីអឺរ៉ុប និងខេមបូឌានថាយហ្គឺរ ត្រូវប្រកួតគ្នា ដើម្បីលុបបំបាត់ភាពមិនដែលឈ្នះ ប៉ុន្តែក្រុមបឹងកេតអង្គរ រំពឹងឈ្នះ៣ពិន្ទុបន្ថែមទៀត សម្រាប់ការជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅថ្ងៃល្ងាចថ្ងៃសុក្រនេះ។
3
សម្រាប់ការប្រកួតក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ កាលពីឆ្នាំ២០១៥ គេនៅចាំបានថា ក្រុមណាហ្គាវើល បានចាញ់ក្រុមភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រដ៏គួរឲ្យសោកស្តាយបំផុត។ បើទោះបីជា ការប្រកួតវិលជុំទាំង២ជើង ណាហ្គាវើល បានចាញ់ក្រោន ២-០ ក្នុងការប្រកួតជើងទី១វគ្គផ្តាច់ព្រ័ត្រ បន្ថែមទៅលើការចាញ់ ៤-២ និង ១-០ ក្នុងវគ្គជម្រុះទាំង២ជើង ប៉ុន្តែការវាយយកឈ្នះ ៣-១ ក្នុងការប្រកួតជើងទី២ បានធ្វើឲ្យក្រុមទាំង២មានពិន្ទុស្មើគ្នា ៣-៣។

លទ្ធផលនេះបានផ្តល់ឱកាសឲ្យ ណាហ្គាវើល និង ឈានទៅដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីជាមួយក្រុមភ្នំពេញក្រោន ដើម្បីរកម្ចាស់ជើងឯក ដ៏គួរឲ្យរន្ធត់បំផុត ប៉ុន្តែណាហ្គាវើល បានត្រឹមសម្តែងការខកចិត្ត ខណៈសមាជិករបស់ក្រុមនេះ៣នាក់ ស៊ុតបាល់គេចមិនផុតការសង្រ្គោះរបស់ចាំទី ដែលធ្វើឲ្យពួកគេចាញ់ភ្នំពេញក្រោន ៣-២ នោះ។

យ៉ាងណាក៏ដោយ សម្រាប់ការវិលមកជួបគ្នា ក្នុងរដូវកាលនេះ លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើល រំពឹងថា កូនក្រុមរបស់លោក នឹងធ្វើបានល្អ ដើម្បីទទួលបានជ័យជម្នះលើកនេះ បើទោះបីជាការប្រកួត២លើកកន្លងមក ណាហ្គាវើល បានស្មើ ១-១ ជាមួយក្រុមវេស្ទើន និងបានចាញ់ក្រុមក្រសួងការពារជាតិ ១-០ ក៏ដោយ។
2
ចំណែកក្លិបភ្នំពេញក្រោន ក៏បានបង្ហាញពីក្តីកង្វល់នៅលើគណនីយហ្វេសប៊ុករបស់ខ្លួនផងដែរ ខណៈខ្សែប្រយុទ្ធដ៏មុតស្រួច Booysen Shane ដែលធ្លាប់ជួយឲ្យក្រុមឈ្នះក្រុមខេមបូឌានថាយហ្គឺរ ៣-១ ថ្ងៃបើកឆាក មិនអាចចូលរួមប្រកួតបាន ដោយសាររូបគេមានរបួសជង្គង់ ពេលភ្នំពេញក្រោន បានស្មើគ្នា ០-០ ជាមួយក្រុមប៉ូលិស កាលពីចុងសប្តាហ៍មុននោះ ហើយកីឡាករឆ្នើម២នាក់ទៀតរបស់ក្លិបនេះគឺ ប៊ីន ធារី និង កែវ សុខផេង ក៏មិនទាន់ជាពីរបួស នោះដែរ។

លោក Sam Schweingruber អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន ក៏បានបង្ហាញពីក្លិបកង្វល់ផងដែរ ដោយលោកបាននិយាយថា៖«ក្រុមណាក៏ដូចជាក្រុមណាដែរ គឺនៅពេលដែលបាត់បង់កីឡាករសំខាន់ៗហើយនោះ វាតែងតែជួបការលំបាក ប៉ុន្តែបើសិនជាកូនក្រុមរបស់យើង អាចលេងបានល្អទៅតាមប្រព័ន្ធ ហើយប្រឹងប្រែងលេងអស់ពីសមត្ថភាព និងមានឆន្ទៈប្រកួតដ៏ត្រឹមត្រូវនោះ គឺយើងនៅតែអាចមានសង្ឃឹមឈ្នះណាហ្គាវើល»។

ដោយឡែក ក្រុមបឹងកេតអង្គរ ដែលបានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-២ និងបានលត់ក្រុមក្រុមវេស្ទើន ៦-០ ដើម្បីឡើងទៅឈរនៅលេខរៀងទី២ បន្ទាប់ក្រុមព្រះខ័នរាជស្វាយរៀង នោះ កំពុងមានសង្ឃឹមថា ពួកគេអាចយកឈ្នះលើក្រុមស៊ីម៉ាក់ ដែលពួកគេធ្លាប់ឈ្នះ ៥-១ និង ៣-០ កាលពីឆ្នាំ២០១៥។
1
តាមរយៈខ្សែវីដេអូ ដែលក្លិបបឹងកេតអង្គរ បានបង្ហោះ កាលពីម្សិលមិញ គឺលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្រុមបឹងកេត បាននិយាយថា៖«យើងចាត់ទុកថា ស៊ីម៉ាក់ ជាក្រុមខ្លាំងមួយដែរក្នុងរដូវកាលនេះ ព្រោះតាមការសង្កេតរបស់ខ្ញុំ គឺពេលក្រុមនេះប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុប គឺក្រុមស៊ីម៉ាក់ ធ្វើបានល្អមែនទែន ដែលអាចយកឈ្នះអាស៊ីអឺរ៉ុបរហូតដល់៥-១ ខណៈបឹងកេត បានឈ្នះអាស៊ីអឺរ៉ុប៣-២ ទាំងប្រផិតប្រផើយ។ យ៉ាងណាក៏ដោយ សម្រាប់ការជួបក្រុមស៊ីម៉ាក់ នៅថ្ងៃសុក្រនេះ យើងរៀបចំបានល្អហើយ ហើយយើងសង្ឃឹមថា យើងនឹងឈ្នះបាន៣ពិន្ទុ សម្រាប់ការប្រកួតសប្តាហ៍ទី៣នេះ»។

ណែកក្រុមអាស៊ីអឺរ៉ុប និងត្រូវខេមបូឌានថាយហ្គឺរ ដែលបានចាញ់ទាំង៣ប្រកួតដូចគ្នា សម្រាប់ការប្រកួតរដូវកាលថ្មីនេះ នឹងត្រូវប្រកួតគ្នាក្នុងសប្តាហ៍ទី៣នេះដែរ ខណៈការជួបគ្នា២លើក កាលពីរដូវកាលឆ្នាំ២០១៥ ខេមបូឌានថាយហ្គឺរ បានឈ្នះអាស៊ីអឺរ៉ុប ទាំង២ជើងគឺ ៤-២ និង ២-១៕

កម្មវិធីប្រកួតនៅថ្ងៃសុក្រ
– ក្រុមស៊ីម៉ាក់ v បឹងកេត នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:០០តទៅ

២ប្រកួតនៅថ្ងៃសៅរ៍
– ក្រុមអាស៊ីអឺរ៉ុប v ខេមបូឌានថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០
– ក្រុមណាហ្គាវើល v ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:០០