តុលាការកំពូល បន្តឃុំខ្លួន លោក ហុង សុខហួរ

ភ្នំពេញ៖ ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នេះ បានសម្រេចបន្តឃុំខ្លួន លោក ហុង សុខហួរ អតីតសមាជិក ព្រឹទ្ធសភា មកពីគណបក្ស សមរង្ស៊ី បន្ទាប់ពីយល់ឃើញថា ការសម្រេចរបស់សភា ស៊ើបសួរ សាលាឧទ្ធរណ៍ត្រឹមត្រូវ ទំាងអង្គហេតុ និងអង្គច្បាប់។

បើតាមមន្រ្តីតុលាការកំពូល បានឲ្យដឹងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោកចៅក្រម ឃឹម ប៉ុណ្ណ ក្នុងសវនាការ បានដិសេធន៍ ការស្នើសុំនៅក្រៅឃុំ របស់មេធាវី ការពារក្តី លោក ហុង សុខហួរ និងបាន ប្រកាសសាលដីកា កំបាំងមុខ បន្តឃុំខ្លួនលោក ហុង សុខហួរ ដោយយល់ឃើញថា សេចក្តីសម្រេច របស់សភា ស៊ើបសួរ នៃសាលាឧទ្ធរណ៍ ពិតជាត្រឹមត្រូវ ទាំងអង្គហេតុ និងអង្គច្បាប់។

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ តុលាការ បានបើក សវនាការជំនុំជម្រះ ដោយកំបាំងមុខ លោក ហុង សុខហួរ អតីតសមាជិក ព្រឹទ្ធសភា គណបក្សសម រង្ស៊ី បន្ទាប់ពីបាន ដាក់ពាក្យ ស្នើនៅក្រៅឃុំ បណ្តោះអាសន្ន ដោយអះអាងថា មានបញ្ហាសុខភាព និងបានភ្ជាប់ជាមួយ និងលិខិតឆ្លងដែន របស់លោកចំនួន០២ ទាំងបារាំង និងខ្មែរ និងប្រាក់ចំនួន ២០លានរៀល សម្រាប់នៅក្រៅឃុំ។ ប៉ុន្តែលោក មេធាវី ជួង ជូងី បានឲ្យ ដឹងពេល ចេញពី សាលសវនាការថា តុលាការបានបដិសេធ។ សូមជម្រាបថា សវនាការនេះ ធ្វើឡើង ចំពោះមុខ មេធាវីការពារក្តី លោក ហុង សុខហួរ។ សវនាការជំនុំជម្រះនៃ ដឹកនាំដោយ លោកចៅក្រម ឃឹម ប៉ុណ្ណ អនុប្រធាន តុលាការកំពូល និង លោក នៅ មុនីជោត ជាតំណាង មហាអយ្យការ ។

លោក ហុង សុខហួរ ជាប់ចោទពីបទក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និង បទញុះញង់ បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់ សន្តិសុខ សង្គម ដែលចែងឲ្យ ផ្តន្ទាទោស តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែង សន្ធិសញ្ញា ព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា០៤  រួចយកឯកសារ ក្លែងនេះទៅ បង្ហោះក្នុងផេកហ្វេសប៊ុក របស់លោក សម រង្ស៊ី ដែលជាដើមចម នាំឲ្យតុលាការ ចោទប្រកាន់ លោក សម រង្ស៊ី ពីបទ សមគំនិត ក្នុងបទល្មើសនេះ ។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវ ផ្តន្ទាទោសដាក់ ពន្ធនាគារ ចន្លោះពី ០៥ ទៅ ១០ ឆ្នាំ ៕

តុលាការកំពូល បន្តឃុំខ្លួន លោក ហុង សុខហួរ