ខេត្ត​យូ​ណាន នឹង​ឈាន​ចូលទៅ ក្នុងសម័យ​ផ្លូវដែក ល្បឿន​លឿន នៅ​ចុង​ឆ្នាំនេះ​

ភ្នំពេញ​: យោងតាម​សេចក្តីរាយការណ៍ពី​ឆា​ណែ​ល​ព័ត៌មាន នៃ​ទូរទស្សន៍ CCTV ចិន​ថា នៅ​ចុង​ឆ្នាំនេះ កំណាត់​ផ្លូវដែកក្នុង​ខេត្ត​យូ​ន​ណាន នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ និង​កំណាត់​ផ្លូវដែកយូ​ន​ណាន​-​ក្វាំ​ង​ស៊ី នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​។ នៅ ពេលនោះបណ្តាញ​ផ្លូវដែក​ចិន ដែល​យក “​ទទឹង​៤ បណ្តោយ​៤” ជា​គ្រោងឆ្អឹង​នោះ នឹង​ដំណើរការ​ទាំងស្រុង​។​

​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ មាន​ប្រវែង​២.២៦៤​គីឡូម៉ែត្រ ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿនវែង​ជាងគេ តាម​ទិសខាងកើតឈៀង​ខាងលិច ដែល​ចែកជា​កំណាត់​ផ្លូវដែក ចំនួន​៣​គឺ កំណាត់​ផ្លូវដែក សៀង​ហៃ​-​ហាង​ចូ​វ កំណាត់​ផ្លូវដែក ហាង​ចូ​វ​-​ឆាង​សា និង​កំណាត់​ផ្លូវដែក ឆាង​សា​-​គុន​មី​ញ​។ កំណាត់​ផ្លូវដែកក្នុង​យូ​ន​ណាន នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ មាន​ប្រវែង ១៨៤,៧ គីឡូម៉ែត្រ វា​នឹង​កែប្រែ​ប្រវត្តិសាស្ត្រនៃ​ខេត្ត​យូ​ន​ណាន ដែល​គ្មាន​រថភ្លើង​ល្បឿន​លឿន​។
​បើ​ធ្វើដំណើរពី​គុន​មី​ញ ទៅដល់​ទីក្រុង​ប៉េង​កាំ​ង និង​សៀង​ហៃ ដោយ​ជិះ​រថភ្លើង​ល្បឿន​លឿន គឺ​ត្រូវការ​តែ​រយៈពេល ៨ ទៅ ១០ ម៉ោង ប៉ុណ្ណោះ​។​

​ក្រៅពី​ផ្លូវ​រថភ្លើងល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ ផ្លូវ​រថភ្លើង​ល្បឿន​លឿន យូ​ន​ណាន​-​ក្វាំ​ង​ស៊ី ក៏​នឹង​បើក​ដំណើរការដំណាលគ្នាក្នុង​ចុង​ឆ្នាំនេះ​។ រថភ្លើង​ល្បឿន​លឿន យូ​ន​ណាន​-​ក្វាំ​ង​ស៊ី គឺជា​ផ្លូវដែក​សំខាន់​ជាងគេពី​ទីក្រុង​គុន​មី​ញ ទៅ​ទីក្រុង​ណាន​នី​ង ដែល​នឹងមាន​ល្បឿន ២០០ គីឡូម៉ែត្រ នៅក្នុង​មួយ​ម៉ោង ។ ក្រោយពី​ការបើក​ដំណើរការ ធ្វើដំណើរ​ពី​គុន​មី​ញទៅដល់​ទីក្រុង​ណាន​នី​ង គឺ​ត្រូវការ​តែ ៤ ម៉ោង​។ រីឯ​ទៅដល់​ទីក្រុង​ក្វាំ​ង​ចូ​វ គឺ​ត្រូវការ​តែ ៧ ម៉ោង នឹង​សំចៃ ១០ ម៉ោង បើ​ប្រៀបធៀប​នឹង​សេវាកម្ម នាពេល​សព្វថ្ងៃនេះដែល​ត្រូវការ ១៧ ម៉ោង​៕V/S

ខេត្ត​យូ​ណាន នឹង​ឈាន​ចូលទៅ ក្នុងសម័យ​ផ្លូវដែក ល្បឿន​លឿន នៅ​ចុង​ឆ្នាំនេះ​