ចាប់​ក្រុម​ចោរប្លន់​កក្រើក​៣​ខេត្ត​បាញ់​របួស​ម្នាក់

ចាប់​ក្រុម​ចោរប្លន់​កក្រើក​៣​ខេត្ត​បាញ់​របួស​ម្នាក់

ខេត្តកណ្ដាល ៖ ជន​២​នាក់​ជា​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​កក្រើក​នៅ​ខេត្តកណ្ដាល និង​ខេត្ត​ផ្សេង​ទៀត បាន​ត្រូវ​នគរបាល​ខេត្តកណ្ដាល សហការ​ជាមួយ​នគរបាល​ក្រសួង ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែមីនា នៅ​ឃុំរកា​កោង​ទី​២ ស្រុក​មុខកំពូល ខណៈ​ក្រុម​ជនសង្ស័យ និង​បក្សពួក​២​នាក់​ទៀត​ត្រៀម​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​មួយ​នៅ​ក្នុង​ឃុំ​នេះ ។

ប្រតិបត្តិការ​ចាប់​មុខសញ្ញា​ចោរប្លន់​នេះ ក៏​មានការ​ផ្ទះ​អាវុធ​ជា​ច្រើន​គ្រាប់​តតាំង​គ្នា​រវាង សមត្ថកិច្ច និង​ក្រុម​ចោរ​ដែរ ដែល​បណ្ដាល​ឱ្យ​ជនសង្ស័យ​ម្នាក់​រង​របួស ។

លោក រឿ​ន ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ ម្នាក់​ឈ្មោះ ស្រី ស្រា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ីង នី ហៅ​បេន ហៅ​អា​.​មមីស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង មុខរបរ​មិន​ពិតប្រាកដ ជា​មេខ្លោង ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ ។

តាម​ប្រ​ភ​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​ចាប់​ឃាត់ខ្លួន នគរបាល​ដកហូត​បាន​កាំភ្លើង​វែង​ខ្លី​មួយ​ចំនួន ។

លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ទទួល​បាន​ព័ត៌មាន​ថា បក្សពួក​ចោរប្លន់​បាន​ប្រមូលផ្ដុំ​គ្នា​មក​ជួបជុំ​គ្នា​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​កាំភ្លើង​វែង​ខ្លី និង​ដឹកនាំ​ដោយ​ឈ្មោះ ហ៊ី​ង នី ហៅ ប៉េ​ន ហៅ អា​មមីស ជា​មេខ្លោង និង​ឈ្មោះ ស្រី ស្រា​ន់ និង​មាន​បក្សពួក​ពីរ​នាក់​ទៀត ។

ក្រុម​នេះ​ធ្លាប់​បាន​ប្រមូលផ្ដុំ​ជួបជុំ​គ្នា ធ្វើ​ដំណើរ​ទៅ​មើល​ភូមិសាស្ត្រ​ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្ដាល បម្រុង​ធ្វើ​សកម្មភាព​ម្ដង​ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ហើយ​ក៏​ទៅ​ពិនិត្យ​មើល​ភូមិសាស្ត្រ​ឃុំ​រកា​កោង​ទី​២ ស្រុក​មុខកំពូល និង​បន្ត​មក​មើល​នៅ​ព្រែក​ក្ដាម ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ​ទៀត តែ​មិន​ទាន់​ធ្វើ​សកម្មភាព​ទេ ។

នៅ​ថ្ងៃ​ទី​១ ខែមីនា ក្រុម​នេះ​បាន​មក​ជួបជុំ​គ្នា​ស៊ី​ផឹក​ពេល​យប់​នៅ​ផ្លូវជាតិ​លេខ​៣ ផ្ទះ​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដើម្បី​រៀបចំ​គម្រោងការ​ប្លន់​នៅ​ឃុំ​រកា​កោង​ទី​២ ស្រុក​មុខកំពូល ។

បន្ទាប់​មក នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ក្រុម​មុខសញ្ញា​ប្លន់​ដែល​ដឹកនាំ​ដោយ​ឈ្មោះ​ហ៊ីង នី ហៅ​អា​មមីស បានឱ្យ​បក្សពួក​ទៅ​ព្រែក​ក្ដាម ស្រុក​ពញាឮ ដើម្បី​យក​កាំភ្លើង​វែង​ដឹក​តាម​រថយន្ត​ឆ្ពោះ​មក​គោលដៅ​ផ្សារ​រកា​កោង ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ុ​ក សុវណ្ណ​នី ភេទ​ស្រី  ជា​គ្រូបង្រៀន​នៅ​ភូមិ​ព្រែក​ជ្រៃ ឃុំ​រកា​កោង​ទី​២ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ដោយសារ​បានដឹង​មុន សមត្ថកិច្ច​ជំនាញ​ក្រសួងមហាផ្ទៃ រួម​ជាមួយ​ខេត្តកណ្ដាល និង​ស្រុក  បាន​រៀបចំ​ផែនការ​ត្រៀម​ពួនស្ទាក់​ចាប់​មុន​ពេល​ធ្វើ​សកម្មភាព ។ សមត្ថកិច្ច​បាន​កំណត់​ស្គាល់​ភិនភាគ​មុខសញ្ញា​ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស់់​និង​មាន​កាបូប​ដាក់​នៅ​រាន​ម៉ូតូ​ខាង​មុខ ជា​ម៉ូតូ​ជនសង្ស័យ​២​គ្រឿង​នៅ​ផ្លូវបំបែក​ចូល​ទៅ​ឃុំ​រកា​កោង​ទី​១ ហើយ​បាន​ឃាត់​មុខសញ្ញា​ហៅ​ឲ្យ​ឈប់ ។ ប៉ុន្តែ​មុខសញ្ញា​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​២​គ្រឿង គឺ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1F-9405 ជិះ​ម្នាក់ឯង ត្រូវ​បាន​ចាប់ខ្លួន និង​មូ​៉​តូ​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-2128 ជិះ​គ្នា​២​នាក់ មិន​ព្រម​ឈប់​ហើយ​បាន​បើក​គេច​បក​ក្រោយ​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៦​វិញ ។

ពេល​នោះ សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ត្រូវ​ជនសង្ស័យ​ម្នាក់ ហើយ​ជនសង្ស័យ​ទាំង​២​នាក់ បាន​ផ្ដួល​ម៉ូតូ​ចោល​រួច​ព្យាយាម​រត់គេច​បំបែក​គ្នា​ចុះ​មក​ខាងលិច​ផ្លូវជាតិ​លេខ​៦ ខាងក្រោយ​ភូមិ​។ តាម​រយៈ​ដាន​ឈាម​ដែល​ជន​ម្នាក់​ត្រូវ​របួស សមត្ថកិច្ច​បាន​បន្ត​តាម​រុករក​ព័ទ្ធ​ចាប់​បាន​ម្នាក់​គឺ​ឈ្មោះ ហ៊ី​ង នី ហៅ អា​មមីស  ហៅ​ប៉េ​ន ជា​មេខ្លោង ដែល​បាន​រត់គេច​ទៅ​សម្ងំ​នៅ​ក្បែរ​គុម្ព​ឫស្សី និង​ម្នាក់​ទៀតរ​ត់ទៅ​ពួន​នៅ​ក្បែរ​បឹង ក៏​ត្រូវ​នគរបាល​ឡោម​ព​ទ្ធ័​ចាប់ខ្លួន​បាន​ដែរ ។ ចំណែក​បក្សពួក​២​នាក់​ទៀត បាន​គេចខ្លួន​ទៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ចូល​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមីនា មាន​នគរបាល​ជំនាញ​មក​ពី​ស្នងការដ្ឋាន​ខេត្ត​ចំនួន​៥ មក​សួរ​ចម្លើយ​ជនសង្ស័យ ទាក់ទិន​នឹង​អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្ត​នោះ ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ម​ជនសង្ស័យ​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​កក្រើក​នៅ​ខេត្តកណ្ដាល ខេត្តព្រៃវែង និង​ខេត្តតាកែវ ៕