យោធិន​ពិការ​ជើង​ឆ្វេង​ត្រូវ​ជន​អគតិ​វាយបំបាក់​ជើង​ស្តាំ​ម្ខាង​ទៀត​យ៉ាង​ព្រៃផ្សៃ

យោធិន​ពិការ​ជើង​ឆ្វេង​ត្រូវ​ជន​អគតិ​វាយបំបាក់​ជើង​ស្តាំ​ម្ខាង​ទៀត​យ៉ាង​ព្រៃផ្សៃ

ខេត្ត​ត្បូងឃ្មុំ ៖ សាធារណជន​បាន​បញ្ចេញ​ប្រតិកម្ម ដោយ​ភ្លើងកំហឹង​និង​បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ចាស់ដៃ​ទៅ​លើ​ជន​អគតិ​ម្នាក់ ដែល​បាន​វាយ​យោធិន​ពិការ​ជើង​ម្ខាង​ម្នាក់ បណ្ដាល​ឱ្យ​បាក់ជើង​ម្ខាង​ទៀត រហូត​ត្រូវ​ពិការ​ជើង​ទាំង​២​តែ​ម្ដង ។

នេះ​ជា​អំពើ​ឃោ​ឃៅ​មួយ​ដែល​ត្រូវ​បាន​ទាមទារ​ឱ្យធ្វើ​ការ​ផ្ដន្ទាទោស​ជន​អគតិ​រូប​នេះ​ឱ្យ​បាន​ធ្ងន់ធ្ងរ សម​ទៅ​តាម​អំពើ​ទុយ៌ស​របស់​ខ្លួន​។ ជន​ដៃដល់​ឈ្មោះ ប៊ុ​ន ច​ន្នី  អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ បាន​យក​កំណាត់ឈើ​ជ្រុង​មក​វាយ​សំពង​លើ​យោធិន​ពិការ​ជើង​ឆ្វេង​ឈ្មោះ រ៉េ​ន ខេន អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បណ្តាល​ឱ្យ​បាក់ជើង​ស្តាំ​ម្ខាង​ទៀត ក្លាយទៅជា​មនុស្ស​ពិការ​ជើង​ទាំង​២ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ មីនា ។ អ្នក​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ ចំណែក​ជន​បង្ក​ហិង្សា​យ៉ាង​កំរោល ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ច​ន្នី បាន​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​ផឹកស៊ី​ជាមួយនឹង​គេឯង នៅ​ក្នុងភូមិ​រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក  ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​ផង ។

អធិការ​នគរបាល​ស្រុក​មេមត់ ប្រាប់​បន្ត​ថា ដោយសារ​តែ​ឃើញ​ជិះ​ម៉ូតូ​លឿន​បែប​នេះ ជន​រង​គ្រោះ​បាន​ស្រែក​ទៅ​ថា «​កុំ​ជិះ​លឿន​ពេក​ប្រយ័ត្ន​បុក​គេឯង​» ។ លុះ​ពេល​ដែល​ជិះ​ទៅ​មុខ​បាន​ឆ្ងាយ​បន្តិច ក៏​ស្រាប់តែ​ដួល​ម៉ូតូ​ប្រាវ​ទៅ​លើ​ថ្នល់ ។ មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ ជន​រូប​នេះ​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅផ្ទះ​របស់​ខ្លួន​វិញ ហើយ​កាន់ដំបង​ឈើ​មួយ​កំណាត់ មក​វាយ​សំពង​ជន​រង​គ្រោះ​ដែល​ពិការ​ជើង​ឆ្វេង​ម្ខាង​ទៅ​ហើយ​នោះ បណ្ដាល​ឱ្យ​បាក់ជើង​ខាងស្តាំ​ម្ខាង​ទៀត ។ 

ទាក់ទង​នឹង​ពិការ​ភាព​ជើង​ឆ្វេង​ម្ខាង​របស់​យោធិន​រូប​នេះ​ត្រូវ​បានឱ្យ​គេ​ដឹង​ថា កាលពី​ក្នុង​អំឡុង​ឆ្នាំ​១៩៨២ គាត់​ជា​យោធា បាន​តតាំង​ក្នុង​សមរភូមិ​នៅ​ខេត្តព្រះវិហារ ដោយ​ការ​ជាន់​មីន ។ ដោយ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​មក​កាន់​រូប​លោក ទើប​ចាត់​ឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ទៅ​ជា​បន្ទាន់ ដោយ​បាន​ចាប់ខ្លួន​ជន​ដៃដល់​ក្នុង​ករណី​ហិង្សា​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់   ។

លោក​ឧត្តមសេនីយ​យ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ដែរ​ថា  ដោយសារ​តែ​មើលឃើញ​ពី​ជីវភាព​លំបាក​របស់​អតីត​យោធិន​ពិការ​ខាងលើ​នេះ រូប​លោក​ក៏​បាន​ចាត់​ឱ្យ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​នា​ថ្ងៃ​ទី​២​មីនា នាំ​យក​ថវិកា​៤០​ម៉ឺន​រៀល ទឹកត្រី​១​យួរ ខោខ្លី​២​អាវយឺត​១ ត្រីងៀត​១​គីឡូក្រាម អង្ករ​៥០​គីឡូក្រាម  ទឹកបរិសុទ្ធ​៣​យួរ  មី​១​កេស  ទៅ​ជូន​ដល់​ជន​រង​គ្រោះ ដែល​កំពុង​តែ​សំរាក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ ដោយសារ​តែ​មាន​ទឹកចិត្ត​មនុស្សធម៌​បែប​នេះ ត្រូវ​បាន​ក្រុម​សាច់ញាតិ​របស់​អ្នក​រង​គ្រោះ​បាន​សម្ដែង​ការ​ថ្លែងអំណរគុណ​ជា​ពន្លឹក ។ ចំណែក​ជន​បង្ក​ហិង្សា​ខាងលើ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ចាត់ការ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​ច្បាប់ ។

នៅ​ក្នុង​មន្ទីរពេទ្យ យោធិន​ពិការ​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ព្យាបាល​ជើង​បាក់ ដោយ​ការ​វះ​កាត់ត​ដែក​ឡើង​វិញ ដែល​អាច​នឹង​បានជា​សះស្បើយ ។ ចំណែក​ជើង​ម្ខាង​ទៀត ដែល​កំបុត​អាច​ប្រើ​ជើងសិប្បនិម្មិត​ដើម្បី​ស្ដារ​លទ្ធភាព​ពលកម្ម​ឡើង​វិញ​យ៉ាង​ហោច ក៏​៦​ខែ​ដែរ ។ សង្ឃឹមថា អង្គការ​សង្គម​ឬ​សប្បុរសជន និង​ជួយ​ដល់​យោធិន​ពិការ​រូប​នេះ​ឱ្យ​ចាក​ផុត​ការ​លំបាក​នៅ​ពេល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ ៕