(Update) ស្នេហ៍​ជាន់​លេខ​រៀង អ្នក​ស្លាប់​ ជា​បុរស​ពោះម៉ាយ ​កូន​៥​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ ដែល​ចង់​ឃុំគ្រង​ បេះដូង​ស្ត្រី​ម្នាក់ បាន​ឈាន​រហូត​ដល់​ មានការ​កាប់​ប្រហារ​ បណ្តាល​ឱ្យ​ស្លាប់​ បាត់បង់​ជីវិត​ ក្នុង​ថ្លុកឈាម​ម្នាក់ ឯ​ជន​ដៃដល់​ បាន​រត់គេច​ខ្លួន​បាត់ ។

អំពើ​ហិង្សា​នេះ បាន​បន្សល់​ទុក​នូវ​ភាព​ឯកោ​ពី​សំណាក់​ក្រុម​គ្រួសារ​បុរស​ទាំង​ពីរ ដោយ​គ្រួសារ​ខាង​ជន​ដៃដល់​បាន​បាត់​បុរស​ដែល​ជា​ប្តី ជា​ឪពុក ចំណែក​ខាង​បុរស​រង​គ្រោះ​ដែល​ជា​បុរស​ពោះម៉ាយ បាន​បន្សល់​ទុក​កូន​ចំនួន​៥​នាក់​មាន​ប្រុស​មាន​ស្រី ឱ្យ​នៅ​កំព្រា​ឯកោ​គ្មាន​មេបា​ទីពឹង ស្រប​ពេល​ដែល​គ្រួសារ​មួយ​នេះ ជា​គ្រួសារ​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ថែម​ទៀត ។

ចំពោះ​ស្ត្រី​ចំណាស់​ដែល​ជា​ស្រី​កំណាន់ចិត្ត​របស់​បុរស​ទាំង​ពីរ​នាក់​ នេះ​វិញ បាន​ត្រឹមតែ​មិន​និយាយ​ស្តី​អ្វី​ទាក់ទង​នឹង​ហេតុការណ៍​ដ៏​រន្ធត់​ដែល​បាន​ កើតឡើង​នោះ ។

គួរ​រំឭក​ថា កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១ ខែមីនា មាន​ករណី​មនុស្សឃាត​មួយ​បាន​កើតឡើង​នៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ភួ​ន វិចិត្រ អាយុ​៤៧​ឆ្នាំ ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ក្បែរ​ផ្ទះ​ស្ត្រី​ឈ្មោះ ជី គៀង អាយុ​៥៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ដោយសារ​ត្រូវ​បុរស​ឈ្មោះ ខេ​ង វ៉ា​ន់ អាយុ​៥៦​ឆ្នាំ កាប់​ក្បាល​ជា​ច្រើន​ពូថៅ ក្នុង​ជម្លោះ​ដណ្តើម​ស្រី​ស្នេហ៍​គ្នា ស្នេហ៍​ជាន់​លេខ​រៀង​កាប់​ប្រហារ​ដណ្តើម​ធ្វើ​ម្ចាស់​បេះដូង។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ជម្លោះ​នេះ ជន​រង​គ្រោះ​ដែល​ជា​បុរស​ពោះម៉ាយ​កូន​៥​ផង​នោះ ត្រូវ​បាន​អ្នក​ភូមិ​េ​ស្គាល់​ថា ជា​ប្រុស​កំណាន់ចិត្ត​របស់​ស្ត្រី​ឈ្មោះ ជី គៀង​ដែល​ប្រៀប​ដូច​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៅ​ហើយ​។ នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​ស្ត្រី​ជា​គូស្នេហ៍ ទើប​ត្រឡប់​មក​ពី​ផឹកស្រា​នៅ​ក្នុងភូមិ លុះ​ពេល​មក​ដល់​ផ្ទះ​ក៏​ឃើញ​បុរស​ឈ្មោះ ខេ​ង វ៉ា​ន់ នៅ​អង្គុយ​ក្នុងផ្ទះ​របស់​ស្ត្រី​ចំណាស់​សំបូរ​ស្នេហ៍​រូប​នេះ​រួច​ជា​ស្រេច ហើយ​ក៏​ចាប់ផ្តើម​មានការ​បោះពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក រវាង​បុរស​ទាំង​២​នាក់ ។

ដោយ​ជម្លោះ​ផ្ទុះ​ចេញពី​បេះដូង​ដ៏​ក្តៅ​គគុក​ចេះ​តែ​រីក​ធំ​ទៅ​ៗ បុរស​ឈ្មោះ ខេ​ង វ៉ា​ន់ បាន​ដើរទៅ​ចំហៀង​ផ្ទះ​យក​ពូថៅ​ដែល​គេ​សង្ស័យ​​ថា ​ជា​ពូថៅ​ដែល​លាក់​ទុក​រួច​ជា​ស្រេច​នោះ មក​កាប់​ជន​រង​គ្រោះ​រហូត​ស្លាប់​តែ​ម្តង ហើយ​ក៏​បាន​គេចខ្លួន​ទាំង​មិន​បាន​លា​ស្ត្រី​ចំណាស់​ដែល​ខ្លួន​ស្រឡាញ់នោះ​ ឡើយ ។

រវាង​បុរស​ទាំង​២​នាក់ ប្រហែលជា​បុរស​ពោះម៉ាយ​ដែល​ស្លាប់ គឺជា​បុរស​ដែល​បាន​ខ្លួនប្រាណ​ស្ត្រី​គូស្នេហ៍​មុន ព្រោះ​អ្នក​ភូមិ​ក៏​ចាត់​ទុក​ថា ពួក​គាត់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ដែរ ព្រោះ​ម្ខាង​ពោះម៉ាយ ម្ខាង​មេម៉ាយ ។ ប៉ុន្តែ​សម្រាប់​បុរស​ជា​ជន​ដៃដល់ ដោយសារ​តែ​ធ្លាប់​បាន​ខ្លួនប្រាណ​ស្ត្រី​រូប​នេះ ក៏​មិន​ដាច់​ចិត្ត​បោះបង់​ចោល​ដែរ ទោះបី​ខ្លួន​មាន​ប្រពន្ធ​នៅ​ជ្រងោ​ក្តី ទើប​ធ្វើ​ឱ្យ​ខ្លួន​លង់​នឹង​ជម្រៅ​ស្នេហ៍​ត្រី​កោណ​រហូត​ក្លាយ​ខ្លួន​ជា​ ឃាតករ ។

ជាមួយនឹង​ការ​អាណិតអាសូរ​កូន​ៗ​របស់​បុរស​រង​គ្រោះ​ទាំង​ប្រាំ​នាក់ ដែល​បាន​ក្លាយជា​ក្មេង​កំព្រា លោក សំ សា​មាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា បាន​នាំ​យក​គ្រឿង​ឧបភោគបរិភោគ មាន​អង្ករ ភេសជ្ជៈ ទឹកបរិសុទ្ធ ដែល​ជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទៅ​ផ្ដល់​ជូន​ដល់​កូន​ៗ​របស់​បុរស​រង​គ្រោះ​ដែល​ពេល​នេះ​នៅ​ជាមួយ​ជីដូន ៕

(Update) ស្នេហ៍​ជាន់​លេខ​រៀង អ្នក​ស្លាប់​ ជា​បុរស​ពោះម៉ាយ ​កូន​៥​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត