សុខភាព &raquo សុខភាព

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Uppsala University ប្រទេស​ស៊ុ​យ​អែ​ត​បាន​អះអាង​ថា បុគ្គល​ដែល​ទទួលទាន​ទឹកដោះគោ​ច្រើន​ជាង​៣​កែវ​ក្នុង​មួយ​ថ្ងៃ មិន​ត្រឹមតែ​មិន​ផ្តល់​អត្ថប្រយោជន៍​ការពារ​ឆ្អឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​បណ្តាល​ឱ្យ​ស្លាប់​មុន​អាយុ​ក្នុង​អត្រា​មួយ​យ៉ាង​ខ្ពស់​ទៀត​ផង ។
ផ្តល់​ផល​អាក្រក់​បែប​នេះ ពីព្រោះ​ទឹកដោះគោ​ផ្ទុក​សារធាតុ​ស្ករ​ដែល​អាច​បង្កើន​ការ​រលាក​និង​លក្ខខណ្ឌ Oxidative Stress ។ ទីបំផុត​បណ្តា​កោសិកា​រាង​កាយ​ត្រូវ​បាន​បំផ្លាញ ។
ការ​ពិសោធ​រយៈពេល​១១​ទៅ​២០​ឆ្នាំ​លើ​បុរស​៤​ម៉ឺន​៥​ពាន់​នាក់ និង​ស្ត្រី​៦​ម៉ឺន​នាក់​បង្ហាញ​ថា ក្រុម​ស្ត្រី​ដែល​ផឹក​ទឹកដោះគោ​ច្រើន​ជាង​៣​កែវ​ក្នុង​មួយ​ថ្ងៃ​ឬ​ជា​មធ្យម​៦៨០​មី​ល្លី​លី​ត្រ​ប្រឈម​នឹង​អត្រា​ស្លាប់​មុន​អាយុ​ដល់​ទៅ​ទ្វេ​ដង​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​ផឹក​ត្រឹម​៦០​មី​ល្លី​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ឬ​ប្រហែល​១​កែវ ។ ចំពោះ​បុរស​វិញ អត្រា​ស្លាប់​គឺ​ទាប​ជាង​ស្ត្រី ។
សាស្ត្រាចារ្យ Karl Michaëlsson ដែល​ជា​អ្នកដឹកនាំ​ការ​សិក្សា​ថ្លែង​ថា តាម​ធម្មតា ទឹកដោះគោ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​អ្នក​ទទួលទាន ។ យ៉ាងណា​ក៏​ដោយ វា​អាច​នឹង​ផ្តល់​ផល​អាក្រក់​វិញ ប្រ​សិន​គេ​ទទួលទាន​ក្នុង​កម្រិត​មួយ​យ៉ាង​លើសលប់ ។ លោក​សាស្ត្រាចារ្យ​បន្ត​ថា បុគ្គល​ទាំងឡាយ​គួរ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​របប​អាហារ​របស់​ខ្លួន​ក្នុង​កម្រិត​មួយ​ដែល​មាន​តុល្យភាព ។
ទោះជា​យ៉ាងនេះ​ក្តី នៅ​ក្នុង​ព្រឹត្តិបត្រ BMJ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ​សិក្សា​លើក​ដំបូង​ប៉ុណ្ណោះ ហើយ​ថា ការ​សិក្សា​ស្រាវជ្រាវ​លើក​ក្រោយ​ទៀត​នឹង​ត្រូវធ្វើ​បន្ត​ដើម្បី​ស្វែងរក​ភ័ស្តុតាង​រឹង​មាំ ។
ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​កាលពី​លើក​មុន​សុទ្ធតែ​បាន​រក​ឃើញ​នូវ​អត្ថប្រយោជន៍​របស់​ទឹកដោះគោ​ចំពោះ​សុខភាព ។ របកគំហើញ​ទាំងនោះ​បាន​អះអាង​ថា ទឹកដោះគោ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​បាក់ឆ្អឹង​ដ្បិត វា​ផ្ទុក​ទៅ​ដោយ​កាល់ស្យូម​និង​វីតាមីន D យា​៉​ង​សំខាន់​សម្រាប់​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ ៕     ឈិ​ត គឹ​ម​ឆុ​ន