សុខភាព &raquo សុខភាព

តាម​ក្រុម​អ្នកជំនាញ​ឱ្យ​ដឹង​ថា បណ្តា​អ្នកជំងឺ​មហារីក​គឺ​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​ខ្លួន​បាន​ដល់​ជិត​ពាក់កណ្តាល​ឬ​ក៏​ពាក់កណ្តាល ដោយ​គ្រាន់តែ​ដើរ​ឱ្យ​បាន​ទៀងទាត់​រាល់ថ្ងៃ​ចម្ងាយ​១,៦០​គីឡូម៉ែត្រ​ក្នុង​ល្បឿន​មធ្យម ៤,៨២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឬ​ប្រហែល​២០​នាទី ។

តាម​រយៈ​ការ​សិក្សា​មួយ​ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ថា ការ​ធ្វើ​សកម្មភាព​រាង​កាយ​ជាប់​ជា​ប្រចាំ​គឺ​ប្រៀប​បាន​នឹង​ឱសថ​ស័ក្តិសិទ្ធិ​សម្រាប់​អ្នក​កើត​ជំងឺមហារីក​ដោះ​និង​ប្រូ​ស្តា​ត ដោយ​វា​អាច​ជួយ​កាត់​បន្ថយ​ឱកាស​ស្លាប់​របស់​ពួក​គេ​ពី​ជំងឺ​នេះ​បាន​ដល់​ទៅ​៤០​ភាគរយ ។

ដោយឡែក សម្រាប់​អ្នកជំងឺ​មហារីក​ពោះវៀន​វិញ បង្កើន​ការ​ដើរ​ទ្វេ​ដង​ធៀប​នឹង​ចម្ងាយ​ខាងលើ​(៣,២០​គីឡូម៉ែត្រ​)​អាច​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​បាន​៥០​ភាគរយ ។

ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​បណ្តាញ​ក្រុម​អ្នក​ដើរ​ឈ្មោះ Walking for Health និង​គាំទ្រ​ដោយ​មូលនិធិ​សប្បុរសធម៌ Macmillan Cancer Support រក​ឃើញ​ថា សកម្មភាព​រាង​កាយ​អាច​ជួយ​កាត់​បន្ថយ​ការ​ប៉ះទង្គិច​នៃ​ផល​រំខាន​បន្តិចបន្តួច​មួយ​ចំនួន​កើតឡើង​ដោយសារ​ការ​ព្យាបាល​មហារីក ក្នុង​នោះ​មាន​ដូច​ជា ហើម​ជុំវិញ​ប្រអប់ដៃ អស់កម្លាំង ផ្លាស់​ប្តូរ​ទម្ងន់​ខ្លួន​និង​បាត់បង់​ចលនា​រាង​កាយ​ជាដើម ។

លោក Ciaran Devane នាយក​ប្រតិបត្តិ​មូលនិធិ Macmillan Cancer Support ថ្លែង​ថា ការ​រក​ឃើញ​នៅ​ពេល​នេះ​បាន​បង្ហាញ​នូវ​ភាព​ពិត​ដ៏​ងាយ​មួយ​នោះ​គឺ ការ​ដើរ​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន ។ យើង​មិន​អាច​បន្ត​បិទ​ភ្នែក​ធ្វើ​មិនដឹងមិនឮ​ចំពោះ​អ្វី​ដែល​ជា​ដំណោះស្រាយ​ដ៏​ពិតប្រាកដ​និង​យ៉ាង​ងាយស្រួល​នោះ​ទេ ។ សកម្មភាព​រាង​កាយ​គឺជា​ឱសថ​ដ៏​អស្ចារ្យ​មួយ ហើយ​បណ្តា​អ្នកជំនាញ​ថែរក្សា​សុខភាព​ត្រូវ​តែ​បង្គាប់បញ្ជា​ប្រើ​ឱសថ​នេះ ។

លោកស្រី Sandra Sayce វ័យ​៥១​ឆ្នាំ ជា​អ្នកជំងឺ​មហារីក​ស្បែក​ដែល​បាន​ចូលរួម​ក្នុង​ក្រុម Walking for Health តាំងពី​ឆ្នាំ​២០១១​ថ្លែង​ថា​៖ «​ខ្ញុំ​កើត​ជំងឺមហារីក​នេះ​អស់​ច្រើន​ឆ្នាំ​មក​ហើយ​។ ពេល​អាក្រក់​បំផុត​នោះ​គឺ​ខ្ញុំ​មិន​អាច​ដើរ​បាន​ច្រើន​ជាង​៥០​ម៉ែត្រ​ទេ ។ យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​បាន​ចូលរួម​ជា​ក្រុម​អ្នក​ដើរ សុខភាព​ខ្ញុំ​បាន​ត្រឡប់​មក​រក​ភាព​ដើម​វិញ​ហើយ ។ ខ្ញុំ​អាច​ដើរ​បាន​ដូច​ធម្មតា បើ​ទោះ​ក្នុង​អាកាសធាតុ​ត្រជាក់​នា​ខែមករា​ក៏​ដោយ​» ៕