ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ករណី​បង្ក្រាប​ក្រុម​ចាប់ជំរិត​ដែល​ជនសង្ស័យ​ជា​ជនជាតិ​ចិន​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ហ្គោ​ល​ក្រោ​ន ដោយ​សមត្ថកិច្ច​ចម្រុះ​កម្ពុជា និង​ចិន កាលពី​រសៀល​ថ្ងៃ​ទី​២ ខែមីនា ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​តែ​៣៨​នាក់​ទេ គឺ​ចាប់​តាម​ដីកា ចំណែក​ការ​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​ជាង​១០០​នាក់​នោះ គ្រាន់តែ​ជា​ចំនួន​ត្រួតពិនិត្យ​ជំហាន​ដំបូង​ប៉ុណ្ណោះ ។

លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​យប់​ថ្ងៃ​ដដែល​នោះ​ថា ការ​ចុះ​បង្ក្រាប​ក្រុម​ចាប់ជំរិត​ខាងលើ គឺ​ដឹកនាំ​ដោយ​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ឯក ស៊ា​ន សេន ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ករណី​ឆែកឆេរ​រក​ជនសង្ស័យ​ជា​ក្រុម​ចាប់ជំរិត​នេះ គេ​ឃើញ​មាន​៣​កន្លែង​ផ្សេង​គ្នា គឺ​២​កន្លែង​នៅ​បន្ទប់​ជួល និង​១​កន្លែង​ទៀត​ក្នុង​កាស៊ីណូ​ចំណុច​333VIP ក្នុង​ប្លុក​កាស៊ីណូ​ហ្គោ​ល​ដិ​ន​ក្រោ​ន​តែ​មួយ ។ ដំបូង​មាន​ប្រភព​ព័ត៌មាន​ថា ការ​ប្រមូល​ជនសង្ស័យ​មាន​រហូត​ដល់​ទៅ​១១៨​នាក់ ហើយ​ក្រោយមក​សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​អ្នក​ពាក់ព័ន្ធ​តាម​រយៈ​ការ​ស្គែ​ន​មេដៃ ព្រោះ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ការ​ចាប់ជំរិត​ខ្លះ​មាន​ដីការ​ចាប់ខ្លួន​ពី​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ចិន ។

ទីបំផុត ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្រុម​ចាប់ជំរិត​ខាងលើ ត្រូវ​បាន​លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បញ្ជាក់​ថា មាន​តែ​៣៨​នាក់​ទេ ក្នុង​នោះ​ស្រី​៣​នាក់ ហើយ​ជា​ការ​ឃាត់ខ្លួន​តាម​ដីកា​ទៀត​ផង ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ចំណែក​ជនសង្ស័យ​មួយ​ចំនួន​ទៀត​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ទេ ព្រោះ​ក្រោយ​ពី​ការ​ស្គែ​ន​មេដៃ គឺ​មិន​ជាប់​ពាក់  ព័ន្ធ ។ យ៉ាងណា​ក៏​ដោយ ជនសង្ស័យ​ចំនួន​២២​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ ដែល​ប៉ូលិស​ចិន​ឃាត់​សួរនាំ​នៅ​បន្ទប់​ជួល​ក្នុង​កាស៊ីណូ​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ក្រោយ​ពី​មានការ​តវ៉ា​ពី​ក្រុម​សន្តិសុខ​កាស៊ីណូ ៕