Samsung ចាប់​​ផ្ដើម​បញ្ចេញ​លក់​​ SSD ទំហំ 15000GB ​ធំ​ជាង​គេ​លើ​លោក​

ក្រុមហ៊ុន​ Samsung បាន​ប្រកាស​កាល​ពី​ថ្មី​​ៗ​នេះ​ថា​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ទំហំ​ធំ​ជាង​គេ​ក្នុង​លោកកំពុង​បញ្ចេញ​លក់​លើ​ទីផ្សារ​ហើយ។

 

Samsung ចាប់​​ផ្ដើម​បញ្ចេញ​លក់​​ SSD ទំហំ 15000GB ​ធំ​ជាង​គេ​លើ​លោក​

 

បើ​តាម​ការ​បង្ហាញ​របស់​ក្រុមហ៊ុន​កាល​ពី​​ខែ​សីហា​ឆ្នាំ​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ SSD ​ម៉ូដែល​ PM1633a​ នេះ​មាន​ទំហំ​​ ១៥​TB (​ស្មើ​នឹង​១៥០០០GB)។ SSD នេះ​​ផលិត​ឡើង​​ដោយ​​ការ​រួម​បញ្ចូល​គ្នា​រវាង​​ដុំ​​ Flash ចំនួន​ ៣២​ ដែល​ដុំ​នីមួយៗ​មាន​ទំហំ​ ៥១២GB។ ខុស​ប្លែក​ពី​ SSD ទំហំ​ធំ​ដទៃ​ទៀត​ SSD របស់​ Samsung មួយ​ម៉ូដែល​នេះ​​មិន​ប្រើ​ប្រាស់​ខ្សែ​ PCIE ឬ​ SATA ដើម្បី​បញ្ជូន​ទិន្នន័យ​ឡើយ ពោល​គឺ​ប្រើ​ប្រាស់​ខ្សែ​ 12Gbps Serial Attached SCSI (SAS)។

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​ PM1633a អាច​​បំពេញ​​ប្រតិបត្តិការ​ Read/Write ក្នុង​ល្បឿន​ដល់​ទៅ​ ១២០០MBps។ SSD ទំហំ​យក្ស​នេះ​ដែរ​​ក៏​មាន​បង្កប់​នូវ​ RAM ទំហំ​ ១៦GB មក​ជា​ស្រេច​ ដោយ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​ជំនាន់​របស់​ RAM នេះ​ឡើយ។

 

គួរ​បញ្ជាក់​ថា​​ក្រុមហ៊ុន​ Samsung នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​តម្លៃ​របស់​អង្គ​ផ្ទុក​ទិន្នន័យ​នេះ​នៅ​ឡើយ​នោះ​ទេ​ ប៉ុន្តែ​វិបសាយ​ Ars Technica ប៉ាន​ស្មាន​ថា​តម្លៃ​​អាច​មាន​ចាប់​ពី​ ៨០០០​ដុល្លារ៕
​​​​​​​​​​​​

ចុច​អាន៖ អ្នក​ទេសចរ​​ទៅ​លេង​​កូរ៉េ​ខាង​ត្បូង ​នឹង​បាន​​ប្រើ​ប្រាស់​ Galaxy Note 5 ដោយ​ឥត​គិត​ថ្លៃ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalTrends, ArsTechnica​​​​​​​​​