សិល្បៈ​និងវប្ប​​​ធម៌ &raquo ទេសចរណ៍

ខេត្តស្ទឹងត្រែង ៖ ផ្នែក​ខាងលើ​ដង​ទន្លេសេសាន​កាលពីមុន​គ្រាន់តែ​ជា​ខ្សែទឹក​ធម្មជាតិ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មានការ​គាំទ្រ​ពី​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​នោះ​ក៏​រៀបចំ​ជា​រមណីយដ្ឋាន ។

សហគមន៍​បាន​ប៊ុ​ង ឃុំ​ភ្លុក​រួម​គ្នា​សិក្សា​ពី​តំបន់​ជួរ​នៅ​លើ​ដង​ទន្លេសេសាន​ដែល​ទីនោះ​គេ​ហៅ​ថា​ទឹកឈូ​ជួរ​ចាប ។ ទីកន្លែង​ដែល​គេ​ជ្រើសរើស​ជា​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​នេះ ដោយសារ​ពិនិត្យ​ទៅ​ឃើញ​ថា មានទឹក​ហូរ​ត្រជាក់ អាច​សង់​ខ្យូ​ស​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​សម្រាប់​សម្រាក​លំហែកាយ​បាន មាន​ជួរ​ថ្ម​ទឹក​រាក់​ងាយស្រួល​លេង​កម្សាន្ត​មិន​មាន​គ្រោះថ្នាក់ ។ ជា​ពិសេស​នោះ គឺ​មាន​កោះ តូច​ៗ​ជា​ច្រើន ដែល​អ្នកទេសចរ​អាច​អង្គុយ​លេង​ក្រោម​ម្លប់ឈើ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ជួបជុំ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​យ៉ាង​សប្បាយ ។

បើ​តាម​ការ​អះអាង​ពី​គម្រោង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​សហគមន៍​ឱ្យ​ដឹង​ថា ក្រោយ​រដូវវស្សា​ទឹក​ឡើង​សហគមន៍​នឹង​រៀបចំធ្វើ​ខ្យូ​ស​និង​សង់​ជា​ស្ពាន​ឥន្ទធនូ​សម្រាប់​ឆ្លងកាត់​ពី​ខ្យូ​ស​មួយ​ទៅ​កាន់​ខ្យូ​ស​មួយទៀត​ស្ថិត​នៅ​តាម​មាត់ទន្លេ​ដែល​ជា​ភាព​ទាក់ទាញ​មួយ​មិន​ដែល​មាននៅ​ស្ទឹង​ត្រែង ។

រមណីយដ្ឋាន​ស្ថិត​នៅ​លើ​ដង​ទន្លេសេសាន​មាន​រហូត​ទៅ​ដល់​៣​កន្លែង​បូក​រួម​ជាមួយ​រមណីយដ្ឋាន​ដែល​ទើប​បង្កើត​ថ្មី​នេះ ។ រមណីយដ្ឋាន​ថ្មី​កំពុង​សាងសង់​គ្រោង​ឲ្យ​រួចរាល់​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។ រមណីយដ្ឋាន​ទាំង​៣​នោះ​មាន​រមណីយដ្ឋាន​បុប្ផា​ភ្លុក រមណី​ដ្ឋា​ន​កោះ​ខ្សាច់​សេ​កុង និង​រមណី​ដ្ឋា​ន​ទឹកឈូ​ជួរ​ចាប ។ រមណីយដ្ឋាន​ទាំង​៣​នោះ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ចំណែក​២​ទីតាំង​ទៀត​ស្ថិត​នៅ​ឃុំ​ភ្លុក ស្រុក​សេ​សាន ។

លោក​ទួន ថាំង មេឃុំ​ភ្លុក ស្រុក​សេ​សាន និង​ជា​អ្នកដឹកនាំ​ផ្តល់​បច្ចេកទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ប្រាប់​កោះសន្តិភាព​ថា រមណីយដ្ឋាន​ទឹកឈូ​ជួរ​ចាប​មាន​ចំណុច​ល្អជា​ច្រើន​គួរ​គាប់​ទៅ​កម្សាន្ត ដូច​ជា​មានទឹក​រាក់​សម្រាប់​លេង​កម្សាន្ត និង​មាន​ខ្យូ​ស​អង្គុយ​លេង​លើ​ខ្សែទឹក​ហូរ​ជាដើម ។

ទាក់ទង​ទៅ​នឹង​ឈ្មោះ​របស់​រមណីយដ្ឋាន​នេះ លោក​មេឃុំ​បញ្ជាក់​ថា នៅ​តំបន់​នោះ​មាន​ទឹកឈូ និង​មាន​ជួរ​ថ្ម ព្រមទាំង​សត្វ​បក្សី​ហើរ​ជា​ហ្វូង​វិល​ត្រឡប់​មក​ទ្រនំ​លើ​ដើមឈើ​នា​ពេល​ថ្ងៃ​រៀប​លិច​ដែល​ដុះ​នៅ​តាម​ជួរ​ថ្ម​នោះ ដូច្នេះ​ទើប​លោក​រួម​ជាមួយ​សហគមន៍​ដាក់​ឈ្មោះ​ថា​រមណីយដ្ឋាន​«​ទឹកឈូ​ជួរ​ចាប​» ។ រមណី​ដ្ឋា​ន​នោះ​ស្ថិត​នៅ​ជួរ​ខាងក្រោម​នៃ​រមណីយដ្ឋាន​បុប្ផា​ភ្លុក ហើយ​សម្រាប់​ការ​រៀបចំ​ទីតាំង​ពី​សហគមន៍​បាន​រៀបចំ​ខ្សែកាប​ដាក់​ពី​ដុ​ង​ការពារ​ប្រព័ន្ធ​សុវត្ថិភាព ខណៈ​ភ្ញៀវ​ទៅ​តំបន់​ជួរ​ទឹក​ជ្រៅ ទីធ្លា​ចត​រថយន្ត​ធំ​ទូលាយ រៀបចំ​ទីកន្លែង​ទុកដាក់​កាក​សំណល់ និង​រៀបចំ​បន្ទប់​អនាម័យ​ជូន​អ្នកទេសចរ ។

ក្រៅពី​នោះ​នៅ​ពេល​រាត្រី​នឹង​រៀបចំ​ប្រគំ​តន្ត្រី​កំដរ​អារម្មណ៍ និង​ច្រៀង​រាំ​កម្សាន្ត ។  បច្ចុប្បន្ន​រមណីយដ្ឋាន​ទឹកឈូ​ជួរ​ចាប​សាងសង់​បាន​២០​ភាគរយ​ហើយ ដោយ​គ្រោង​ឱ្យ​រួចរាល់​ទទួលភ្ញៀវ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ៕