ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​តាម​ទូរស័ព្ទ​ចល័ត​មានការ​កើនឡើង​ស្រប​ពេល​ប្រតិបត្តិ​ករ​មួយ​ចំនួន​បាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ថ្មី គឺ 4G ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ទាញ​យក ក៏​ដូច​ជា​បញ្ចូល​ទិន្នន័យ​នៅ​ក្នុង​ប្រព័ន្ធ​របស់​ខ្លួន​បាន​យ៉ាង​លឿន ។ គិត​មក​ដល់​ចុងឆ្នាំ​២០១៥ ការ​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​នៅ​កម្ពុជា មាន​ចំនួន​៦,៥​លាន​នាក់ ស្មើនឹង​៤៥% ធៀប​នឹង​ឆ្នាំ​២០០៨ នៅ​ក្នុង​ការ​ចាប់ផ្តើម​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​3G ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត កាន់ ចាន់​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍៍ ។

ថ្លែង​នៅ​ឯ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នា​រសៀល​ថ្ងៃ​ទី​២ មីនា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ចុះ​កិច្ចសន្យា​សម្បទាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​កាប​អ៊ុ​ប​ទិច​ក្រោម​បាតសមុទ្រ AAE-1 ជាមួយ​ក្រុមហ៊ុន HyalRoute Communication Group Limited  លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា ៖ « ការ​កើនឡើង​នេះ បាន​ពឹងផ្អែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​ឆ្អឹងខ្នង​រឹង​មាំ និង​មាន​គ្រប់​ទីកន្លែង​អាច​ឲ្យ​ប្រជាជន​ប្រើប្រាស់​ចំ​គោលដៅ​តាម​អ្វី​ដែល​ចង់បាន ។ អីុ​ចឹ​ង​ហើយ​នៅ​ក្នុង​គោល​នយោ​បាយ​របស់​យើង គឺ​ផ្តោត​សំខាន់​ជាងគេ​បំផុត​លើ​កា​រត​ភ្ជាប់ ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​៨០% នៅ​ត្រឹម​ឆ្នាំ​២០២០ មាន​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ប្រើប្រាស់​បាន​ទាំង​នៅ​ទីប្រជុំជន និង​នៅ​តាម​ជនបទ រហូត​ដល់​តំបន់​ដាច់​ស្រយាល » ។

លោក​បណ្ឌិត​បន្ថែម​ថា ៖ « សព្វ​ថ្ងៃនេះ ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ គិត​ត្រឹម​ចុងឆ្នាំ​២០១៥​កន្លង​មក​ឃើញ​ថា អ្នក​ជាវ​ស៊ី​មកា​ត​មាន​ប្រមាណ​២១​លាន​ស៊ី​ម បើ​ធៀប​នឹង​ចំនួន​ប្រជាជន​បាន​កើនឡើង​ជិត​១៤០% ហើយ​បើ​យើង​ធៀប​ប្រទេស​កម្ពុជា​នឹង​បណ្តា​ប្រទេស​នៅ​អាស៊ាន ភាគរយ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​​សម្រាប់​កម្ពុជា គឺ​ស្ថិត​នៅ​ក្នុង​លំដាប់ថ្នាក់​លេខ​២ បន្ទាប់​ពី​សិង្ហ​បុរី​មាន​ចំនួន​១៥៥​លាន » ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖ « តាម​រយៈ​ការ​វិនិយោគ​បណ្តាញ​ខ្សែកាប​អុ​ប​ទិច AAE-1 របស់​ក្រុមហ៊ុន HyalRoute នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ការ​ប្រើប្រាស់​ទិន្នន័យ​របស់​ប្រជាជន​កម្ពុជា ។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន HyalRoute ទៅ​លើ​ការ​សាងសង់​បណ្តាញ​នេះ គឺជា​ការ​វិនិយោគ​មួយ​ដែល​ច្បាស់លាស់ និង​ជាក់លាក់ ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា » ។

ចំណែក​លោក Joseph MC Chan តំណាង​ក្រុមហ៊ុន HyalRoute ឱ្យ​ដឹង​ដែរ​ថា ៖ « ពួក​យើង​ជឿជាក់​ថា បណ្ដាញ​ខ្សែកាប​អុ​ប​ទិច​ក្រោម​បាតសមុទ្រ AAE-1 អាច​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ និង​វិធីទំនាក់ទំនង​ថ្មី ធ្វើ​ឱ្យ​ពួក​គេ​អាច​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ទាំងមូល​បាន​កាន់តែ​ងាយស្រួល​។ បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​សកល​ប្រមាណ​ជា​៩០%​បាន​ចរាចរណ៍ និង​ត​ភ្ជាប់​ពី​ខ្សែកាប​អុ​ប​ទិច​នៅ​ក្រោម​បាតសមុទ្រ គឺជា​បណ្ដាញ​ដែល​ផ្តល់​ភាព​ងាយស្រួល និង​មាន​សារសំខាន់​បំផុត មិន​ថា​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​អីុ​ន​ធើ​រ​ណេ​ត ប៉ុន្តែ​វា​ក៏​ជា​វិស័យ​សំខាន់​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ផ្សេង​ទៀត » ។

លោក​បន្ត​ថា ៖ « ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​ប្រទេស​ជិតខាង​ដូច​ជា ថៃ និង​វៀតណាម ក្នុង​ការ​ទិញ​បណ្ដាញ​អីុ​ន​ធើ​រ​ណេ​ត​អន្តរជាតិ រហូត​ដល់​គម្រោង​ខ្សែកាប​អុ​ប​ទិច​ក្រោម​​បាតសមុទ្រ AAE-1 ត្រូវ​បាន​ត​ភ្ជាប់​រួចរាល់ ។ នៅ​ក្នុង​កិច្ចសន្យា​សម្បទាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែកាប​អ៊ុ​ប​ទិច​ក្រោម​បាតសមុទ្រ AAE-1 នេះ ក្រុមហ៊ុន​HyalRoute គ្រោង​នឹង​ដាក់​ទុន​វិនិយោគ​ប្រមាណ​៦៩,៧​លាន​ដុល្លារ ដើម្បី​ឱ្យ​សេវា​អីុ​ន​ធើ​រ​ណេ​ត​កាន់តែ​លឿន​ហើយ​តម្លៃ​ថោក និង​មានគុណ​ភាព​ខ្ពស់​សម្រាប់​ទីផ្សារ​កម្ពុជា។ កា​រត​ភ្ជាប់​បណ្តាញ​ខ្សែកាប​អុ​ប​ទិច​ក្រោម​បាតសមុទ្រ AAE-1 គឺ​ចេញពី​ហុងកុង​មក​កម្ពុជា នៅ​ត្រង់​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ល្បឿន​១,៨​ទេ​រ៉ា​បី​ត ហើយ​អាច​ដាក់​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៧ » ។

ទាក់ទង​នឹង​វិស័យ​ទូរគមនាគមន៍​របស់​កម្ពុជា បើ​តាម​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា ៖ « កាលពី​ខែធ្នូ ឆ្នាំ​២០១៥ វិស័យ​ទូរគមនាគមន៍​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ច្បាប់​មួយ​ឈ្មោះ​ថា «​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍ » ។ នៅ​ក្នុង​ច្បាប់​នេះ​បាន​កំណត់​នូវ​គោលបំណង និង​គោលដៅ​មួយ​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង​នៅ​លើ​វិស័យ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព ជា​ពិសេស ធានា​ការពារ​ដល់​វិស័យ​ឯកជន ប្រតិបត្តិ​ករ​ទូរគមនាគមន៍ និង​បុគ្គល​ពាក់ព័ន្ធ និង​វិស័យ​ទូរគមនាគមន៍ ការពារ​អ្នក​ប្រើប្រាស់ និង​សំដៅ​កៀរគរ​ចំណូល​ថវិកាជាតិ » ។

លោក​បន្ថែម​ថា ៖ « ច្បាប់​នេះ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ព្រៀង​គោលនយោបាយ​របស់​យើង គឺ​សេចក្តី​ព្រៀង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២០ ដោយនៅ​ក្នុង​សេចក្តី​ព្រៀង​គោលនយោបាយ​នេះ​ផ្តោត​លើ​ការ​កសាង​បណ្តាញ កា​រត​ភ្ជាប់​ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០២០ ក៏​ដូច​ជា​ការ​រៀបចំ​ប្រទេស​កម្ពុជា​ឲ្យ​ត្រៀមខ្លួន​រួច​ជា​ស្រេច​នៅ​ឆ្នាំ​២០២០ ដើម្បី​ប្រើប្រាស់​នូវ​ការ​ទាញ​យក​ផលប្រយោជន៍​បាន​ស្ទើរ​គ្រប់​វិស័យ » ៕