ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ការ​ធ្វើ​អាជីវកម្ម គឺជា​រឿង​ប្រឈម​មួយ ព្រោះ​ចាំបាច់​ត្រូវ​គិត​ឱ្យ​បាន​ហ្មត់ចត់​តាំងពី​ដើម​ទី រហូត​ដល់​ចុងបញ្ចប់​ថា តើ​ត្រូវធ្វើ​យ៉ាងណា ដើម្បី​កុំឱ្យ​អាជីវកម្ម​ធ្លាក់​ចុះ ។ រឿង​នេះ​ស្តាប់​ទៅ​ដូច​ជា​រង​សម្ពាធ​បន្តិច ប៉ុន្តែ​មិន​ត្រូវ​ខ្លាច​នោះ​ទេ អ្នក​គួរ​ឈ្វេងយល់​នូវ​គន្លឹះ​ចំនួន​៥ ដែល​អាច​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​ឈាន​ទៅ​សម្រេច​ជោគជ័យ​ដោយ​ងាយ​បាន ។

១-​ជំរុញ​ខ្លួនឯង​ជា​និច្ច ៖
ការ​ធ្វើ​អាជីវកម្ម​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​ទេ ភាគច្រើន​ត្រូវ​ជួបនឹង​ឧបសគ្គ​ទាំងអស់ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​អាជីវកម្ម​ជួបនឹង​បញ្ហា​នឹក​ស្មាន​មិន​ដល់​នោះ រឿង​ដំបូង​ដែល​គួរ​ធ្វើ គឺ​ត្រូវ​ផ្តោតអារម្មណ៍ និង​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​បានជា​យើង​ធ្វើ​អាជីវកម្ម​នេះ ? ព្រោះតែ​ស្រឡាញ់​អាជីវកម្ម​នេះ​ឬ ? បន្ទាប់​មក​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើងជា​បន្តបន្ទាប់ ។

២-​ស្នើ​សុំ​ជំនួយ ៖
ទោះបីជា​អាជីវកម្ម​នោះ​ធ្វើ​តែឯង​ក្តី ហើយ​គិត​ថា​មិន​ចាំបាច់​ស្វែងរក​ជំនួយ​ពី​អ្នក​ដទៃ ប៉ុន្តែ​នៅ​ពេល​ដែល​ជួបនឹង​បញ្ហា អ្នក​គួរតែ​សាកល្បង​ទៅ​រក​សាច់ញាតិ ឬ​អ្នក​ប្រកប​អាជីវកម្ម​ដទៃ​ទៀត​ដែល​មានបទពិសោធន៍ ព្រោះ​ពួក​គេ​អាច​ជួយ​ជា​មតិយោបល់ និង​ស្វែងរក​ដោះស្រាយ​ល្អ​ៗ​ដល់​អ្នក​បាន ។

៣-​ថវិកា ៖
ថវិកា​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​រីក​លូតលាស់​ទៅ​មុខ​បាន​ដោយ​គ្មាន​ការ​រាំងស្ទះ ដូច្នេះ ត្រូវ​ឈ្វេងយល់​អំពី​គំរូ​អាជីវកម្ម ព្រមទាំង​ចំណូល​-​ចំណាយ ព្រោះ​នេះ​ចាត់​ទុក​ថា ជា​រឿង​សំខាន់​មួយ​ដែល​ជួយ​ឱ្យ​អាជីវកម្ម​ទទួល​ជោគជ័យ​បាន ។ លើស​ពី​នេះ​ទៀត កុំ​ភ្លេច​ស្វែងរក​ថវិកា​សម្រាប់​ដំណើរការ​អាជីវកម្ម និង​ការ​ធ្វើ​យុទ្ធនាការ​ទីផ្សារ​ផង​ដែរ ។

៤-​ក្រុមការងារ​ដែល​ឆ្លាត ៖
ទោះបីជា​អាជីវកម្ម​របស់​អ្នកមាន​ទំហំ​តូច​ក្តី ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​ក្រុមការងារ ឬ​បុគ្គលិក​ដែល​ឆ្លាត​វៃ​សម្រាប់​ជួយ​ដល់​កិច្ចការ​របស់​អ្នក គឺ​អ្នក​នឹង​មាន​ពេលវេលា​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​បាន ។

៥-​សហការ​ជាមួយ​ដៃគូ ៖
មិន​ថា​អ្នក​រវល់​យ៉ាងណា​ក្តី តែ​កុំ​ភ្លេច​ទាក់ទង​ជាមួយនឹង​ដៃគូ ពីព្រោះ​ការ​សហការ​គ្នា​ជា​ដៃគូ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដល់​ការ​រីក​លូតលាស់​នៃ​អាជីវកម្ម ដូច​ជា នៅ​ពេល​ដែល​អាជីវកម្ម​ជួបនឹង​បញ្ហា​ផ្សេង​ៗ ហើយ​មិន​អាច​ដោះស្រាយ​បាន យ៉ាង​ហោច​ណាស់ ក៏​មាន​មិត្តភក្តិ​ជួយ​គិត និង​ដោះស្រាយ​ទាំងអស់​គ្នា ។

ការ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ខ្នាត​តូច វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ តែ​ប្រសិនបើ​អ្នកមាន​ល្បិច​ខ្លះ​ៗ ប្រៀប​ដូច​ជា​យើង​បាន​នាំមុខ​មួយ​ជំហាន មុន​អ្នក​ដែល​ទើប​ប្រឡូក​អាជីវកម្ម​ដទៃ​ទៀត ។

យ៉ាងណាមិញ ការ​ថែរក្សា​អតិថិជន​ក៏​មិនមែន​ជា​ការ​ងាយស្រួល​ដែរ ដូច្នេះ​សូម​លោក​អ្នក​សាកល្បង​អនុវត្ត​តាម​វិធី​ងាយ​ៗ​ទាំងនេះ ក្រែង​អាច​ជួយ​ជា​ជំនួយស្មារតី​របស់​លោក​អ្នក​បាន ព្រោះថា ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ប្រាកដ​ណាស់​ថា ចង់បាន​អតិថិជន មិន​ថា​អតិថិជន​ប្រចាំ និង​មិន​ប្រចាំ ដើម្បី​ឱ្យ​ដំណើរការ​រកស៊ី​អាច​រស់រាន​ទៅ​មុខ​បាន។ ប្រការ​សំខាន់​ត្រូវ​ចេះ​ថែរក្សា​អតិថិជន​ទុក ដើម្បី​បង្ការ​កុំឱ្យ​ពួក​គេ​ងាក​ទៅ​រក​គូប្រជែង ។

-​ធ្វើ​ឱ្យ​អតិថិជន​ពេញចិត្ត ៖
មាន​តែ​ការ​ធ្វើ​ជា​ទៀងទាត់​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឱ្យ​អតិថិជន​ពេញចិត្ត​នឹង​អាជីវកម្ម​របស់​អ្នក​បាន ហើយ​ពួក​គេ​នឹង​មក​រក​សេវាកម្ម​របស់​អ្នក​ម្តង​ហើយ​ម្តងទៀត ដោយ​គ្រាន់តែ​អ្នក​ធ្វើ​រឿង​ដែល​គិត​ថា លើស​ពី​ការ​គិត​ទុក​របស់​ពួក​គេ ដូច្នេះ ពួក​គេ​នឹង​នៅ​តែ​ជា​អតិថិជន​របស់​អ្នកជា​រៀង​រហូត ។ គួរ​ធ្វើ​អ្វី​ក៏​បាន​ដើម្បី​ឱ្យ​ពួក​គេ​ចូល​មក​ទិញ​ផលិតផល ហើយ​ចាប់អារម្មណ៍​នឹង​ផលិតផល ឬ​សេវាកម្ម​នោះ ។

-​ធ្វើ​តាម​ការ​កុម្ម៉ង់ ៖
ការ​ធ្វើ​ឱ្យ​អតិថិជន​មាន​អារម្មណ៍​ថា ខ្លួនឯង​ទទួល​បាន​ភាព​ពិសេស​ខុស​ពី​អ្នក​ដទៃ ដោយសារ​ពួក​គេ​អាច​កុម្ម៉ង់​ទំនិញ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​យក​ប្រៀប​លើ​គូប្រជែង​បាន ។

-​មានការ​ធានា​លើ​ផលិតផល ឬ​សេវាកម្ម ៖
ការ​ធានា​លើ​ផលិតផល​មាន​ចំណែក​ជួយ​យ៉ាងច្រើន​ដើម្បី​ទប់ស្កាត់​អតិថិជន​មិន​ឱ្យ​រត់គេច​ពី​អ្នក​ទៅ​រក​គូប្រជែង ។ ការ​ធានា​ដែល​ល្អ គឺ​ក្នុង​ករណី​ដែល​អតិថិជន​មិន​ពេញចិត្ត​នឹង​ផលិតផល ឬ​សេវាកម្ម ។ អ្នក​អាច​បង្ហាញ​ទៅ​កាន់​អតិថិជន​វិញ​ថា ពួក​គេ​អាច​ទាក់ទង​នៅ​កន្លែង​ណា ធ្វើ​ដូច​ម្តេច ហើយ​ត្រូវ​ចាំ​ឆ្លើយ​តប​នូវ​សំណួរ ឬ​សំណើ​របស់​ពួក​គេ ពេល​នោះ​អតិថិជន​នឹង​មាន​អារម្មណ៍​ថា ខ្លួន​បាន​ទទួល​ការ​យកចិត្តទុកដាក់ ។

-​សាកសួរ​មតិយោបល់ ៖
ចំណុច​នេះ​ត្រូវ​ដឹង​ថា អតិថិជន​គិត​យ៉ាងណា​ជាមួយ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក ។ អ្នក​ប្រើប្រាស់​មិន​បាន​ជាវ​ទំនិញ​ដោយសារ​តែ​មើលទៅ​ល្អ​នោះ​ទេ ។ ប្រសិនបើ​ពួក​គេ​មាន​បញ្ហា​ជាមួយ​ទំនិញ ឬ​សេវាកម្ម​នោះ ពួក​គេ​នេះ​ហើយ​គឺជា​ប្រភព​ទិន្នន័យ​ដ៏​ល្អ​បំផុត​ថា តើ​អ្នក​គួរ​កែប្រែ​បញ្ហា​នោះ​ដោយ​របៀប​ណា ។

ដូច្នេះ គួរ​រក​វិធី​សាកសួរ​ទៅ​ពួក​គេ​ឱ្យ​បានជា​ប្រចាំ ហើយ​នៅ​ពេល​ដែល​ពួក​គេ​ឆ្លើយ​ហើយ អ្នក​ត្រូវ​បង្ហាញ​ថា បាន​យក​មតិ​ទាំងនោះ​ទៅ​អភិវឌ្ឍន៍​ផលិតផល ឬ​សេវា ។ ការ​យកគំនិត​របស់​អតិថិជន​នេះ ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ខ្លួន​ជា​ចំណែក​មួយ​នៃ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក ។ ក្រៅពី​ការ​ប្រើប្រាស់​សេវាកម្ម​ហើយ ពួក​គេ​ក៏​អាច​ណែនាំ​អតិថិជន​ថ្មី​មក​បន្ថែម​ទៀត ។

-​ប្រគល់​រង្វាន់ ៖
គួរ​មាន​វិធីសាស្ត្រ​ទីផ្សារ​សម្រាប់​អតិថិជន​ដែល​ស្មោះត្រង់​នឹង​ផលិតផល​របស់​អ្នក​ដើម្បី​បង្កើន​ការ​លក់ និង​រក្សា​អតិថិជន​ក្រុម​នេះ​ទុក​។ អ្នក​អាច​សាកល្បង​នូវ​វិធី​ខាងក្រោម​នេះ និង​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​ងាយ​ៗ ដូច​ជា ៖

-​ផ្តល់​តម្លៃ​ពិសេស​ដល់​អតិថិជន​ដែល​មក​ទិញ​ជា​ប្រចាំ (​ម៉ូយ​)
-​បញ្ចុះតម្លៃ​ពិសេស នៅ​ពេល​ដែល​ពួក​គេ​មក​ទិញ​ជា​លើក​ទី​២
-​ធ្វើ​ប្រូ​ម៉ូ​សិន​ដើម្បី​បង្កើន​ការ​លក់ ដូច​ជា ទិញ​៣ ថែម​១
-​សន្សំ​ពិន្ទុ គឺ​រាល់ពេល​ដែល​អតិថិជន​មក​ទិញ​ទំនិញ នឹង​ទទួល​បាន​ពិន្ទុ ហើយ​ត្រូវ​រក្សា​ពិន្ទុ​នោះ​ទុក​ប្តូរ​យក​រង្វាន់ ឬ​ទទួល​បានការ​បញ្ចុះតម្លៃ​ផ្សេង​ៗ ។

-​ទំនាក់ទំនង​ឱ្យ​បាន​ទៀងទាត់ ៖
ការ​រក្សា​សម្ព័ន្ធភាព​រវាង​ម្ចាស់​អាជីវកម្ម​ជាមួយ​អ្នក​ប្រើប្រាស់ គឺ​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជា​ប្រចាំ ។ អតិថិជន​នឹង​ទិញ​ផលិតផល​ជា​ញឹកញាប់ ប្រសិនបើ​ពួក​គេ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ម្ចាស់​ហាង ។ អ្នក​ត្រូវធ្វើ​ឱ្យ​ពួក​គេ​មាន​ទំនុកចិត្ត​ទៅ​លើ​ផលិតផល ឬ​សេវាកម្ម​នោះ ។ ចំពោះ​វិធី​ទំនាក់ទំនង​ជាមួយ​អតិថិជន រួម​មាន ៖

-​ជ្រើសរើស​វិធី​ទំនាក់ទំនង​ដែល​សមរម្យ (​អីុ​ម៉ែ​ល​, ទូរស័ព្ទ​, លិខិត និង SMS)
-​កំណត់​រយៈពេល​ណាមួយ (​ប្រចាំខែ ឬ​ប្រចាំត្រីមាស​)
-​បង្ហាញ​អ្វី​ជា​ការ​ចាប់អារម្មណ៍ (​ទំនិញ​ថ្មី​, បច្ចេកវិទ្យា និង​ការ​បញ្ចុះតម្លៃ​ពិសេស​) ។

-​បង្កើន​ការ​ផ្សព្វផ្សាយ​បន្ត ៖
ការ​ផ្សាយ​បន្ត​ពី​អតិថិជន​ម្នាក់​ទៅ​ម្នាក់​ទៀត អំពី​ទំនិញ ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន នឹង​ទទួល​បាន​លទ្ធផល​ល្អ​យ៉ាងណា អាស្រ័យ​ទៅ​លើ​អតិថិជន​នោះ​បាន​យល់​ដឹង​ពី​អាជីវកម្ម​របស់​អ្នក​កម្រិត​ណា ។ វិធី​ងាយ​ៗ​ដើម្បី​ឱ្យ​ពួក​គេ​ដឹង​ពី​ផលិតផល​ហើយ​ទៅ​ផ្សព្វផ្សាយ​បន្ត គឺ​ត្រូវ​សរសេរ ឬ​ជជែក​ឱ្យ​បាន​លម្អិត ។ ចូរ​កុំ​គិត​ថា ពួក​គេ​បានដឹង​ពី​ក្រុមហ៊ុន​ហើយ ហើយ​គ្រប់ពេល​ដែល​ទទួល​បាន​អតិថិជន​ថ្មី កុំ​ភ្លេច​សួរ​ថា មាន​អ្នក​ផ្សេង​ទៀត​ទេ​ដែល​ចាប់អារម្មណ៍​ទៅ​លើ​ផលិតផល ឬ​សេវាកម្ម ។ ចូរ​កុំ​ខ្មាស​អៀន​ក្នុង​ការ​សាកសួរ ។

-​អរគុណ​ជា​និច្ច​នៅ​ពេល​ទទួល​បាន​អតិថិជន​ថ្មី ៖
អាច​ស្វែងរក​វិធី​អរគុណ​ផ្សេង​ៗ នៅ​ពេល អតិថិជន​ចាស់​បាន​ណែនាំ​អតិថិជន​ថ្មី​មក​កាន់​ក្រុមហ៊ុន ដើម្បី​ឱ្យ​អតិថិជន​ចាស់​មាន​អារម្មណ៍​ថា ពួក​គេ​មាន​សារសំខាន់ ។ អ្នក​អាច​តបស្នង​ដោយ​ប្រគល់​រង្វាន់​ផ្សេង​ៗ​ដល់​ពួក​គេ ដើម្បី​ជា​ការ​លើកទឹកចិត្ត ហើយ​ពួក​គេ​នឹង​នាំ​អតិថិជន​ថ្មី​មក​បន្ថែម​ទៀត ។

វិធី​សាមញ្ញ​ៗ​ក្នុង​ការ​ថ្លែងអំណរគុណ រួម​មាន ៖ សរសេរ​នៅ​លើ​ក្រដាស​ដោយ​ដៃ​អ្នក​ផ្ទាល់ រួច​ផ្ញើ​តាម​អុ​ី​ម៉ែ​ល​ទៅ​កាន់​អតិថិជន​, ចែក​សំបុត្រ​កុន​, ផ្តល់​ជូន​កាត​ពិសេស​សម្រាប់​ទិញ​ទំនិញ​ក្នុង​ហាង ឬ​ភោជនីយដ្ឋាន ឬ​គ្រាន់តែ​ទូរស័ព្ទ​ទៅ​អរគុណ​ផ្ទាល់​ក៏​បាន ។ សូម​ជូនពរ​អ្នក​ជោគជ័យ​គ្រប់ពេលវេលា ៕