ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង នៅតែ​ប្រឈម​នឹង​ការបាត់បង់​ដោយសារ​យួន​ធ្វើ​ផ្លូវ​ជា​ឯកតោភាគី​

​តាំងពី​ថ្ងៃទី​២៤-២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​មកម្ល៉េះ ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ពី​រឿង​យួន​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ដីស្រែ​កេរ​ដូនតា​រាប់រយ​ហិកតា​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ក៏ដូចជា​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ បញ្ហា​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ភាគី​យួន​នៅតែ​បន្ត​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន​ដដែល​។

ប្រជាកសិករ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា បាន​ឲ្យ​ដឹងថា ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩៤​ដល់​លេខ​១៩៨ យួន​បានធ្វើ​ផ្លូវ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ប្រមាណ​ពី​៤០០​ទៅ​៥០០​ហិកតា ហើយ​រហូតដល់​ពេលនេះ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ធ្វើ​ផ្លូវ​របស់​ភាគី​យួន​នោះទេ​។ កសិករ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅក្នុង​តំបន់​នោះ​ក្រោយ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ បាន​លើកឡើងថា ដី​ខ្មែរ​បាន​បាត់បង់​នៅពេលដែល​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​កម្ពុជា​-​យួន បាន​ចុះ​វាស់វែង​បោះបង្គោល​ខណ្ឌសីមា​ពុះ​ចែក​ប្រទេស​ទាំងពីរ កាលពី​៣​ទៅ​៤​ឆ្នាំមុន ហើយ​ភាគី​យួន​បន្តធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។

​កសិករ​ខ្មែរ​ដែល​ដឹង​ច្បាស់​ពី​បញ្ហា​ព្រំដែន​ក្នុងភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​បញ្ជាក់ថា ចំណុច​ដែល​ធ្វើ​ឲ្យ​ពួកគាត់​បាត់​ដីស្រែ​កេរ​ដូនតា​ច្រើន​រយ​ហិកតា​នោះ គឺ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩៤​ដល់​លេខ​១៩៨ គឺ​ចាប់ពី​ឃុំ​ទួល​ស្ដី រហូតដល់​ឃុំ​ចន្ទ្រា​។ អ្នកភូមិ​គោក​តែ​ក បានលើកឡើង​ទៀតថា ភាគី​យួន​មិនបាន​ធ្វើ​ផ្លូវ​វាង​តំបន់​ចំពុះទា​នោះទេ គឺ​ពួក​យួន​ធ្វើ​ផ្លូវ​ពុះ​ត្រង់​កាត់​ដីស្រែ​ពួកគាត់​ដោយ​តម្រង់​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយទៀត​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ គ្រាន់តែ​នៅ​តំបន់​ចំពុះទា យួន​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​មាន​ប្រវែង​បណ្ដោយ​ប្រមាណ​៥០០​ម៉ែត្រ ហើយ​ប៉ះពាល់​ដីស្រែ​របស់​ប្រជាកសិករ​ខ្មែរ​មិនតិចជាង​៣០០​ហិកតា​នោះទេ​។

ប្រជាពលរដ្ឋ​ដែលមាន​វ័យ​ចំណាស់ៗ​រស់នៅ​ភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា បាន​ឲ្យ​ដឹងថា បង្គោល​ព្រំដែន​ចាស់​ដែល​បោះ​ក្នុងសម័យ​អាណានិគម​បារាំង​មាន​ចម្ងាយ​ពី​បង្គោល​បច្ចុប្បន្ន​ជាង​១០០០​ម៉ែត្រ មានន័យថា​យួន​ឈ្លានពាន​យក​ដី​ខ្មែរ​អស់យ៉ាង​ច្រើន​នៅក្នុង​តំបន់​នេះ ចំណែក​ខ្មែរ​សូម្បីតែ​ដើរចូល​ដី​យួន​មិន​ហ៊ាន​ផង​។ សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ចន្ទ្រា បាន​ឲ្យ​ដឹងថា យួន​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​បាត់បង់​ដីស្រែ​នៅ​ជិត​បង្គោល​ព្រំដែន​លេខ​១៩៨​។ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អំពើ​ឈ្លានពាន​របស់​យួន​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ព្រោះ​រហូតមក​ដល់ពេលនេះ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង​អស់រឿង​យួន​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូលក្នុង​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩៤​ដល់​លេខ​១៩៨៕

12747349_970004929751852_4709592131127165500_o 12768107_970004976418514_8981257079695798607_o 12768246_970004996418512_7645041658716309885_o