ពលរដ្ឋ​អំពាវនាវ​ឲ្យ​មានការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ប្រកបដោយ​តម្លាភាព​

ថ្មីៗ​នេះ​សហគមន៍​ការពារ​ព្រៃឈើ និង​អង្គការ​ការពារ​ព្រៃឈើ​២៧​ស្ថាប័ន​បានចេញ​សេចក្ដីថ្លែងការណ៍​ទាក់ទង​ទៅនឹង​សកម្មភាព​របស់​គណៈកម្មកា​រ​ធិ​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នាពេល​កន្លងមក​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះបាន​លើកឡើងថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​កន្លងមក​ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ សហគមន៍​និង​អង្គការ​ទាំង​២៧​បាន​សំណូមពរ​ដល់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏ដូចជា​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ តុលាការ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ឲ្យ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​និង​មាន​តម្លាភាព​។

នៅក្នុង​សំណូមពរ​៧​ចំណុច​របស់​សហគម​ន៍​ការពារ​ព្រៃឈើ​និង​អង្គការ​ទាំង​២៧​បានស្នើ​សុំ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​និង​អន្តរាគមន៍​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ទូទាំងប្រទេស​។ ជាពិសេស​ត្រូវ​បង្ហាញ​ពី​តម្លាភាព​ចំពោះ​លទ្ធផល​បង្ក្រាប​បទល្មើស​ព្រៃឈើ​កន្លង​មកដល់​សាធារណៈជន ទាំង​បរិមាណ​ឈើ​ដែល​បាន​ចាប់ ទាំង​ជនល្មើស​ដែល​ពាក់ព័ន្ធ ព្រមទាំង​ចាត់វិធានការ​លើ​ជនល្មើស​ដែល​លួច​ដុត​ឈើ​។ លើស​នេះ​ទៅទៀត​ត្រូវ​ចាត់វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បាន​ខ្លាំងក្លា និង​មាន​ប្រសិទ្ធភាព​តាមរយៈ​ការនាំ​ខ្លួន​មេខ្លោង​និង​អ្នកសមគំនិត​បំផ្លាញ​ព្រៃឈើ​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ មិនត្រូវ​លើកលែង​នោះទេ​។

សូមបញ្ជាក់ថា ចាប់តាំងពី​ចុងខែ​មករា ឆ្នាំ​២០១៦​រហូតមក គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ជាដើម​។ ក៏ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតឡើង​ក្នុង​បណ្ដា​ខេត្ត​ដូចខាងលើ​ជា​បន្តបន្ទាប់ ហើយ​នៅក្នុង​ខេត្តព្រះវិហារ សៀមរាប និង​ខេត្តកំពង់ធំ ក៏​បទល្មើស​ដឹកជញ្ជូន​ឈើ​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែរ​។ ហេតុនេះហើយ​ទើប​សហគមន៍​ការពារ​ព្រៃឈើ​និង​អង្គការ​២៧​ស្ថាប័ន អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ប្រកបដោយ​តម្លាភាព​។ ជាងនេះទៅទៀត​ត្រូវដាក់​ទោស​ក្រុម​ជនល្មើស​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​ពួកគេ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បំពាន​ទៅលើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​៕

គំនរឈើ images bf7a5580-a823-4a24-87fe-91cab31d28fd