លោក ឆេង គឹម​សុន គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាបន្ទាន់​

បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​នេះ ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ តាម​ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា លោក ឡាង អូន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គិរី​វ័​ន្ត ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុង​សប្បាយ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកឈើ ហើយ​សូម្បីតែ​រ៉ឺម៉ក​ដឹកអុស ដឹក​ធ្យូង ក៏​ជា​ប្រភព​ចំណូល​របស់លោក ឡាង អូន ដែរ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា លោក ឡាង អូន បណ្ដោយ​ឲ្យ​កូនចៅ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំស្រួច ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ យ៉ាង​រលូន​។ តាម​ការអះអាង​របស់​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ១​សប្ដាហ៍​ឬ​២​សប្ដាហ៍​ទើប​លោក ឡាង អូន ចុះទៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គិរី​វ័​ន្ត​ម្ដង ដើម្បី​ប្រមូល​លុយ​ពី​កូនចៅ​ដែល​ជំរិត​ពី​ឈ្មួញ​ដឹកឈើ​និង​ប្រជាពលរដ្ឋ​ដឹកអុស ដឹក​ធ្យូង​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រោម​ការគ្រប់គ្រង​របស់លោក ឡាង អូន មិនដែល​បង្ក្រាប​បទល្មើស​ម្ដងណា​ទេ គឺ​ពួកគេ​គិតគូរ​តែ​រឿង​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ដែល​ដឹក​ឆ្លង​កាត់មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គិរី​វ័​ន្ត ត្រូវបាន​គេ​បង្កប់​តាម​រថយន្ត​ទួរីស និង​រថយន្ត​ដឹកទំនិញ ចំណែក​ឈើ​ប្រភេទ​លេខ​១​ឬ​ប្រភេទ​លេខ​២ ត្រូវគេ​ដឹក​តាម​រថយន្ត​ធំៗ​ជា​ចំហ​តែម្តង​។ ហេតុនេះហើយ​ទើប​លោក ឡាង អូន ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​ធូ​ធារ​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត មិន​ញញើត​ទៅនឹង​ចំណាត់ការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ​។ ដូច្នេះ​លោក ឆេង គឹម​សុន គួរ​ពិនិត្យ​ទង្វើ​របស់លោក ឡាង អូន និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​សព្វថ្ងៃនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គិរី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​៕

ST-160លោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ