សាលា​ជនជាតិ​ដើម​ភាគតិច ២៧ ត្រូវ​​ក្រសួង​អប់រំ​បញ្ចូល​ជា​សាលា​រដ្ឋ ​

រយៈ​ពេល​ពី​រ-​បី​ឆ្នាំ​ចុងក្រោយ​នេះ សាលា​អប់រំ​ពហុ​ភាសា​ចំនួន ២៧ ក្នុង​ចំណោម ៦៧ នៅ​តំបន់​សហគមន៍​ជនជាតិ​ដើម​ភាគតិច នៅ​កម្ពុជា ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន និង​កីឡា ដាក់​បញ្ចូល​ជា​សាលា​រដ្ឋ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ឯកឧត្ដម​បណ្ឌិត រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហង់ ជួនណារ៉ុន ពេល​ទៅ​ទស្សនកិច្ច នៅ​សាលា​ឆ្លងកាត់​ទន្លេ​ចម្លង​ កាល​ពី​ថ្ងៃ​ទី ១ ខែ​មិនា ឆ្នាំ​២០១៦។

 

សាលា​ជនជាតិ​ដើម​ភាគតិច ២៧ ត្រូវ​​ក្រសួង​អប់រំ​បញ្ចូល​ជា​សាលា​រដ្ឋ ​

 

យ៉ាងណាមិញ ក្នុង​សន្និសីទ​កាសែត បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ផែនការសកម្មភាព​ជាតិ ​ស្ដី​ពី​ការអប់រំ​ពហុ​ភាសា ឆ្នាំ ២០១៥-២០១៨ នៅ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី ១ ខែ​មិនា​កន្លង​ទៅ ឯកឧត្ដម ​បាន​ថ្លែង​ថា ដើម្បី​ឱ្យ​សាលា​ពហុ​ភាសា តាម​តំបន់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ក្នុង​ខេត្ត​នានា ​នៅ​កម្ពុជា ចូល​ជា​សាលា​រដ្ឋ​បាន​ លុះ​ត្រាសាលា​នោះ គោរព​តាម​លក្ខខណ្ឌ​បួន​ចំណុច។

 

១. បណ្ដុះបណ្ដាល​គ្រូ​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​ពួកគេ​ក្លាយ​ជា​​គ្រូ​រដ្ឋ

២. ការ​រៀបចំ​សាលា​ឱ្យ​មាន​​ស្តង់ដារ ជា​សាលា​ល្អ ដើម្បី​​បញ្ចូល​ជា​សាលា​រដ្ឋ ដើម្បី​ឱ្យ​​រដ្ឋ​អាច​​ចាត់ចែង​ថវិកា ហើយ​គ្រូ​ក៏​មាន​​ប្រាក់ខែ​ដូច​គ្រូ​រដ្ឋ​ដទៃ​ដែរ។

៣. ពង្រីក​ភាសា​ផ្សេង​ទៀត ដើម្បី​ឱ្យ​ជនជាតិ​ផ្សេង​បាន​សិក្សា ព្រោះ​​ក្មេង​ទាំងអស់​នៅ​កម្ពុជា ​មាន​សិទ្ធិ​ទទួល​បាន​ការអប់រំ។

៤. ស្រង់​ស្ថិតិ​ចំនួន​សិស្ស​ជនជាតិ​ដើម​ភាគតិច។

 

ឯកឧត្ដម ហង់ ជួនណារ៉ុន បាន​ថ្លែង​ថា ៖ បើ​សាលា​នៅ​​តែ​ជា​របស់​​​សហគមន៍ រដ្ឋ​មិន​អាច​បែកចែក​ថវិកា​ជួយ​បាន​ទេ ហើយ​សាលា​ត្រូវ​តែ​មាន​គ្រប់​កម្រិត​ថ្នាក់ ពី​ទី​ ១ ​ដល់​ទី ៦ “។

 

ជុំវិញ​​រឿង​នេះ លោកស្រី ដេបូរ៉ា កូមីនី ប្រធាន​អង្គការ UNICEF សម្ដែង​ការ​សាទរ​ចំពោះ​អប់រំ​ក្រសួង​អប់រំ និង​រដ្ឋាភិបាល ដែល​បាន​ដាក់​បញ្ចូល​ឬ​ធ្វើ​សមាហរណកម្ម កម្មវិធី​អប់រំ​ពហុ​ភាសា​ក្នុង​កម្មវិធី​សិក្សា​ជាតិ។ លោក​ស្រី​បន្ត​ថា រាល់​កម្មវិធី​ណា​មាន​លក្ខណៈ​តែ​មួយ គឺ​ទទួល​បាន​ជោគជ័យ​មែន ប៉ុន្តែ​វិធី​ល្អ​មួយ​ដែល​ធ្វើ​ឱ្យ​មាន​និរន្ត​ភាព លុះ​ត្រា​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ជាតិ៕

 

អត្ថបទ៖ អ៊ុំ សុភក្តិ