រាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាង អនុក្រឹត្យហាម ឬបង្ហុយផ្សែង ផលិតផលថ្នាំជក់ កន្លែងធ្វើការ និងសាធារណៈ

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តីនៅព្រឹក ថ្ងៃសុក្រទី៤ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុម័តសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការ ហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។

ក្រសួងសុខាភិបាលបានរៀបចំ តាក់តែងសេចក្តីព្រាងច្បាប់ អនុក្រឹត្យស្តីពីវិធានការហាមឃាត់ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការឬកន្លែងសាធារណៈ និង បានសម្រេចលើសេចក្តី ព្រាងអនុក្រឹត្យនេះជាផ្លូវការដូចតទៅ៖ ចូលរួមក្នុងការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ,ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំ ជក់ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និង បរិស្ថាន,កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។

យោងតាមរបាយការណ៍របស់ក្រសួងផែនការ កាលពីឆ្នាំ២០១៤ បានបង្ហាញថា អ្នកមិនជក់បារី ៦០ភាគរយ កំពុងស្រូបផ្សែងបារីពីគេ។ ទីកន្លែងដែលប្រជាពលរដ្ឋកម្ពុជាស្រូបផ្សែងបារី ពីគេខ្ពស់ ជាងគេ គឺនៅភោជនីយដ្ឋាន/អាហារដ្ឋាន(៧៦ភាគរយ) នៅក្នុងអគារធ្វើការរបស់រដ្ឋ (៤៩ភាគរយ) និងនៅពេលធ្វើដំណើរការតាមមធ្យោបាយធ្វើដំណើរសាធារណៈ(៣៤ភាគរយ)។

បើធៀបទៅនឹងប្រទេសអាស៊ានទាំង១០ ប្រទេសកម្ពុជាមានអត្រាស្រូបផ្សែងបារី ពីគេខ្ពស់ជាងគេ នៅភោជនីយដ្ឋាន។ អត្រារងគ្រោះដោយសារស្រូវ ផ្សែងបារីពីគេខ្ពស់បំផុតក្នុងចំណោមអ្នកមិនជក់បារី ដូច្នេះដើម្បីការពារអ្នកមិនជក់បារី ជាពិសេសកុមារ និងស្រ្តីពីការស្រូវផ្សែងបារីពីគេ ប្រទេសយើងចាំ បាច់ត្រូវមានយន្តការច្បាស់លាស់ ដើម្បីពង្រឹងការអនុវត្តន៍ការហាមជក់បារីនៅតាមទីសាធារណៈ ឬកន្លែងធ្វើការ និងមានការផាកពិន័យចំពោះជនល្មើសទើបមានប្រសិទ្ធភាពគ្រប់គ្រាន់៕

រាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាង អនុក្រឹត្យហាម ឬបង្ហុយផ្សែង ផលិតផលថ្នាំជក់ កន្លែងធ្វើការ និងសាធារណៈ