រាជរដ្ឋាភិបាល ច្រានចោល របាយការណ៍ CCHR ថាគៀបសង្កត់ ការបញ្ចេញមតិ តាមអ៊ីនធើណេត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានច្រានចោល នូវរបាយការណ៍ របស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) ដែលបានប្រឌិត រឿងគៀបសង្កត់ ការបញ្ចេញ មតិយោបល់ នៅតាម បណ្តាញប្រព័ន្ធ Online និងបណ្តាញទំនាក់ទំនងសង្គម Facebookជាដើម ។

យោងតាមបណ្ដាញ ទំនាកទំនងសង្គម ហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តី ការគណៈរដ្ឋមន្ត្រី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបានឲ្យដឹងថា “ខ្ញុំមានសេចក្តីសោកស្តាយ និង អាម៉ាស់បំផុត ចំពោះ របាយការណ៍ អង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ដែលបានលើកឡើងថា សិទ្ធិបញ្ចេញយោបល់ នៅតាមប្រព័ន្ធ Online និងបណ្តាញ ទំនាក់ទំនងសង្គម Facebook ត្រូវបានគៀបសង្កត់ ដោយរាជរដ្ឋាភិបាលកម្ពុជា”។

លោកបន្ដថា  របាយការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ នូវឥរិយាបថ និងទិសដៅប្រឌិត និងបំភ្លៃព័ត៌មាន ឬនិន្នាការលាបពណ៌ ដល់រាជរដ្ឋាភិបាល។ នៅក្នុងករណីនេះ ដែលផ្ទុយពី សេចក្តីប្តេជ្ញា និងការបង្កើតឱកាស លើកទឹកចិត្តឲ្យមានការ បញ្ចេញយោបល់ ដោយសេរី លើកលែងតែរាល់អត្ថបទ ឬស្មារតីនៃអត្ថបទ ដែលបំពានលើ ស្មារតី នៃច្បាប់ មានជាធរមាន។

លោក ផៃ ស៊ីផាន បានឲ្យដឹងទៀតថា របាយការណ៍របស់ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជានេះ បានប្រឌិត អ្វីដែលមិនឆ្លើយតប និងការប្រឹងប្រែងរបស់ សម្តេចតេជោ ដែល សម្តេច បានបង្កើត Facebook ជាជំនួយស្មារតីរបស់ សម្តេច ក្នុងកិច្ចសម្តែងនូវកង្វល់ និងសំណូមពរនានា ដែលទទួលបានប្រសិទ្ធិភាព នៃទំនាក់ទំនងរវាងរាស្ត្រ និងរដ្ឋ។

អ្នកនាំពាក្យខាងលើបន្ថែមថា ថ្មីៗនេះសម្តេចតេជោ ក៏បានឲ្យប្រជាពលរដ្ឋ នៅពេលថ្មីៗនេះ នៅក្នុងការប្រើប្រាស់ Inbox របស់សម្តេចតេជោ ដើម្បីបញ្ចេញ មតិដោយសេរី ដែលស្របនិង វិធានរបស់រដ្ឋបាលទំនើប ឬរដ្ឋបាល Electronics។ ព័ត៌មានទាំងអស់នេះ ត្រូវបានផ្សព្វផ្សាយជាចំហរ និងសាធារណៈ ដែលមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា មិនគួរធ្វើមិនឃើញ ឬធ្វើមិនដឹង។ ការធ្វើមិនឃើញ ឬមិនដឹងនេះ ហាក់ដូចជាមាននូវបំណង ឬទិសដៅនៃផលប្រយោជន៍ អាថ៌កំបាំងណាមួយ ក្នុងការបម្រើ ផលប្រយោជន៍ផ្សេង អំពីទិសដៅសិទ្ធិមនុស្ស៕

របាយការណ៍របស់ CCHR នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ បានរកឃើញថារាជរដ្ឋាភិបាលកម្ពុជា  មានគោលបំណង បង្កើនអំណាច ដើម្បីបំបិទសំឡេង រិះគន់លើប្រព័ន្ធអ៊ីនធើណេត៕

រាជរដ្ឋាភិបាល ច្រានចោល របាយការណ៍ CCHR ថាគៀបសង្កត់ ការបញ្ចេញមតិ តាមអ៊ីនធើណេត

រាជរដ្ឋាភិបាល ច្រានចោល របាយការណ៍ CCHR ថាគៀបសង្កត់ ការបញ្ចេញមតិ តាមអ៊ីនធើណេត