ប្រធានក្លឹបបឹងកេត៖ គ្រប់ក្រុមទាំងអស់ សុទ្ធតែជា ឧបសគ្គរបស់យើង

ភ្នំពេញ៖ លោក ស៊ីវ ថា ប្រធានក្លឹបបាល់ ទាត់បឹងកេតអង្គរ បានលើកឡើងថា «គ្រប់ក្រុមទាំងអស់ សុទ្ធតែជាឧបសគ្គ របស់យើងទាំងអស់» ដោយសម្ដីនេះ ត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា យកមកបង្ហោះលើ Facebook ផ្ទាល់ខ្លួន ដើម្បីបញ្ញាក់ពីការ ប្រកួតប្រជែងពានរង្វាន់ បាល់ទាត់លីកកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៦នេះ ។

ទន្ទឹមជាមួយនឹការ លើកឡើងរបស់ ប្រធានក្លឹបខាងលើ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្លឹបបឹងកេតអង្គរ បានបន្ថែមថា «បច្ចុប្បន្នការប្រកួតក្របខ័ណ្ឌ Cambodian Premier League គឺមានការលំបាក ក្នុងការវាយតម្លៃថា ក្រុមមួយណា ដែលមានភាគរយ ឈ្នះខ្លាំងណាស់ ។ ក្រុមនីមួយៗ មានកលល្បិច និងយុទ្ធសាស្រ្ត ជាមួយនឹងភាពប្រែប្រួល គួរឱ្យកត់សម្គាល់» ។

ការបញ្ចេញទស្សនៈបែបនេះ គឺសរបញ្ជាក់ឲ្យឃើញ ពីការប្រុងប្រយ័ត្នបំផុត ពីថ្នាក់ដឹកនាំក្លឹបបឹងកេត ដើម្បីប្រកួតប្រជែងតំណែង ជើងឯកលីកកំពូលកម្ពុជា រដូវកាលថ្មីនេះ ស្របពេលដែល ក្រុមមួយចំនួន ក្នុងលីកឆ្នាំនេះ មានការប្រែប្រួលច្រើន ទាំងសមត្ថភាព បច្ចេកទេសប្រកួត និងយុទ្ធសាស្ដ្រ របស់ក្រុមនីមួយៗ ដែលជាបញ្ហាមិនធ្វេស ប្រហែសបានឡើយ ។

គួរបញ្ជាក់ថា នៅល្ងាចនេះ ក្លឹបបឹងកេតអង្គរ ត្រូវធ្វើការប្រកួតជាមួយ ក្លឹបមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា ឬ ស៊ីម៉ាក់ នៅលើទីលាន ពហុកីឡដ្ឋានជាតិ ។ ប៉ុន្ដែឆ្លងផុត ២ប្រកួតកន្លងមក បឹងកេត រកបាន ៦ពិន្ទុពេញ ក្រោយយកឈ្នះ ២ប្រកួតជាប់គ្នា រីឯក្រុមស៊ីហ្គេម ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ២ប្រកួតរបស់ខ្លួន ៕

ប្រធានក្លឹបបឹងកេត៖ គ្រប់ក្រុមទាំងអស់ សុទ្ធតែជា ឧបសគ្គរបស់យើង