“ការ​ផ្ដល់​សេវា​មិន​បាន​ល្អ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​សម្រេច​ចិត្ត​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ”

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​នៅ​ខេត្ត​ត្បូងឃ្មុំ រក​ឃើញ​ថា នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​សម្រេច​ចិត្ត​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ។ កត្តា​ទាំង​នោះ មួយ​ផ្នែក​កើត​ឡើង​ដោយសារ​កត្តា​ជីវភាព​ក្រីក្រ ម្យ៉ាង​ដោយសារ​តែ​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ។ ទោះ​ជា​យ៉ាងណា អាជ្ញាធរ​បញ្ជាក់​ថា មិន​មាន​បញ្ហា​ចោទ​ចំពោះ​អាជ្ញាធរ​ទេ ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​ខ្លះ​មិន​បាន​ចូលរួម​ច្រើន​ជាង។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ត្បូងឃ្មុំ សង្កេត​ឃើញ​ថា នៅ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ យក​ចិត្ត​ទុក​ដាក់​នាំ​គ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ច្រើន​ជាង​ពេល​មុនៗ។ ទោះ​យ៉ាង​ណា​ក៏​មាន​ពលរដ្ឋ​ខ្លះ ត្រូវ​បង្ខំ​ចិត្ត​មិន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ទេ ដោយសារ​កត្តា​ផ្ដល់​សេវា​ជូន​ពួកគាត់​ពី​សំណាក់​សមត្ថកិច្ច​មាន​ការ​លំបាក។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ភាព​មិន​ប្រក្រតី​ខ្លះ ដែល​កើត​ឡើង​ដោយសារ​ការ​ផ្ដល់​សេវា​របស់​មន្ត្រី​នគរបាល​មួយ​ចំនួន​មិន​បាន​ល្អ ដូចជា​ការ​បែងចែក​ក្រដាស​បំពេញ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​មិន​បាន​ស្មើភាព​គ្នា។ លើស​ពី​នេះ​ទៀត នៅ​តាម​តំបន់​ដាច់ស្រយាល​ខ្លះ​មាន​ការ​លក់​លិខិត​ស្នាម​ទាំង​នោះ ព្រមទាំង​បញ្ហា​កង្វះ​ក្រដាស​បំពេញ​បែបបទ​ជាដើម។ បញ្ហា​នេះ  ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ព្យាយាម​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជា​ច្រើន​ដង​មិន​បាន​សម្រេច អស់​សង្ឃឹម ហើយ​ក៏​សម្រេច​ចិត្ត​ឈប់​ធ្វើ​ប័ណ្ណ​សំគាល់​ខ្លួន​ទៀត​ផង៖ «មិន​មែន​ទាំង​អស់​ទេ គឺ​កន្លែង​ខ្លះ​ចេះតែ​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​ហ្នឹង»

ឆ្លើយ​តប​ចំពោះ​បញ្ហា​ខាង​លើ​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ មាន​ប្រសាសន៍​ថា ដំណើរ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សម្រេច​បាន ៧០​ភាគរយ​ហើយ។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​នឹង​បន្ត​ធ្វើ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ចប់ ១០០​ភាគរយ នៅ​ពេល​ខាង​មុខ ដោយ​មាន​ទាំង​ទីស្នាក់ការ​ចល័ត និង​អចិន្ត្រៃយ៍ ដើម្បី​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ផង។ បន្ថែម​ពី​នេះ សមត្ថកិច្ច​ក៏​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​ទៅ​បំពេញ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឱ្យ​បាន​គ្រប់ៗ​គ្នា។

លោក​បន្ត​ថា សមត្ថកិច្ច​បំពេញ​ការងារ​មិន​បាន​ចោទ​ជា​បញ្ហា​ទេ ទាំង​សេវាកម្ម សម្ភារៈ​បច្ចេកទេស ពោល​គឺ​មាន​មធ្យោបាយ និង​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាជន ប៉ុន្តែ​បញ្ហា​ប្រឈម​នោះ​គឺ​មាន​ពលរដ្ឋ​ខ្លះ​មិន​បាន​មក​ធ្វើ​ឱ្យ​ទាន់​ពេល​វេលា៖ «ជួប​រាល់​ថ្ងៃ គឺ​ប្រជាពលរដ្ឋ​យើង​មិន​បាន​ចាប់​អារម្មណ៍​ពី​សន្លឹក​អត្តសញ្ញាណប័ណ្ណ​ហ្នឹង​តែម្ដង ដោយសារ​កត្តា​ជីវភាព​គាត់ ដោយសារ​គាត់​ចាស់​ហើយ»

​ដំណើរ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​ចាប់​ផ្ដើម​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាំង​ពី​ឆ្នាំ​២០១៤ ហើយ​បន្ត​រហូត​ដោយ​គ្មាន​ពេល​កំណត់។ នៅ​ក្នុង​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ គឺ​តម្រូវ​ឱ្យ​ពលរដ្ឋ​បង់​ប្រាក់​ចំនួន ១​ម៉ឺន​រៀល សម្រាប់​មនុស្ស​ម្នាក់។ ទោះ​យ៉ាង​ណា តម្លៃ​មួយ​ម៉ឺន​រៀល សម្រាប់​ពលរដ្ឋ​ក្រីក្រ នៅ​តាម​ជនបទ គឺ​ពិបាក​ស្វែងរក​ប្រាក់​ទាំង​នោះ ដើម្បី​បាន​ទៅ​ធ្វើ​ប័ណ្ណ​សំគាល់​ខ្លួន។

​ទាក់ទិន​បញ្ហា​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​គគីរ ស្រុក​មេមត់ មួយ​រូប អ្នកស្រី មុំ ធឿន រៀបរាប់​ថា លោកស្រី និង​កូន​បី​នាក់​ទៀត មិន​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើយ ដោយសារ​តែ​ជីវភាព​លំបាក ហើយ​ម្យ៉ាង​នៅ​ពេល​លោកស្រី​ទៅ​ធ្វើ សមត្ថកិច្ច​មិន​បាន​ធ្វើ​ឱ្យ​ពួកគាត់ ដោយ​យោង​ទៅ​លើ​លោកស្រី​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ដូចជា​សៀវភៅ​គ្រួសារ និង​សំបុត្រ​បញ្ជាក់​កំណើត​ជាដើម។

លោកស្រី​បន្ត​ថា នៅ​ពេល​ពួកគាត់​នាំ​គ្នា​ទៅ​ធ្វើ​សៀវភៅ​គ្រួសារ ឬ​សំបុត្រ​កំណើត គឺ​អាជ្ញាធរ​ទាមទារ​ឱ្យ​លោកស្រី​បង់​ប្រាក់​ច្រើន​ពេក រហូត​ធ្វើ​ឱ្យ​ពួកគាត់​សម្រេច​ចិត្ត​ថា មិន​ធ្វើ​តែម្ដង។ ទោះ​យ៉ាង​ណា​ក៏ដោយ ប្រសិនបើ​មាន​ការ​សម្រួល​តម្លៃ​ណា​មួយ​ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​លទ្ធភាព​ប្រជាពលរដ្ឋ​ក្រីក្រ លោកស្រី​សង្ឃឹម​ថា ក្រុម​គ្រួសារ​លោកស្រី ព្រមទាំង​អ្នក​ភូមិ​ក្រីក្រ​ផ្សេង​ទៀត នឹង​អាច​មាន​អត្តសញ្ញាណប័ណ្ណ​ដូច​គេ​ដូច​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។