មេ​គយ​ច្រក​អន្តរជាតិ​ដូង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រកស៊ី​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​អន្តរជាតិ​ដូង បាន​រិះគន់ថា សមត្ថកិច្ច​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក ឆាយ បូ បាន​គាបសង្កត់​ជំរិត​យកលុយ​ពី​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​ពុំមាន​ការយោគយល់​នោះទេ​។ ប៉ុន្តែ​លោក ឆាយ បូ និង​បក្ខពួក​បាន​បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ដូង​យ៉ាង​គគ្រឹកគគ្រេង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អន្តរជាតិ​ដូង បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ដែល​លោក ឆាយ បូ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​អនាធិបតេយ្យ​នោះ​មានដូចជា គ្រឿង​កំប៉ុង គ្រឿងទេស គ្រឿងបន្លាស់​ម៉ូតូ​និង​រថយន្ត ស្រា​ថ្លៃៗ និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ប្រភេទ​។ ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ​ទាំងនេះ មានការ​ឃុបឃិត​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ឆាយ បូ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណែក​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបាត់ដំបង ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​លោក ឆាយ បូ ជាប្រចាំ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​អន្តរជាតិ​ដូង កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ចេញចូល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​ច្រក​អន្តរជាតិ​ដូង បាន​បញ្ជាក់ថា ពួកគាត់​រកស៊ី​ស្ទើរតែ​គ្មាន​ផលចំណេញ ព្រោះ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការយោគយល់​ទាល់តែសោះ​។ ផ្ទុយទៅវិញ​លោក ឆាយ បូ មេ​គយ​ច្រក​អន្តរជាតិ​ដូង បែរជា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​រថយន្ត​យី​ដុប​ធំៗ​ពី​ប្រទេស​សៀម​ចូល​ទឹកដី​ខ្មែរ យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ទំនិញ​ខ្លះ​ជា​គ្រឿងឧបភោគ​បរិភោគ​ដែលមាន​លាយ​សារ​ធាតុគីមី​ទៀតផង​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​ករណី​លោក ឆាយ បូ បើក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​អន្តរជាតិ​ដូង គឺជា​ការបំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាង​គឃ្លើន​៕

152លោក គុណ  ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ
01 02