ភ្លើង​ឆេះ​គំនរ​ឈើ​នៅក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ស្រុក​កែវ​សីមា ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាងខ្លាំង​

​កន្លងមក​ធ្លាប់មាន​ករណី​ឆេះ​គំនរ​ឈើ​នៅក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ និង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា ក្រុមហ៊ុន​ទាំង​២​នេះ​ដុត​ឈើ​ខុសច្បាប់​ចោល ដើម្បី​បំបាត់ភស្តុតាង​។ ឥឡូវនេះ​មាន​ករណី​ភ្លើង​ឆេះ​គំនរ​ឈើ​នៅក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ នៅ​ស្រុក​កែវ​សីមា ហើយ​ចាប់តាំងពី​រសៀល​ថ្ងៃទី​០២ រហូតដល់​ល្ងាច​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៦ នៅ​មិនទាន់​រលត់​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កើតហេតុ​បាន​ឲ្យ​ដឹងថា ក្នុងពេល​ភ្លើង​ឆេះ​ឈើ​របស់​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​នោះ ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះទៅពិនិត្យ​ឡើយ​។

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​មិនដឹង​ពី​មូលហេតុ​នៃ​ការឆេះ​គំនរ​ឈើ​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ស្រុក​កែវ​សីមា​នោះទេ​។ ប៉ុន្តែ​អាជ្ញាធរខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​និង​អង្គភាព​ល​មួយចំនួន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​និង​ដើម្បី​ចង់ដឹង​ពី​បរិមាណ​ឈើ​ដែល​ត្រូវ​ឆេះ​ផងដែរ​។ បញ្ហា​នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​មជ្ឈដ្ឋាន​នានា​សង្ស័យថា ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​មាន​ចេតនា​ដុត​ឈើ​បំផ្លាញ​ភស្តុតាង ដូច​អ្វីដែល​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ និង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ធ្លាប់ធ្វើ​នាពេល​កន្លងមក​ផងដែរ​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​ឡើយ​។ ជាក់ស្តែង​ថ្មីៗ​នេះ​កម្លាំង​កងរាជអាវុធហត្ថ បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ជា​បន្តបន្ទាប់ ហើយ​ម្ចាស់​ឈើ​ខ្លះ​ត្រូវបាន​គេ​ដឹងថា ជា​កម្លាំងប្រដាប់អាវុធ​ទៀតផង​ទើប​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​មិន​ខ្លាច​ការបង្ក្រាប​របស់​ស​ម​ត្ថ​កិច្ច​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ការពារ​ព្រៃឈើ បាន​រិះគន់​ចំៗ​ថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក ហ៊ុន សែន នោះទេ​៕

CH-00045 CH-00044 Hong-0076