អភិបាលស្រុក​បន្ទាយមាស រង​ការរិះគន់​បើក​ច្រក​ព្រែក​អ​ន្សា​ឲ្យ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​

មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា ច្រករបៀង​មួយ​ឈ្មោះ ច្រក​ព្រែក​អ​ន្សា ស្ថិតនៅក្នុង​ឃុំ​ព្រែក​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត ត្រូវ​លោក​អភិបាលស្រុក​បន្ទាយមាស និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត ឃុបឃិត​គ្នា​បើក​សម្រាប់ ដឹកទំនិញ​គេចពន្ធ​ពី​ប្រទេស​យួន ចូលមក​ស្រុក​ខ្មែរ និង​ដឹកស្រូវ​ខ្មែរ​ចេញទៅ​លក់​នៅ​យួន ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​។

​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​រួមមាន មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្តកំពត មន្ត្រី​យោធា​ជើង​ទឹក​ខេត្តកំពត គយ​ចល័ត មន្ត្រី​សាលាស្រុក​បន្ទាយមាស និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ក្នុង​ខេត្តកំពត​បាន ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ ថា​បានដាក់​កុងត្រូលជជុះ​ដេកចាំ​យកលុយ​ក្នុង​១​ថ្ងៃៗ​រាប់រយ​លាន​រៀល យកមកចែក​គ្នា​ហាក់ដូចជា​ច្រកព្រំដែន​ជា​កន្លែង​រកស៊ី​របស់​ពួកគេ​។​

ក្រុម​ឈ្មួញ​ជនជាតិ​យួន ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ពួក​គេច​ចូល​ទិញស្រូវ​របស់​ប្រជាកសិករ​ខ្មែរ​បាន គឺ​ត្រូវ​បង់លុយ​ឱ្យ​ក្រុម​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ច្រើនណាស់ ដូច្នេះ​ពួកគេ​ពិបាក​ទិញស្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយសារ​ចំណេញ​បាន​តិចពេក ។ ក្រុម​ឈ្មួញ​បាន​រិះគន់ថា បើ​ចង់ឱ្យ​ស្រូវ​ពលរដ្ឋ​ខ្មែរ​ឡើងថ្លៃ​នោះ សូម​កុំឱ្យ​សមត្ថកិច្ច​យកលុយ​ពី​ពួកគេ​ច្រើនពេក ហើយ​សព្វថ្ងៃនេះ​បង់​ឲ្យ​សមត្ថកិច្ច​ក្នុង​១​ទូក រាប់សិប​ម៉ឺន​រៀល ជា​ចំនួន​ច្រើនណាស់ ។​

​ប្រជាពលរដ្ឋ​ស្រុក​បន្ទាយមាស ខេត្តកំពត បាន​បញ្ជាក់ថា បញ្ហា​ខាងលើនេះ​បានកើត​ឡើង​យូរ​មកហើយ​តែ​នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ដែល​បទល្មើស​សេដ្ឋកិច្ច​កំពុង​ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​រាប់សិប​លាន​រៀល​ក្នុង​មួយខែៗ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អភិបាល​ខេត្តកំពត លោក ខូ​យ ឃុន​ហួរ គប្បី​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៅ​ច្រក​ព្រែក​អ​ន្សា​ឡើងវិញ​៕

that-0265 77f17bbf-4abf-41ff-9880-7103b8fdb4d0​ ​