ម៉ាឡេស៊ី នឹងបញ្ជូន ក្រុមត្រួតពិនិត្យ របស់ខ្លួនទៅកាន់ ម៉ូហ្សាំប៊ី ក្រោយទទួល ដំណឹងអំពី ការរកឃើញនូវ បំណែករបស់ MH370

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី នឹងចាត់បញ្ជូនមន្ត្រីជំនាញ ផ្នែកយន្តហោះ របស់ខ្លួនទៅកាន់ ប្រទេស ម៉ូហ្សាំប៊ី បន្ទាប់ពីបាន ទទួលដំណឹងថា មានគេរកឃើញនូវ បំណែកគួរឲ្យសង្ស័យ មួយពាក់ ព័ន្ធនឹងយន្តហោះ បាត់ខ្លួន MH370 ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៦ថា លោក Liow Tiong Lai រដ្ឋមន្ត្រីក្រសួងសាធារណការ ម៉ាឡេស៊ី បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញថា លោកនឹងរៀបចំ កម្លាំងជំនាញ ហើយនឹងបញ្ជូនក្រុម ទាំងនេះទៅកាន់ ប្រទេស ម៉ូហ្សាំប៊ី ដើម្បីត្រួតពិនិត្យឲ្យច្បាស់ អំពីបំណែកយន្តហោះ ដែលគេប្រទះឃើញ នៅក្នុងប្រទេសនេះ ដែលវាជាតម្រុយមួយ នៃការស្វែងរក យន្តហោះប៊ូអ៊ីង ៧៧៧ ដែលបានបាត់ខ្លួន អស់រយៈកាល យូរ មកហើយ ។

គួររលឹកថា ប្រភពព័ត៌មានមួយចំនួនបាន ចុះផ្សាយថា នៅក្នុងប្រទេស ម៉ូហ្សាំប៊ី ត្រូវបានអ្នកនេសាទ និងអ្នកទេសចរ ជនជាតិបារំាំងម្នាក់ ប្រទះឃើញនូវ កំទេចកំទី ដែលជាបំណែក យន្តហោះ អណ្តែតមកទើរ នៅតំបន់ឆ្នេរសមុទ្រ មួយកន្លែង ហើយក៏បានបញ្ជូន ទៅកាន់វិទ្យាស្ថាន ស្រាវជ្រាវ នៅក្នុងប្រទេស ម៉ូហ្សាំប៊ី កាលពីរថ្ងៃមុន ដែលក្រុមអ្នកជំនាញ នៅក្នុងប្រទេស មួយនេះអះអាងថា "គ្មានភស្តុតាងណាមួយ" ដែលអាចបញ្ជាក់ អំពីអត្តសញ្ញាណ នៃបំណែកយន្តហោះ MH370 ឡើយ ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក៏មានសារព័ត៌មាន មួយចំនួន ចុះផ្សាយថា អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី បានអះអាងថា វាពិតជាបំណែក យន្តហោះ MH370 ប្រាកដមែន ៕

ម៉ាឡេស៊ី នឹងបញ្ជូន ក្រុមត្រួតពិនិត្យ របស់ខ្លួនទៅកាន់ ម៉ូហ្សាំប៊ី ក្រោយទទួល ដំណឹងអំពី ការរកឃើញនូវ បំណែករបស់ MH370