ជប៉ុន ផ្ដល់ជំនួយ ជិត៣០ម៉ឺនដុល្លារ ដល់អង្គការ IVY ពង្រឹងទីផ្សារ ផលិតផល សហគមន៍ កសិកម្មក្នុង ខេត្ត០២

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិការ ចំនួន៣៣៨,៩៦៣ ដុល្លារអាមេរិក ដល់ក្រុមអ្នកស្ម័គ្រចិត្ត អន្តរជាតិរបស់អង្គការ អាយ វី វ៉ាយ (IVY ) សម្រាប់គម្រោងកាត់ បន្ថយភាពក្រីក្រ តាមរយៈការពង្រឹង ទីផ្សារនៃផលិតផល សរីរាង្គរបស់សហគមន៍ កសិកម្មក្នុង ខេត្តចំនួន០២ ខេត្តព្រះវិហារ និងស្វាយរៀង។

ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា លោកគូម៉ាម៉ារ៉ូ យូគិ បានឲ្យដឹងក្នុងពិធី ចុះហត្ថលេខា ផ្តល់ជំនួយឥតសំណង សម្រាប់អង្គការក្រៅ រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០១៦ ថា «កម្មវិធីជំនួយ ឥតសំណង សម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិបាល ជប៉ុន ត្រូវបានចាប់ផ្ដើមឡើង នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ មកម្លេះ និងស្ថាបនា ប្រទេសកម្ពុជា ឡើងវិញនៅ តាមកំរិតមូលដ្ឋាន»។

លោកបញ្ជាក់ថា តាមរយៈជំនួយនេះ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងចូលរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងអភិវឌ្ឍន៍ជីវភាព របស់ប្រជាជនកម្ពុជា នៅតាមទីជនបទ ឲ្យកាន់តែ ល្អប្រសើរឡើងថែមទៀត។ នាយិកាអង្គការអាយ វី វ៉ាយ លោកស្រី ម៉ាត់ស៊ូអ៊ូរ៉ា អាយូមិ បានឲ្យដឹងថា «តាមរយៈគម្រោងនេះ អង្គការ អ៊ី វី វ៉ាយ នឹងចាប់ផ្ដើម ភ្ជាប់កសិករ ជាច្រើន ទៅកាន់ ទីផ្សារស្រូវ សរីរាង្គ នៅក្នុងខេត្តព្រះវិហារ ដោយឡែកនៅក្នុង ខេត្តស្វាយរៀងវិញ អង្គការនឹងសាងសង់ មជ្ឈមណ្ឌលវេចខ្ចប់ សម្រាប់ដឹកជញ្ជូន ដល់សហគមន៍ផ្គត់ផ្គង់ កសិផល ស្វាយរៀង ហៅកាត់ថា សាក់ ដែលអង្គការអាយ វី វ៉ាយ បានសម្របសម្រួល បង្កើតក្នុងការបង្កើត ឡើងនៅឆ្នាំ២០១១ និងបានគាំទ្រ តាំងពីពេលនោះមកម្លេះ»។

សូមបញ្ជាក់ថា  ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ២៥លានដុល្លារអាមេរិក ដល់គម្រោងចំនួន៩២ ដែលផ្ដោតសំខាន់ ទៅលើវិស័យអប់រំ នៅកំរិតមូលដ្ឋាន វិស័យសុខាភិបាល និងកសម្មភាព បោសសម្អាតមីនជាដើម៕