ព្រះសង្ឃ​និង​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង​ទាមទារ​​ឲ្យ​​​​​អាជ្ញាធរ​បញ្ឈប់​សិប្បកម្ម​​ផលិត​ទឹក​កក

ព្រះសង្ឃ​ប្រមាណ ១០​អង្គ​ និង​ប្រជាពលរដ្ឋ​​ចំណុះ​ជើង​វត្ត​ពោធិ៍វាល សង្កាត់​រតនៈ ក្រុង​បាត់ដំបង ង​ ៥០​នាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា ស្រុះស្រួល​​គ្នា​រៀបចំ​វេទិកា​មួយ​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​​រោងចក្រ​ផលិត​ទឹកកក ឲ្យ​បញ្ឈប់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ក្នុង​​បណ្ដាញ​បង្ហូរ​ទឹក​សាធារណៈ​ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ស្រុក​ទៀត។ ការ​ស្នើ​សុំ​នេះ​ បន្ទាប់​ពី​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ធ្លាក់​ខ្លួន​ឈឺ​ ដោយសារ​ការ​បង្ហូរ​ទឹក​ស្អុយ​នោះ​ ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ។

​​​​​​ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ​ នៅ​វត្ត​ពោធិ៍វាល លើក​ឡើង​ថា​ ទឹក​ស្អុយ កាក​សំណល់​ហូរ​ចេញ​ពី​រោងចក្រ​ទឹកកក​វត្ត​ពោធិ៍វាល រៀង​រាល់​ថ្ងៃ​ ​បាន​ជះ​ក្លិន​អាក្រក់ ប៉ះពាល់​សុខភាព​ពលរដ្ឋ​ប្រមាណ ៥​ឆ្នាំ​ហើយ​ តែ​ពុំ​ដឹង​ថា ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បញ្ហា​នេះ​បាន​នោះ​ទេ។

ព្រះតេជព្រះគុណ ប៊ិត វណ្ណា មាន​ថេរដីកា​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ថា ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ត​និង​ព្រះសង្ឃ​ បាន​សម្រេច​ចិត្ត​រៀបចំ​វេទិកា​សាធារណៈ​នេះ​ឡើង​ ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​​បញ្ឈប់​ការ​បង្ហូរ​ទឹក​ស្អុយ​តាម​ប្រព័ន្ធ​លូ​សាធារណៈ​ជា​បន្ទាន់ ពីព្រោះ​ទឹក​លូ​នោះ​ មាន​ជាតិ​ពុល​ ដោយ​​​​ក្លិន​ស្អុយ​ឈួល និង​ផ្សារ​ភ្នែក​នៅ​ពេល​ដែល​មាន​ចំហាយ​ចេញ​ពី​លូ​ទឹក​នោះ៖ «ព្រះសង្ឃ​ក្នុង​វត្ត​ជាង ១៤០​អង្គ ឈឺ​ប្រហែល ៧០​អង្គរ​ហើយ​ ដោយសារ​តែ​ប៉ះពាល់​ពី​ក្លិន​ស្អុយ​លូ​បង្ហូរ​នេះ ព្រោះ​ក្នុង​វត្ត​មាន​លូ​បង្ហូរ​ទឹក​ដល់​ទៅ ៥​ខ្សែ ហូរ​ខ្វាត់ខ្វែង​អម​ដង​ផ្លូវ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ចំណុះ​ជើង​វត្ត​ម្នាក់​ គឺ​អ្នកស្រី គឹម យាត​ ថ្លែង​ថា​ ក្មេងៗ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​រួម​ទាំង​អ្នក​ភូមិ​ក្បែរ​ខាង​ផង ធ្លាក់​ខ្លួន​ឈឺ ស្ទើរ​គ្រប់​​គ្នា ដោយសារ​តែ​ចំហាយ​លូ​ទឹក​ស្អុយ​រោងចក្រ​ទឹកកក​នោះ៖ «ប្រឡាយ​ទឹក​ស្អុយ​នៅ​មុខ​ផ្ទះ​ ហើយ​ពេល​យើង​បើក​ទ្វា​ឡើង​ភ្ញាក់​ពី​គេង​ស្រាប់​តែ​ក្រហាយ​ពេញ​ភ្នែក​ រហូត​មាន​អ្នក​ខ្លះ​នៅ​មិន​បាន​រត់​ទៅ​គេង​ផ្ទះ​មិត្តភ័ក្ដិ​ក៏​មាន​ដែរ»

​​​​​​​​​​​​​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ម្ចាស់​រោងចក្រ​ទឹកកក​វត្ត​ពោធិ៍វាល លោក ឡៅ ប៊ុនហាន អះអាង​ថា​ កន្លង​មក​លោក​ពុំ​បាន​ដឹង​ថា​ ប្រជាពលរដ្ឋ​ប៉ះពាល់​សុខភាព​ដោយ​លូ​បង្ហូរ​ទឹក​​របស់​រោងចក្រ​នោះ​ទេ។លោក​បញ្ជាក់​ថា​ បន្ទាប់​ពី​វេទិកា​នេះ​ទៅ​ខាង​រោងចក្រ​​នឹង​រៀបចំ​ធ្វើ​ប្រព័ន្ធ​លូ​សា​ជា​ថ្មី​ឡើង​វិញ​ ដើម្បី​បញ្ចៀស​​ការ​ប៉ះពាល់​​សុខភាព​របស់​ពលរដ្ឋ៖ «បញ្ហា​ក្លិន​ស្អុយ​ ខ្ញុំ​គិត​ថា មិន​ដល់ ៥​ឆ្នាំ​នោះ​ទេ​ បើ​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ​នេះ​មាន​ខ្លះ​មែន»

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ​ ចៅ​សង្កាត់​រតនៈ​ លោក​ សួស សុភិន​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​លូ​បង្ហូរ​ទឹក​ស្អុយ​នេះ​ មាន​ប្រមាណ ៣០​គ្រួសារ​ រស់​នៅ​ភូមិ​រំចេក៥ សង្កាត់​រតនៈ និង​ព្រះសង្ឃ​ សិស្ស​និស្សិត​ក្នុង​វត្ត​ពោធិ៍វាល មួយ​ចំនួន​ទៀត៖ «ខ្ញុំ​ជា​អាជ្ញាធរ​ដែន​ដី​អត់​បាន​ដឹង​ថា លូ​បង្ហូរ​ទឹក​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ទេ​ គឺ​ទើប​តែ​បងប្អូន​គាត់​មក​ប្រាប់​ខ្ញុំ​ថា​មាន​ក្លិន​ស្អុយ​ថ្មីៗ​នេះ​ឯង»

​​មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង​ លោក​ ហេង សាយហុង ដែល​បាន​តាម​ដាន​រឿង​នេះ មាន​ប្រសាសន៍​ថា ការ​រៀបចំ​វេទិកា​សួរ​ឆ្លើយ​រវាង​ប្រជាពលរដ្ឋ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ម្ចាស់​រោងចក្រ​ទឹកកក​នេះ​ គឺ​ជា​គំនិត​ផ្ដួចផ្ដើម​ល្អ​មួយ​របស់​ពលរដ្ឋ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ប្រជាពលរដ្ឋ​នឹង​រង់ចាំ​មើល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​នេះ ហើយ​ប្រសិន​បើ​ពុំ​ទទួល​បាន​លទ្ធផល​ទេ​ ពួកគាត់​នឹង​នាំ​គ្នា​តវ៉ា​ទៅ​សាលា​ខេត្ត​បាត់ដំបង​ ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។