លោក អេង ឆៃអ៊ាង ៖ ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ទាមទារ​ឲ្យ​មានការ​សហការ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​មិន​ប្រើ​អំពើហិង្សា​

ភ្នំពេញ: ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​ដឹកនាំ​ដោយ លោក តឹក​វណ្ណា​រ៉ា នាយក​ប្រតិបត្តិ អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGO Forum on Cambodia) នា​រសៀល ថ្ងៃទី​២​ខែមីនា ឆ្នាំ​២០១៦​នៅ​វិមាន​រដ្ឋសភា ជុំវិញ​ប្រធានបទ​មួយចំនួន ដូចជា​បញ្ហាដីធ្លី បញ្ហា​ធនធានធម្មជាតិ និង​សិទ្ធិមនុស្ស​ជាដើម​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក តឹក វណ្ណា​រ៉ា បានលើកឡើង​ពី​ករណី​មួយចំនួន ដូចជា​គម្រោង​វិនិយោគ​លើ​ធនធានធម្មជាតិ ករណី​ទំនាស់​ដីធ្លី នៅតាម​ខេត្ត ក្រុង​មួយចំនួន ដូចជា​នៅ​ខេត្ត កោះកុង ខេត្តបាត់ដំបង ខេត្តព្រះវិហារ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ក្នុង​ខេត្តស្ទឹងត្រែង ជាដើម​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍ ពី​អង្គការ​សង្គម​ស៊ីវិល​ហើយ លោក អេង ឆៃអ៊ាង បាន​គូសបញ្ជាក់ថា រដ្ឋសភា​គឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន តួនាទី​តាក់តែង និង​អនុម័ត​ច្បាប់​ភាពជា​តំណាង​ពលរដ្ឋ ដែល​ត្រូវ​ចុះ​ស្វែងយល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​តាមដាន​ការអនុវត្ត​ច្បាប់ របស់ រាជរដ្ឋាភិបាល​ជាដើម​។​

​លោក​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា បាន​លើកឡើងថា ក្នុងនាម​ប្រធាន គណៈកម្មការ​មួយ ក្នុងចំណោម​គណៈកម្មកា​រទាំង ១០ របស់​រដ្ឋសភា ឯកឧត្តម​តែងតែ​លើកឡើង​នូវ​សំណូមពរ និង​ជំរុញ​ទៅខាង​រាជរដ្ឋាភិបាល ដោះស្រាយ​បញ្ហា ឆ្លើយតប​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ក្នុងនោះ​បញ្ហាដីធ្លី​នេះ ជា​រឿង​មួយ ដែល​គណៈកម្មការ​តែង​តែ​លើកឡើង​។​

​លោក​ប្រធាន​គណៈកម្មការ បាន​មានប្រសាសន៍​បន្តថា ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ទាមទារ​ឲ្យ​មានការ​សហការ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​មាន ការចុះ​ស្រាវជ្រាវ​ស្វែងរក​ប្រភព​បញ្ហា​ដោយផ្ទាល់​។ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា ដំណោះស្រាយ​មិនអាច​ដំណើរការ ដោយ​អំពើហិង្សា នោះឡើយ​។​

​លោក អេង ឆៃអ៊ាង បាន​ទទួលយក ការព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល និង​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​សហការ ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​នាពេល​កន្លងមក​។ កង្វល់​និង​ការលើកឡើង​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល នៅពេលនេះ ឯកឧត្តម​ប្រធាន​គណៈកម្មការ​បាន​អះអាងថា​នឹង​ប្រើប្រាស់​យន្តការ​រដ្ឋសភា ដើម្បី​សម្របសម្រួល ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​៕

លោក អេង ឆៃអ៊ាង ៖ ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ទាមទារ​ឲ្យ​មានការ​សហការ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​មិន​ប្រើ​អំពើហិង្សា​

លោក អេង ឆៃអ៊ាង ៖ ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ទាមទារ​ឲ្យ​មានការ​សហការ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​មិន​ប្រើ​អំពើហិង្សា​

លោក អេង ឆៃអ៊ាង ៖ ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ទាមទារ​ឲ្យ​មានការ​សហការ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​មិន​ប្រើ​អំពើហិង្សា​